តៃវ៉ាន់​សុំ​កុំអោយ​ចិន​ប្រើ​កម្លាំង បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រមាន​អំពី​សង្គ្រាម​បើ​តៃវ៉ាន់​នៅតែ​ជំរុញ​ឯករាជ្យភាព​

2331
ចែករម្លែក

​អាជ្ញាធរ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​២៤​កក្កដា បាន​អំពាវនាវ​ចិន​កុំអោយ​ប្រើ​កម្លាំង​លើ​កោះ​ស្វ័យគ្រប់គ្រង​នេះ នៅ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​​ព្រមាន​ថា​ខ្លួន​ត្រៀម​ធ្វើសង្គ្រាម បើ​មាន​ចលនា​ឆ្ពោះទៅ​រក​ការប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​។​

​ក្រុមប្រឹក្សា​កិច្ច​ដីគោក​របស់​តៃវ៉ាន់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​ចរិត​បង្ក​រឿង​របស់​ចិន​» ប៉ះពាល់​ដល់​សន្តិភាព​កាត់​ច្រក​សមុទ្រ​និង ប្រឆាំង​នឹង​សណ្តាប់ធ្នាប់​​តំបន់​។​ក្រុមប្រឹក្សា​នេះ​ក៏​បាន​អំពាវនាវ​អោយ​ចិន​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ហុងកុង​អោយមាន​សមស្រប​។​

​មុននេះ ចិន​បាន​និយាយថា ខ្លួន​នឹង​មិន​ច្រាន​ចោល​ការប្រើ​កម្លាំង​ក្នុង​កិច្ចខិតខំ​ដើម្បី​បង្រួបបង្រួម​តៃវ៉ាន់​ជាមួយ​ចិន​ដីគោក និង​បាន​ប្តេជ្ញា​ចាត់វិធានការ​យោធា​ចាំបាច់​​គ្រប់បែប​យ៉ាង​ដើម្បី​បំបាក់​«​ពួក​បំបែក​ខ្លួន​»​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន លោក វូ គៀន បាន​និយាយថា ការ​គំរាម​អំពី​ការផ្តាច់​កោះ​តៃវ៉ាន់​កំពុង​កើនឡើង​និង​បាន​ព្រមាន​ថា អ្នក​ទាំងឡាយ​ណា​ដែល​ស្វះស្វែង​រក​ឯក​​រាជ្យ​ភាព​តៃវ៉ាន់ នឹង​ជួប​ផ្លូវ​ទាល់​។​«​បើ​មាន​នរណា​ហ៊ាន​បំបែក​តៃវ៉ាន់​ពី​ចិន កងទ័ព​ចិន​នឹង​ប្រាកដជា​ប្រយុទ្ធ ការពារ​ឯកភាព​ជាតិ​និង​បូរណភាព​ទឹកដី​របស់​ខ្លួន »​។​

​មុន​នេះ​ក្នុង​ខែកក្កដា អាម៉េរិក​បានអនុម័ត​លក់​សព្វាវុធ​តំលៃ​២,២​ពាន់​លាន​ដុល្លារ​អោយ​កោះ​តៃវ៉ាន់ ជាហេតុ​នាំ​អោយ​ចិន​ច្រឡោតខឹង​និង​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ណា​​ដែល​លក់​អាវុធ​ទាំងនេះ​។​

​ចំណែក​តៃវ៉ាន់ បាន​និយាយថា ខ្លួន​ត្រូវការ​អាវុធ​ទាំងនេះ ក្នុងពេល​មាន​កំណើន​នៃ​ការ​គំរាម​ផ្នែក​យោធា​ពី​ចិន​។​

​សូមបញ្ជាក់​ថា តៃវ៉ាន់ កោះ​ដែល​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ បាន​បែក​ចេញពី​ចិន​ដីគោក ក្រោយ​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤៩​។​ចិន​នៅ​តែ​ចាត់ទុក​កោះ​សេរី​នេះ​ជា​ផ្នែក​មួយ​នៃ​​ទឹកដី​របស់​ខ្លួន ដែល​ត្រូវតែ​បង្រួបបង្រួម​ឡើងវិញ​នៅ​ថ្ងៃ​ណាមួយ​។​

​និយាយ​ពី​អាម៉េរិក មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់​ទេ តែ​ច្បាប់​អាម៉េរិក​តំរូវអោយ​ខ្លួន​ផ្តល់​គ្រឿង​បរិក្ខា​យោធា​និង​សេវា​គ្រប់គ្រាន់​ដល់​តៃវ៉ាន់ ជា​ការការពារ​ខ្លួន​៕​ដោយ​៖​វាសនា​

យោធាចិនក្នុងពេលហ្វឹកហាត់មួយ