តោះ​មក​មើល​ថ្នាក់ដឹកនាំ​ថ្មី​របស់​ស្រីលង្កា ដែល​អ្នក​កាន់តំណែង​ធំៗ​ជា​វង្ស​ត្រកូល​គ្រួសារ​បងប្អូន​ទាំងអស់

200
ចែករម្លែក
ប្រធានាធិបតី​ថ្មី​លោក​ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា (​ស្តាំ​) តែងតាំង​បងប្រុស​ឈ្មោះ ម៉ា​ហ៊ី​ន​ដា (​ឆ្វេង​) អតីត​ប្រធានាធិបតី ធ្វើជា​នាយករដ្ឋមន្ត្រី

​ប្រទេស​ស្រីលង្កា​គ្រោង​នឹងមាន​រដ្ឋាភិបាល​ដំបូង​របស់ខ្លួន​ដែល​គ្រប់គ្រង​ដោយ​បងប្អូន​បង្កើត​សុទ្ធសាធ នៅពេលដែល​ប្រធានាធិបតី ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា តែងតាំង​បងប្រុស​របស់គាត់​ឈ្មោះ ម៉ា​ហ៊ី​ន​ដា ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​វិច្ឆិកា​នេះ ដោយ​ផ្តល់ឱ្យ​ត្រកូល​ដ៏​មានអំណាច​បំផុត​រូបនេះ​នូវ​រសជាតិ​ទី​ពីរ​នៃ​ការ​កាន់អំណាច​។​

​លោក​ម៉ា​ហ៊ី​ន​ដា​បាន​ធ្វើជា​ប្រធានាធិបតី​អស់​រយៈពេល​មួយ​ទសវត្សរ៍​រហូតដល់​ឆ្នាំ ២០១៥ ដែល​ក្នុងអំឡុង​ពេលនោះ​ក្រុមគ្រួសារ​នេះ​បាន​គ្រប់គ្រង​ថវិកាជាតិ​ជាង ២ ភាគ ៣​។ លោក​ហ្គោ​តា​បា​យ៉ា គ្រា​នោះបាន​គ្រប់គ្រង​កងកម្លាំង​សន្តិសុខ​។​

​សមាជិកគ្រួសារ​ជាច្រើន​នាក់​ទៀត​ត្រូវបានតែងតាំង​ក្នុង​ស្ថាប័នរដ្ឋ​សំខាន់ៗ​ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​និង​សាជីវកម្ម​រដ្ឋ​នានា​។ សាច់ញាតិ​ជិតស្និទ្ធ​ដទៃទៀត​ក៏ត្រូវ​បានតែងតាំង​ឱ្យ​ឡើងកាន់តំណែង​ការទូត​កំពូល​នៅតាម​បណ្តា​រដ្ឋធានី​បរទេស​ផងដែរ​។​

​នេះ​គឺជា​សមាជិក​សំខាន់ៗ​នៃ​រជ្ជកាល​ដឹកនាំ​ត្រកូល​រ៉ា​ចា​ប៉ាក់​សា ៖

  • មេ​គ្រួសារ​
លោក​ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា អតីត​ប្រធានាធិបតី ដែលមាន​ស្នាដៃ​កម្ចាត់​ក្រុម​ឧទ្ទាម​តា​មិ​ល

​លោក ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា អាយុ ៧៤ ឆ្នាំ​គឺជា​មេ​គ្រួសារ​។ ដំបូង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ ២០០៤ ហើយ​បន្ទាប់មក​ក្លាយជា​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ ២០០៥ រហូតដល់​ខែមករា​ឆ្នាំ ២០១៥​។ មានឈ្មោះ​ល្បីល្បាញ​ជា​មេដឹកនាំ​ដែលមាន​មន្ត​ស្នេហ៍ គាត់​ត្រូវបាន​គោរព​ដោយ​ប្រជាជន​កាន់សាសនា​ព្រះពុទ្ធ​ស៊ីន​ហា​ឡា ចំពោះ​ការកម្ទេច​ពួក​ឧទ្ទាម​តា​មិ​ល​ផ្តាច់ខ្លួន​កាលពី​ខែឧសភា​ឆ្នាំ ២០០៩ បន្ទាប់ពី​ការវាយលុក​ដោយ​យោធា​ដ៏​ចម្រូងចម្រាស​។​

