តៃវ៉ាន់​ស្រងាកចិត្ត​នៅពេល​ដែល​ប្រទេស​មួយទៀត​នៅ​តំបន់​ប៉ាស៊ីហ្វិក ប្តូរ​ទៅ​ចង​សម្ពន្ធភាព​ជាមួយ​ក្រុង​ប៉េកាំង​វិញ​

408
ចែករម្លែក

​តៃវ៉ាន់​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​ទី​២០​ខែកញ្ញា​នេះ​បន្ទាប់​ពី​ប្រទេស​គី​រី​បាទី ដែល​ជា​ប្រទេស​កោះ​តូច​មួយ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ប្តូរ​ការទទួលស្គាល់រ​បស់​ខ្លួន​​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ជា​ការ​ចុះខ្សោយ​ផ្នែក​ការទូត​លើក​ទី​២​របស់ខ្លួន​(​តៃវ៉ាន់​) នៅ​តំបន់​ប៉ាស៊ីហ្វិក​ដែលជា​តំបន់​ជា​យុទ្ធសាស្ត្រ ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​​នោះ​។​

​ការផ្តាច់​ការទូត​នេះ​កើត​ឡើង​តែ​៤​ថ្ងៃ​បន្ទាប់ពី​ប្រទេស​កោះ​សូ​ឡូ​ម៉ុន​បាន​ធ្វើ​ការសម្រច​ចិត្ត​ដូច​គ្នា​នេះ​ហើយ​ទុក​ឱ្យ​កោះ​តៃវ៉ាន់​កាន់តែ​ឯកោ​ដោយ​នៅ​មាន​រដ្ឋ​ចំនួន​១៥ ដែល​ទទួល​​ស្គាល់​កោះ​តៃវ៉ាន់​។​

​នៅឯ​សន្និសីទកាសែត​មួយ​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តៃវ៉ាន់ លោក Joseph Wu បាន​ប្រកាស​ថា​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​នឹង​ដក​អ្នកការទូត​របស់​​ខ្លួន​ចេញ​ជា​បន្ទាន់​ហើយ​សង្ឃឹមថា​ប្រទេស​គី​រី​បាទី​នឹង​ធ្វើ​ដូច​គ្នា​។​

​លោក​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បញ្ចុះបញ្ចូល​ប្រទេស​គី​រី​បាទី​ឱ្យ​ផ្លាស់ប្តូរ​ចំណង​ការទូត​របស់​ខ្លួន ជាមួយនឹង​ការសន្យា​វិនិយោគ​និង​ផ្តល់ជំនួយ​។​

​លោក​បាន​និយាយ​បន្ថែមថា​” ប្រធានាធិបតី​គី​រី​បាទី លោក Taneti Mamau និង​មនុស្ស​មួយចំនួន​នៅ​បក្ស​របស់​លោក​មាន​ការ​នឹកគិត​រវើរវាយ​អំពី​ប្រទេស​ចិន​”​។​

​តៃវ៉ាន់​ជា​ដែន​ដី​កោះ​មាន​រដ្ឋាភិបាល​ដាច់​ដោយឡែក​ចាប់តាំងពី​ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩ ប៉ុន្តែ​ចិន​នៅតែ​ចាត់ទុក​កោះ​នេះ​ជា​ទឹកដី​របស់​ខ្លួន​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​​ដណ្តើម​យក​វា​មក​វិញ ដោយ​ប្រើ​កម្លាំង​ទ័ព ប្រសិនបើ​ចាំបាច់​នោះ​៕​ដោយ​៖​សុខា​/sn

​​នៅក្នុង​អំឡុង​ការដឹក​ដោយ​លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ មាន​រដ្ឋ​ចំនួន​៧​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ពី​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ទៅ​ភ្ជាប់​ទំនាក់ទំនង​​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង