តោះមកមើលរបៀបសម្អាតស្មាតហ្វូនឱ្យបានត្រឹមត្រូវដើម្បីការពារពីមេរោគកូវីដ១៩

267
ចែករម្លែក

អ្នកបានលាងដៃរបស់អ្នកច្រើនដងក្នុងមួយថ្ងៃដើម្បីព្យាយាមបញ្ចៀសពីមេរោគកូរ៉ូណា។

អ្នកក៏គួរលាងសម្អាតរបស់នៅជុំវិញដៃរបស់អ្នកផងដែរ ដែលជាកន្លែងបង្កាត់ពូជមេរោគ នោះគឺ ទូរស័ព្ទរបស់អ្នក។ ការធ្វើតេស្តរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា វីរុសអាចរស់បាន ២ ទៅ ៣ ថ្ងៃលើផ្លាស្ទិកនិងដែកអ៊ីណុក។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានផ្តល់អនុសាសន៍ឱ្យសម្អាតផ្ទៃដែលប៉ះពាល់ខ្ពស់រាល់ថ្ងៃ រួមមាន ទូរស័ព្ទ ក្តារចុចកុំព្យូទ័រ និង ថេប្លេត។

ប៉ុន្តែការសម្អាតទូរស័ព្ទមិនបានត្រឹមត្រូវអាចធ្វើឱ្យខូចទូរស័ព្ទ។ អ្នកចង់បញ្ចៀសកុំឱ្យមានសំណើមនៅខាងក្នុងទូរស័ព្ទឬស្នាមឆ្កូតលើផ្ទៃទូរស័ព្ទ។ កុំបាញ់ថ្នាំលាងសម្អាតដោយផ្ទាល់លើទូរស័ព្ទ កុំដុសខាត់វាផ្ទាល់ជាមួយទឹកសម្អាតមេរោគ កុំបាញ់ទឹកលាងក្តារចុចកុំព្យូទ័រលើទូរស័ព្ទ និង ចៀសវាងជូតវាដោយប្រើក្រណាត់ដែលបង្កសំណឹក។

ជំនួសមកវិញ ត្រូវចាប់ផ្តើមដោយបិទទូរស័ព្ទសិន ហើយដកខ្សែភ្លើងចេញឱ្យទាំងអស់។ ទូរស័ព្ទរបស់អ្នកមិនអាចសម្អាតទាំងកំពុងសាកភ្លើងនោះទេ។

អ្នកអាចប្រើសំឡីជ្រលក់អាល់កុល ៧០ ភាគរយជូតទូរស័ព្ទរបស់អ្នក។ ក្រុមហ៊ុន Apple ព្រមានមិនឱ្យប្រើក្រណាត់ជូតផ្សេងៗមកលើទូរស័ព្ទនោះទេ ហើយបើជូតគឺត្រូវជូត “ថ្នមៗ”។

អ្នកក៏អាចប្រើសាច់ក្រណាត់ទន់ៗណាមួយដើម្បីសម្អាតទូរស័ព្ទក៏បានដែរដូចជាក្រណាត់មីក្រូហ្វៃបឺឬក្រណាត់សម្រាប់ប្រើដើម្បីសម្អាតកញ្ចក់កាមេរ៉ាឬវ៉ែនតារបស់អ្នក។ ក្រុមហ៊ុន Google និយាយថាអ្នកអាចជ្រលក់ក្រណាត់ទន់ៗក្នុងសាប៊ូនិងទឹករួចយកមកជូតលើទូរស័ព្ទ តែត្រូវប្រយ័ត្នកុំឱ្យមានសំណើមនៅក្នុងទូរស័ព្ទ។ ក្រុមហ៊ុន AT&T និយាយថា ក្រដាសអនាម័យក៏អាចដំណើរការបានដែរ។ អ្នកអាចបាញ់ថ្នាំទឹកថ្នាំសម្លាប់មេរោគលើក្រដាសអនាម័យ មុននឹងជូតលើទូរស័ព្ទ។ ជាថ្មីម្តងទៀតកុំបាញ់ថ្នាំសម្លាប់មេរោគលើទូរស័ព្ទដោយផ្ទាល់៕ ដោយ៖ កញ្ញាដាលីស