តោះ​មក​មើល​ចិន​និង​អាម៉េរិក​សម្ញែង​សមត្ថភាព​មី​ស៊ី​ល​រៀងៗ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង តើ​មួយណា​ខ្លាំង​ជាង​?

1044
ចែករម្លែក

​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​កាន់កាប់​កោះមាន​ជម្លោះ​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង ជីក​កកាយ​ថ្ម​ប៉ប្រះ​ទឹក​និង​ផ្កាថ្ម​ជិត​ផុត​ពូជ និង​សាងសង់​កោះ​សិប្បនិម្មិត​លើ​ថ្ម​ទាំងនោះ ដើម្បី​សាងសង់​វាល​ចត​យន្តហោះ​និង​បន្ទាយ​ទាហាន និង​ដំឡើង​ជើង​ទម្រ​បាញ់​មី​ស៊ី​លប​ញ្ជា​ទិស​និង​ប្រព័ន្ធ​ការពារ​អាកាស​។​

​យោធា​ចិន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រឆាំង​នាវា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពីដើម​ខែកក្កដា​ឆ្នាំ ២០១៩ ផងដែរ​។​

​ការសាកល្បង​មី​ស៊ី​ល​នេះ​បាន​គូសបញ្ជាក់​ពី​ការបង្កើន​កម្លាំងយោធារ​បស់​ទីក្រុង​ប៉េកាំង​នៅលើ​ដែនទឹក​សម្បូរ​ធនធាន​នេះ ដែល​កំពុង​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​ជាច្រើន​ទៀត​។​

​សារព័ត៌មាន NBC News បាន​រាយការណ៍​កាលពី​ថ្ងៃទី ១ ខែកក្កដា​ឆ្នាំ ២០១៩ ដោយ​ដកស្រង់​សម្តី​មន្ត្រី​អាម៉េរិក​ដែល​ដឹង​អំពី​ការសាកល្បង​នេះ​យ៉ាង​ដូច្នេះ​ថា “​ចិន​បានធ្វើ​ការសាកល្បង​លើកដំបូង​កាលពី​ចុង​សប្តាហ៍ ដោយ​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់​មួយ​គ្រាប់​ចូលទៅក្នុង​សមុទ្រ​។ រយៈពេល​នៃ​ការសាកល្បង​នៅតែ​បើកចំហ​រហូតដល់​ថ្ងៃទី ៣ ខែកក្កដា ហើយ​មន្ត្រី​រំពឹងថា យោធា​ចិន​នឹងធ្វើ​តេស្ត​ម្តងទៀត​មុនពេល​វា​ត្រូវ​បិទ​”​។​

NBC News បាន​រាយការណ៍​ថា គ្មាន​នាវា​កងទ័ពជើងទឹក​អាម៉េរិក​ណាមួយ​បាន​ស្ថិតនៅក្នុង​តំបន់​នោះឡើយ នៅពេល​មី​ស៊ី​ល​បាន​បាញ់​សាកល្បង​។ ទោះយ៉ាងណា មន្ត្រី​រូបនោះ​នៅតែ​ពណ៌នា​ព្រឹត្តិការណ៍​នោះ​ថា “​គួរឱ្យ​បារម្ភ​”​។​

​កងទ័ពជើងទឹក​អា​ម៉ែ​រិ​ក​តែងតែ​បើក​នាវាចម្បាំង​ឆ្លងកាត់​ដែនទឹក​អន្តរជាតិ​ក្បែរ​កោះ​ដែលមាន​កំពែង​ការពារ​រឹងមាំ​ទាំងនោះ​ដើម្បី​ធានា​ការពារ​សិទ្ធិ​របស់ខ្លួន​ក្នុង​ការធ្វើ​នាវាចរណ៍​លើ​ដែនទឹក​ដែល​បើកទូលាយ​។ ប្រតិ​ប​ត្ដិ​ការ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ឬ​ហៅ​កាត់​ថា FONOP តែងតែ​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​ទីក្រុង​ប៉េកាំង​។​
 
​នៅ​ខែមករា​ឆ្នាំ ២០១៩ ចិន​បានដាក់​ពង្រាយ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រឆាំងនឹង​នាវា​ទៅកាន់​តំបន់​ខ្ពង់រាប​ភាគ​ពាយព្យ​របស់​ប្រទេស​ក្នុងការ​ប៉ុនប៉ង​ដើម្បី​ការពារ​កោះ​ទាំងនោះ​ពី​មី​ស៊ី​ល​របស់​កងទ័ពជើងទឹក​អាម៉េរិក​។​

​កងកម្លាំង​រ៉ុក្កែត​របស់​កងទ័ព​រំដោះប្រជាជន​ចិន​បានដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រឆាំង​នាវា​ប្រភេទ DF-26 ជាច្រើន​គ្រឿង នៅក្បែរ​ជួរ​ភ្នំ​អាល់​សា​ក្នុង​តំបន់​ម៉ុង​ហ្គោ​លី​ក្នុង​របស់​ចិន​។ នេះ​បើ​យោងតាម​វេ​ប​សាយ Jane’s រាយការណ៍​ដោយ​ផ្អែកលើ​រូបភាព​ផ្កាយរណប​ថត​បាន​នៅ​ថ្ងៃទី ៩ មករា ឆ្នាំ​២០១៩​។​

​ការដាក់​ពង្រាយ​នេះ​តាម​ដឹង​គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​វត្តមាន​របស់​នាវាចម្បាំង​របស់​កងទ័ពជើងទឹក​អាម៉េរិក​នៅក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៅ​ថ្ងៃទី ៧ ខែមករា​ឆ្នាំ ២០១៩ ។ នាវា​ពិឃាត USS McCampbell បាន​បើក​ក្បែរ​ប្រជុំ​កោះ​នោះ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ FONOP​។​

​ចិន វៀតណាម និង​តៃវ៉ាន់​សុទ្ធតែ​អះអាងថា​កាន់កាប់​ប្រជុំ​កោះប៉ា​រ៉ា​សែ​ល ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១.០៤៦ គីឡូម៉ែត្រ​ពី​កោះ​ហៃ​ណាន​របស់​ចិន​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចិន​បាន​ជីក​កកាយ​ថ្ម​ប៉ប្រះ​ទឹកជា​ច្រើន​នៅក្នុង​ប្រជុំ​កោះ​ប៉ារ៉ា​សែ​ល​ដើម្បី​សាងសង់​ប៉ុស្តិ៍​យោធា​នៅលើ​នោះ​។​

​កាសែត​រដ្ឋ​ចិន Global Times បាន​ពណ៌នា​វត្តមាន​នាវា McCampbell នៅក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ថា​ជា “​ការរំលោភបំពាន​”​។​

​លោក​អនុសេនីយ៍ទោ រ៉ា​ឆែ​ល ម៉ាក​ម៉ា អ្នកនាំពាក្យ​របស់​កង​នាវាចរណ៍​ប៉ាស៊ីហ្វិក​អាម៉េរិក​បាន​ប្រាប់​វេ​ប​សាយ​របស់​វិទ្យាស្ថាន​នាវាចរណ៍​អាម៉េរិក​ថា “​នាវា McCampbell បានធ្វើ​ដំណើរ​ក្នុង​ចម្ងាយ ២២ គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​ប៉ារ៉ា​សែ​ល​ដើម្បី​ប្រឆាំងនឹង​ការអះអាង​កាន់កាប់​ដែនសមុទ្រ​ច្រើន​ហួស​កម្រិត និង ការពារ​ផ្លូវទឹក ដែល​គ្រប់គ្រង​ដោយ​ច្បាប់​អន្តរជាតិ​”​។​

​មី​ស៊ី​ល DF-26 គឺជា​មី​ស៊ី​ល​ប្រឆាំង​នាវា​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ចិន​។ វា​មាន​កម្ពស់ ១៤ ម៉ែត្រ និង​ទម្ងន់ ២០ តោន​។ មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​បាន​និយាយថា “​មី​ស៊ី​ល DF-26 មាន​រចនា​ប​ថ​ជា​រាង​បំពង់​” មានន័យថា ជើង​ទម្រ​សម្រាប់​បាញ់​មី​ស៊ី​ល​នេះ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពីរ​ប្រភេទ​និង​ក្បាល​គ្រាប់​ធម្មតា​ជាច្រើន​ប្រភេទ​។