​ក្នុងអំឡុង​ការគ្រប់គ្រង​របស់គាត់ ស្រីលង្កា​បាន​ងាក​ទៅ​កៀក​ចិន ដោយ​ខ្ចីប្រាក់​ជិត ៧ ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​ភាគច្រើន​បាន​ប្រែ​ទៅជា​គម្រោង​អត់​ប្រយោជន៍ ដោយសារតែ​ការជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដែល​បានធ្វើឱ្យ​បំណុល​ស្រីលង្កា​កាន់តែ​កើនឡើង​។​

  • អ្នកកម្ទេច​
ប្រធានាធិបតី​ថ្មី​លោក​ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា មាន​រហស្សនាម​ថា “​អ្នកកម្ទេច​”

​លោក​ហ្គេ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា អាយុ ៧០ ឆ្នាំ​គឺជា​អនុ​សេនីយ​ដ៏​សំខាន់​ម្នាក់​របស់លោក​ម៉ា​ហ៊ី​ន​ដា​អំឡុងពេល​បំពេញការងារ​របស់គាត់​។ គាត់​បាន​កាន់​តួនាទី​ដ៏​មានអំណាច​ក្នុងនាម​ជា​អនុ​លេខាធិកា​ក្រសួងការពារជាតិ​និង​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​កងក​ម្លាំ​ង​ប្រដាប់អាវុធ​និង​ប៉ូលិស​ប្រចាំថ្ងៃ​។​

​ដោយ​គ្រួសារ​គាត់​ដាក់​រហស្សនាម​ឱ្យ​ថា “​អ្នកកម្ទេច​” រូបគាត់​ត្រូវបាន​ខ្លបខ្លាច​ខ្លាំង​ដោយ​ពួក​សត្រូវ​ក៏ដូចជា​ពួក​មន្ត្រី​ចំពោះ​ការ​គ្រប់​គ្រប់បែប​ផ្តាច់ការ​និង​ភាព​ឆេវឆាវ​របស់គាត់​ក្នុងអំឡុងពេល​លោក​ម៉ា​ហ៊ី​ន​ដា​ធ្វើជា​ប្រធានាធិបតី​។ គាត់​បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​អំពើពុករលួយ​ជាច្រើន​ក៏ដូចជា​រឿងក្តី​នានា​នៅ​តុលាការ ហើយ​បច្ចុប្បន្ន​គាត់​កំពុង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ទោះយ៉ាងណា គ្មាន​ការកាត់ទោស​ណាមួយ​អាច​ដំណើរការ​បានទេ ព្រោះ​ឥឡូវនេះ​គាត់​កាន់តំណែង​ជា​ប្រធានាធិបតី​។​

  • “​លោក​ដប់​ភាគរយ​”
លោក បា​ស៊ី​ល រ៉ា​ចា​ប៉ាក់​សា អ្នករៀបចំ​យុទ្ធសាស្ត្រ​នយោបាយ ជួយ​ឱ្យ​លោក​ហ្គោ​ថា​បា​យ៉ា​ឈ្នះឆ្នោត

​លោក បា​ស៊ី​ល រ៉ា​ចា​ប៉ាក់​សា អាយុ ៦៨ ឆ្នាំ​ល្បី​ជា​អ្នករៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​និង​គ្រប់គ្រង​សេដ្ឋកិច្ច​ក្រោម​ការគ្រប់គ្រង​របស់លោក​ម៉ា​ហ៊ី​ន​ដា​។ គាត់​ត្រូវបាន​គេ​ហៅថា “​លោក​ដប់​ភាគរយ​” នៅក្នុង​បទសម្ភាសន៍​របស់ BBC ដោយ​សំដៅ​ទៅលើ​កម្រៃជើងសារ ដែល​គាត់​បាន​យក​ពី​កិច្ចសន្យា​រដ្ឋាភិបាល​។​

​ប៉ុន្តែ​រដ្ឋបាល​ក្រោយៗ​ឡើងមក មិនមាន​ភស្តុតាង​ដើម្បី​សបញ្ជាក់​ចំពោះ​ការចោទប្រកាន់​ណាមួយ​ថា​លោក​បាន​ប្រមូលប្រាក់​រាប់លាន​ដុល្លារ​ពី​ឃ្លាំង​លុយ​រដ្ឋ​នោះទេ​។ គាត់​នៅតែ​ប្រឈមមុខ​នឹង​ការកាត់ទោស​ជាច្រើន​ចំពោះ​អំពើពុករលួយ​និង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មិនអាច​ពន្យល់បាន​។​

