តៃវ៉ាន់​សុំ​ទិញ​យន្តហោះ​ថ្មី​ពី​អាមេរិក​ដើម្បី​ការពារ​ខ្លួន​ទល់នឹង​ចិន​

514
ចែករម្លែក
  • 297
    Shares

​អនុរដ្ឋមន្ត្រី​ក្រសួង​យោធា​តៃវ៉ាន់ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​ថា តៃវ៉ាន់​បាន​ធ្វើ​សំណើ​ផ្លូវការ​មួយ​ទៅ​អាមេរិក​សំរាប់​យន្តហោះ​ប្រយុទ្ធ​ថ្មីៗ​ដើម្បី​ការ​​ពារ​ខ្លួន​ទល់​នឹង​ការ​គំរាម​ខ្លាំង​ឡើង​ពី​ចិន​។​

​លោក​សេន យី​មីង​បាន​បន្ថែមថា​«​យើង​បាន​សុំ​ទិញ​យន្តហោះ​ប្រយុទ្ធ ដោយសារ​ចិន​កាន់តែ​បង្កើន​អំណាច​យោធា​របស់​ខ្លួន និង​យើង​ចាប់ផ្តើម​បាត់​តុល្យភាព​កម្លាំង​ខាង​សម​ត្ថ​​ភាព​ការពារ​ដែនអាកាស​របស់​យើង​»​។​

​សំណើ​នេះ​បើសិនជា​ត្រូវ​បាន​ទទួលយក វា​មុខ​ជា​បង្ក​ភាព​តានតឹង​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។​ចិន​ប៉េកាំង ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដែល​រង់ចាំ​ពេល​​តែ​បង្រួបបង្រួម​ជាមួយ​មហា​ចិនដីគោក​វិញ​តែ​ប៉ុណ្ណោះ ទោះ​ជា​ផ្នែក​ទាំងពីរ​ត្រូវបាន​គ្រប់គ្រង​ដាច់ដោយឡែក​ពីគ្នា​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​មួយ​នៅ​ឆ្នាំ​១៩៤៩​។​

​យន្តហោះ​F-16​ពីរ​គ្រឿង​ចេញ​ដំណើរ​ពី​មូលដ្ឋាន​ទ័ពអាកាស Chiayi​នៅ​តៃវ៉ាន់​ខាងត្បូង​ក្នុងអំឡុង​ការហោះ​បង្ហាញ​មួយ​

​ចិន​កាន់តែ​ដាក់​សម្ពាធ​ការទូត​និង​យោធា​លើ​តៃវ៉ាន់ ចាប់តាំងពី​ប្រធានាធិបតីនិយម​ឯករាជ្យភាព លោកស្រី ត្សាយ អ៊ិន​វេន បាន​ចូល​កាន់តំណែង​នៅ​ឆ្នាំ​២០១៦ ដោយ​រួម​​មាន​ការធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​នៅ​ជិត​កោះ​នេះ​ផង​។​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​ស៊ើបការណ៍​ចិន​ក៏​បាន​ចាប់ផ្តើម​ហោះ​កាន់តែ​ញឹកញាប់​ឡើង​នៅ​ជុំវិញ​កោះ​នេះ​។​

​កាលពី​ឆ្នាំមុន អាមេរិក​បាន​ធ្វើអោយ​ចិន​ខឹង​ដោយសារតែ​លក់​គ្រឿងបន្លាស់​យោធា​ទៅ​អោយ​តៃវ៉ាន់​ក្នុង​កិច្ចសន្យា​តំលៃ​៣៣០​លាន​ដុល្លារ ។​

​ដោយ​ខ្លាច​មាន​ប្រតិកម្ម​ពី​ចិន អាមេរិក​បាន​បដិសេធ​សំណើ​របស់​តៃវ៉ាន់​ម្តង​ជា​ពីរដង​ចាប់តាំងពី​ឆ្នាំ​២០០២ ដើម្បី​ទិញ​យន្តហោះ​F-16​ស៊េរី​ថ្មី​និង​យន្តហោះ F-35​។​

​កោះ​តៃវ៉ាន់​បច្ចុប្បន្ន​មាន​យន្តហោះ​ប្រយុទ្ធ​៣២៤​គ្រឿង ដោយ​ទាំងអស់​សុទ្ធតែ​ដាក់អោយ​ដំណើរការ​តាំងពី​ទសវត្សរ៍​១៩៩០ រួមមាន​F-16​របស់​អាមេរិក Mirage 2000s​របស់​បារាំង​​និង​យន្តហោះ​ប្រយុទ្ធ​IDF​របស់​តៃវ៉ាន់​ផ្ទាល់​។​តែ​ខណៈដែល​ចិន​កាន់តែ​បង្កើន​ចំណាយ​លើ​យោធា រួម​មាន​ការផលិត​យន្តហោះ​ប្រយុទ្ធ​ទំនើប​ជំនាន់​ទី​៥ កងកម្លាំង​អាកាស​តៃវ៉ាន់​​កាន់តែ​អន់ថយ​ឆ្ងាយ​ទៅ និង​ទាមទារ​ការបង្កើន​សមត្ថភាព​។​

​សំណើ​មិន​បាន​បញ្ជាក់ថា​តើ​តៃវ៉ាន់​ចង់បាន​យន្តហោះ​ប្រភេទ​ណា​ទេ តែ​សារព័ត៌មាន​ក្នុងស្រុក Apple Daily​រាយការណ៍​ថា​តៃវ៉ាន់​ស្វះស្វែង​ទិញ​យន្តហោះ​F-16V ចំនួន​៦៦​គ្រឿង​​តំលៃ​១៣​ពាន់​លាន​ដុល្លារ រួម​មាន​កាំជ្រួច ឡូ​ជី​ស្ទិក​និង​ការហ្វឹកហាត់​៕​ដោយ​៖​វាសនា​