​ជាមួយនឹង​ចម្ងាយ​បាញ់​បាន​រហូតដល់ ៤.០៤៣ គីឡូម៉ែត្រ និង​បន្ទុក​ក្បាល​គ្រាប់​ទម្ងន់ ១.៨១៤ គីឡូក្រាម​ជាមួយ​ផ្កាយរណប​ជា​អ្នកកំណត់​គោលដៅ​ដល់​មី​ស៊ី​ល DF-២៦ នោះ​បានន័យថា​វា​អាច​វាយប្រហារ​នាវាចម្បាំង​អាម៉េរិក​ទាំងអស់​នៅ​ទូទាំង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​។ អ្នកជំនាញ​ខាង​យោធា​មិន​បញ្ចេញ​ឈ្មោះ​ម្នា​ក់បាន​ប្រាប់​កាសែត Global Times ថា “​សូម្បី​ពេល​បាញ់​ចេញពី​តំបន់​ដីគោក​ជ្រៅ​នៃ​ប្រទេស​ចិន ក៏​មី​ស៊ី​ល DF-26 នៅតែមាន​រយៈ​ចម្ងាយ​គ្រប់គ្រាន់​ដើម្បី​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​”​។​

​មី​ស៊ី​ល DF-26 អាច​នឹង​ងាយ​រងគ្រោះ​ពី​ប្រព័ន្ធ​ការពារ​អាកាស​ចុងក្រោយ​របស់​អាម៉េរិក​។ តាម​ទ្រឹស្តី មី​ស៊ី​លបាញ់​ស្កាត់ SM-6 របស់​កងទ័ពជើងទឹក​អាម៉េរិក​គឺមាន​សមត្ថភាព​បាញ់​ទម្លាក់​មី​ស៊ី​ល DF-26 ជា​ពីរ​ដំណាក់កាល​នៃ​ការហោះហើរ​របស់​វា គឺ​ភ្លាមៗ​បន្ទាប់ពី​បាញ់​ចេញ និង បាញ់​ម្តងទៀត​នៅ​ដំណាក់​កាលដែល​មី​ស៊ី​ល​ចិន​បង្កើនល្បឿន​ឆ្ពោះទៅរក​គោលដៅ​។​

​យោងតាម​ទីភ្នាក់ងារ​មី​ស៊ី​ល​ការពារជាតិ​អាម៉េរិក​បានឱ្យដឹងថា មី​ស៊ី​ល ដែល​បំពាក់​លើ​នាវាចម្បាំង​និង​នាវា​ពិឃាត​របស់​ទ័ពជើងទឹក​អាម៉េរិក​ទាំងអស់ បានបញ្ចប់​ការសាកល្បង​ជោគជ័យ​ចំនួន ៣ លើក​នៅ​ឆ្នាំ ២០១៥, ២០១៦ និង ២០១៧​។

​ក្នុងពេល​ចល័ត​ជើង​ទម្រ​បាញ់​មី​ស៊ី​ល DF-26 ចំនួន ១២ គ្រឿង​ទៅកាន់​តំបន់​ម៉ុង​ហ្គោ​លី​ក្នុង ដែលមាន​ចម្ងាយ​ប្រមាណ ៣.២២០ គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ចិន​គឺមាន​គោលបំណង​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ពី​ការបាញ់​ស្ទាក់ចាប់​នៅ​ដំណាក់កាល​ដំបូង​។ កាសែត Global Times បាន​ដកស្រង់​សម្តី​អ្នកជំនាញ​ខាង​យោធា​នៅ​ក្រុង​ប៉េកាំង ដោយ​និយាយថា “​ការបាញ់​មី​ស៊ី​ល​ចេញពី​ជើង​ទម្រ​ចល័ត​ពី​ក្នុង​ទឹកដី​ជ្រៅ​នៅក្នុង​ប្រទេស​ចិន គឺ បង្ក​ការលំបាក​ក្នុង​ការបាញ់​ស្ទាក់​”​។​

​មី​ស៊ី​ល SM-6 អាចធ្វើ​ដំណើរ​បានតែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ប្រសិនបើ​ចិន​វាយប្រហារ​នាវាចម្បាំង​អាម៉េរិក​ចេញពី​មូលដ្ឋាន​មី​ស៊ី​ល​នៅ​ម៉ុង​ហ្គោ​លី​ក្នុង នោះ​ឱកាស​តែមួយគត់ ដែល​នាវាចម្បាំង​អាម៉េរិក​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​ចិន​បាន​គឺ នៅ​អំឡុង​ដំណាក់កាល​ហោះហើរ​លើក​ទី​ពីរ​របស់​មី​ស៊ី​ល​នេះ​។​

​អ្នកជំនាញ​ម្នាក់​បាន​ប្រាប់​កាសែត Global Times ថា ការបាញ់​ស្ទា​ក់នៅ​ដំណាក់កាល​ទី​ពីរ​គឺមាន​ការលំបាក​ជាង​ការបាញ់​ស្ទា​ក់នៅ​ដំណាក់កាល​ទីមួយ​។ អ្នកជំនាញ​នោះ​និយាយថា “​បន្ទាប់ពី​មី​ស៊ី​ល​ចូល​ដំណាក់កាល​បន្ទាប់ ល្បឿន​របស់​វា​គឺ​លឿន​ខ្លាំងណាស់ ដូច្នេះ​ឱកាស​នៃ​ការបាញ់​ស្ទាក់​គឺមាន​ទាប​ខ្លាំងណាស់​”​។​