​បុរស​សញ្ជាតិ​ពីរ​អាម៉េរិក​និង​ស្រីលង្កា​រូបនេះ​ត្រូវបាន​ទុកចោល​នៅក្រៅ​តំណែង​ជាប់​តាម​ការបោះឆ្នោត​ស្របតាម​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៥ ដែល​រារាំង​អ្នក​ដែលមាន​សញ្ជាតិ​ពីរ​មិនឱ្យ​ឈរឈ្មោះ​ប្រជែង​អំណាច​។ គាត់​ត្រូវបានគេទទួលស្គាល់​ថា​ជា​បុរស​សំខាន់ ដែល​បាន​ជួយ​នាំមក​នូវ​ជ័យ​ជំ​ម្នះ​ការបោះឆ្នោត​របស់លោក​ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

  • អង្គរក្ស
លោក​ណា​ម៉ា​ល់ រ៉ា​ចា​ប៉ាក់​សា អ្នក​ស្នង​ត្រកូល រ៉ា​ចា​ប៉ាក់​សា

​លោក ចា​ម៉ា​ល់ រ៉ា​ចា​ប៉ាក់​សា អាយុ ៧៧ ឆ្នាំ​គឺជា​ប្រធានសភា​ស្រីលង្កា នៅពេល​ប្អូនប្រុស​របស់លោក គឺ​ម៉ា​ហ៊ី​ន​ដា​ធ្វើជា​ប្រធានាធិបតី​។ គាត់​ក៏​ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​ដឹក​ជ​ញ្ចូ​ន​និង​អាកាសចរណ៍​ផងដែរ​ហើយ​គាត់​បាន​កាន់តំណែង​ជាច្រើន​ទៀត​ចាប់តាំងពី​ចូល​សភា​ក្នុង​ឆ្នាំ ១៩៨៥​។​

​កាល​នៅ​ធ្វើជា​មន្ត្រីប៉ូលិស គាត់​ធ្លាប់​បម្រើការ​ជា​អង្គរក្ស​ផ្ទាល់ខ្លួន​របស់លោក​ស្រី សិរី​ម៉ា បាន់​ដា​រ៉ា​ណៃ​កេ ដែលជា​នាយករដ្ឋមន្ត្រី​ស្រី​ដំបូងបង្អស់​របស់​ពិភពលោក​។ គាត់​មិនបាន​ប្រឈមមុខ​នឹង​ការកាត់ទោស​ណាមួយ​ទេ​។​

  • អ្នក​ស្នង​ត្រកូល​

​លោក​ណា​ម៉ា​ល់ រ៉ា​ចា​ប៉ាក់​សា អាយុ ៣៣ ឆ្នាំ ដែលមាន​អាជីព​ជា​មេធាវី គឺជា​អ្នក​ស្នង​ត្រកូល​និង​ជា​កូនប្រុស​ច្បង​របស់លោក​ម៉ា​ហ៊ី​ន​ដា​។ គាត់​បាន​ចូល​សភា​ក្នុង​ឆ្នាំ ២០១០ នៅ​អាយុ ២៤ ឆ្នាំ ក្លាយជា​សមាជិកសភា​វ័យក្មេង​ជាងគេ​នៅក្នុង​រដ្ឋសភា​ដែលមាន​សមាជិក ២២៥ នាក់​។​

​ក្នុងអំឡុង​ការ​កាន់អំណាច​មួយ​ទសវត្សរ៍​របស់​ឪពុក​គាត់ លោក​ណា​ម៉ា​ល់​មាន​ឥទ្ធិពល​ខ្លាំងណាស់ ទោះបីជា​គាត់​មិនបាន​កាន់តំណែង​ណាមួយ​ក៏ដោយ​។ ក្នុង​របប​មុន គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​និង​អំពើពុករលួយ​ផ្សេងទៀត ហើយ​បច្ចុប្បន្ន​គាត់​កំពុង​នៅក្រៅ​ឃុំ​៕