តោះ​ទៅ​មើល​ដ្រូ​ន​អាម៉េរិក ដែល​អ៊ីរ៉ង់​បាញ់​ធ្លាក់ មាន​សមត្ថភាព​ខ្ពស់​កម្រិតណា​

788
ចែករម្លែក

ដ្រូ​ន Global Hawk ដែល​បាញ់​ទម្លាក់​ដោយ​អ៊ីរ៉ង់ គឺជា​ដ្រូ​ន​ស៊ើបការណ៍​នៅ​កម្ពស់​ខ្ពស់​គ្មាន​មនុស្ស​បើក ដែលមាន​សមត្ថភាព​បញ្ជូន​រូបភាព​មានគុណ​ភាព​ខ្ពស់​បាន​ជាង ៣០ ម៉ោង​។​

​ដ្រូ​ន​ឈ្មោះ​ពេញ​ថា RQ-4 Global Hawk បាន​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០០១ ហើយ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​កងកម្លាំង​ទ័ពអាកាស​អាម៉េរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ាក់ និង​ស៊ី​រី​។​

​ដ្រូ​ន​នេះ​ត្រូវបាន​បញ្ជា​ឱ្យ​ហោះហើរ​ពី​ចម្ងាយ​ដោយ​ពី​ឡុ​ត​ដ្រូ​ន​ពី​មូលដ្ឋាន​កងទ័ពអាកាស​នៅ​តំបន់​បៀ​ល (Beale) រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​តំបន់​ហ្គ្រែ​ន​ហ្វូ​ក (Grand Forks) រដ្ឋ​ន័​រ​ដា​កូតា​។​

​កងទ័ពអាកាស​អាម៉េរិក​ត្រូវបាន​បំពាក់​ដោយ​ដ្រូ​ន​ទំនើប​បំផុត​ឈ្មោះ RQ-4B​។​

​កងជើង​ទឹក​អាម៉េរិក​ពឹងផ្អែក​លើ​ដ្រូ​ន​ម៉ូ​ដែល​ចាស់ៗ ខណៈ​កំពុង​រង់ចាំ​គំរូ​ដ្រូ​ន​ទំនើប MQ-4 Triton ដំណើរការបាន​ពេញលេញ​សិន​។​

​យោងតាម​កងទ័ពជើងទឹក​អាម៉េរិក វា​គឺជា​ដ្រូ​ន​ដ៏​ចាស់​បំផុត​មួយ​ដែល​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​លពី​ដី​ទៅលើ​អាកាស​របស់​អ៊ីរ៉ង់​នៅលើ​ច្រក​សមុទ្រ​ហ័​រ​មូស​។​

​សាងសង់​ដោយ​ក្រុមហ៊ុន Northrop Grumman ដ្រូ​ន Global Hawk មាន​ប្រវែង ១៤,៥ ម៉ែត្រ និង ច្រមុះ​ធំ ដែល​ផ្តល់ឱ្យ​វា​នូវ​រូបរាង​ដូច​ត្រី​បា​ឡែ​ន​។​

​វា​មាន​ស្លាប​ប្រវែង ៤០ ម៉ែត្រ និង​ត្រូវបាន​បំពាក់​ពេញ​ទៅដោយ​ឧបករណ៍​រ៉ា​ដា​ទំនើបៗ និង​ម៉ាស៊ីន​ថត​មាន​គុណភាព​ខ្ពស់​។​

​វា​អាច​ហោះ​ឡើងលើ​មេឃ​ដល់​កម្ពស់​អតិបរមា ១៨,៣ គីឡូម៉ែត្រ និង​អាច​ហោះហើរ​បាន​ចម្ងាយ ២២.៧៨០ គីឡូម៉ែត្រ​។​

​ក្រុមហ៊ុន Northrop Grumman និយាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា “​គុណភាព​រូបភាព​ខ្ពស់​ធ្វើឱ្យ​វា​អាចបែងចែក​ប្រភេទ​យានយន្ត យន្តហោះ មនុស្ស និង មី​ស៊ី​ល​ផ្សេងៗ និង​មើលឃើញ​ក្នុង​អាកាសធាតុ​មិន​អំណោយផល នៅពេល​ថ្ងៃ​ឬ​យប់​”​។​

​យោងតាម​តួលេខ​ផ្លូវការ​បានឱ្យដឹងថា ដ្រូ​ន Global Hawk គឺជា​បំណែ​កមួយ​នៃ​គ្រឿង​បរិក្ខារ​ថ្លៃ​បំផុត​នៅក្នុង​ឃ្លាំង​អាវុធ​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​តម្លៃ ១២៣ លាន​ដុល្លារ​ក្នុង​មួយគ្រឿង​។​

​ដ្រូ​ន Global Hawk មិនមាន​បំពាក់អាវុធ​ទេ ពោលគឺ​សម្រាប់តែ​ស៊ើបការណ៍​សម្ងាត់​ប៉ុណ្ណោះ​។​

​កងទ័ពជើងទឹក​អាម៉េរិក​នឹង​ស្វែងរក​កម្ទេចកម្ទីរ​ដ្រូ​ន​មួយ​នេះ​ដើម្បី​ទប់ស្កាត់​វា​កុំឱ្យ​ធ្លាក់​ទៅក្នុង​ដៃ​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស/Ha

ដ្រូ​ន Global Hawk មានតម្លៃ ១២៣ លាន​ដុល្លារ