​ទោះបី​នាវាចម្បាំង​អាម៉េរិក​មិនអាច​បាញ់​ទម្លាក់​មី​ស៊ី​ល DF-26 បាន​ក៏ដោយ ក៏ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា​តើ​មី​ស៊ី​ល​ចិន​អាច​បាញ់​ចំ​កប៉ាល់​ដែល​កំពុង​ធ្វើ​បំលាស់​ទី​នៅ​សមុទ្រ​ពី​ចម្ងាយ ៣.២២០ គីឡូម៉ែត្រ​ឬ​យ៉ាងណា​។ CSIS បាន​ពន្យល់ថា “​សមត្ថភាព​បាញ់​ច្បាស់​ចំ​គោលដៅ​របស់​មី​ស៊ី​ល DF-26 គឺ​មិន​ប្រាកដប្រជា​នោះទេ​” ជាមួយ​អ្នកជំនាញ​ជាច្រើន​បាន​ប៉ាន់ស្មាន​អំពី​ប្រូ​បាប​នៃ​កំហុស​គោលដៅ​របស់​មី​ស៊ី​ល​នេះ​នៅ​ចន្លោះ​ចម្ងាយ​ពី ១៥០ ទៅ ៤៥០ ម៉ែត្រ​។​

​ក្នុងករណី​ណាក៏ដោយ ចិន​បានរៀបចំ​មូលដ្ឋាន​មី​ស៊ី​ល​របស់ខ្លួន​នៅក្បែរ​ជួរ​ភ្នំ​អាល់​សា​សម្រាប់​មី​ស៊ី​ល​ជាច្រើន​ដើម​ទៀត​។ វេ​ប​សាយ Jane’s បាន​រាយការណ៍​ថា “​ជួរ​ភ្នំ​នេះ​មាន​បន្ទាយ​ទាហាន កន្លែង​ផ្ទុក​គ្រាប់​មី​ស៊ី​ល និង ឃ្លាំង​ស្តុក​មួយ ព្រមទាំង​ទីតាំង​សម្រាប់​ដាក់​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ជាង ១០០ កន្លែង ត្រៀមលក្ខណៈ​រួចជាស្រេច​។​

​កាសែត​ហុងកុង South China Morning Post បានចង្អុលបង្ហាញ​ថា មូលដ្ឋាន​នៅ​ជួរ​ភ្នំ​អាល់​សា គឺ​ស្ថិតនៅ​ចម្ងាយ​ឆ្ងាយ​ពី​ការរកឃើញ​ដោយ​រ៉ា​ដា​របស់​អាម៉េរិក​នៅក្នុង​តំបន់​។​

​គេ​ដឹង​មិន​ច្បាស់​ទេ​ថា​តើ​មី​ស៊ី​ល​ដែល​ចិន​បាញ់​សាកល្បង​កាលពី​ខែកក្កដា​ឆ្នាំ ២០១៩ ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​បាញ់​ចេញពី​ជួរ​ភ្នំ​អាល់​សា​ឬ​យ៉ាងណា​។ ទោះយ៉ាងណា​ក្តី ការបាញ់​សាកល្បង​នេះ​បានបង្ហាញ​ពី​ភាពខ្លាំង​ខាង​យោធា​របស់​ក្រុង​ប៉េកាំង​និង​ការដោះស្រាយ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​មន្ត្រីជាន់ខ្ពស់​ចិន​លោ​កចូវ ប៉ាវ បាន​ប្រាប់​ទូរទស្សន៍ CNBC កាលពី​ខែមិថុនា​ឆ្នាំ ២០១៩ ថា “​ប្រទេស​ចិន​ចាំបាច់​ត្រូវតែមាន​ប្រព័ន្ធ​អាវុធ​ជា​ចាំបាច់​ដើម្បី​ការពារ​កោះ​និង​ថ្ម​ប៉ប្រះ​ទឹក​ទាំងនោះ ដែល​យើង​ជឿថា​ជា​ទឹកដី​របស់​ចិន​”៕ ដោយ៖ កញ្ញាដាលីស

មី​ស៊ី​ល DF-26 របស់​ចិន
#