តោះ​មក​មើល​ប្រទេស​តូច​បំផុត​ទាំង​១០​លើ​ពិភពលោក​

483
ចែករម្លែក

​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ប្រទេស​ណា​តូច​ជាងគេ​លើ​ពិភពលោក​? អ្នក​ប្រហែល​ស្គាល់​ខ្លះ​ដែរ ប៉ុន្តែ​អ្នកនឹង​ភ្ញាក់ផ្អើល​ពេល​ដឹង​ប្រទេស​ណា​ជាប់​លេខ​១​ក្នុង​បញ្ជី​ខាងក្រោម​។​

១០. ប្រទេស​ម៉ា​ល់​ឌី​វ
​ប្រទេស​នេះ​ស្ថិតនៅ​មហាសមុទ្រ​ឥណ្ឌា ភាគ​ពាយព្យ​ប្រទេស​ឥណ្ឌា​និង​ស្រីលង្កា មាន​ផ្ទៃដី​ទំហំ ២៩៨ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​សរុប ៣៤១.៣៥៦ នាក់​។​

៩. ប្រទេស​សេន​ឃី​ត​និង​ណេ​វី​ស (Saint Kitts and Nevis)
​កោះ​ទាំងពីរ​នេះ​ស្ថិតនៅ​សមុទ្រ​កា​រ៉ា​អ៊ី​ប មាន​ផ្ទៃដី​សរុប ២៦១ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​សរុប ៤៨.០០០ នាក់​។ ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៨៣​។

៨. ប្រទេស​កោះ​ម៉ា​សាល (Marshall Islands)
​ទោះបី​មាន​កោះ​សរុប​ចំនួន ១.១៥០ តែ​ប្រទេស​ស្ថិតនៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​មាន​ផ្ទៃដី​ត្រឹមតែ ១៨០ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ និង​មាន​ប្រជាជន​សរុប ៧២.០០០ នាក់​។

៧. ប្រទេស​លិច​តិ​ន​ស្តា​ញ​
​ប្រទេស​និយាយ​ភាសា​អាល្លឺម៉ង់​ដ៏​តូច​មួយ​នេះ​ស្ថិតនៅ​ចន្លោះ​ប្រទេស​អូទ្រីស​និង​ស្វី​ស​។ លិច​តិ​ន​ស្តា​ញ​មាន​ផ្ទៃដី ១៦០ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​សរុប ៣៧.០០០ នាក់​។

៦. ប្រទេស​សាំង​ម៉ា​រ៉ាំ​ង ឬ សាន​ម៉ា​រី​ណូ (San Marino)
​សាំង​ម៉ា​រ៉ាំ​ង​មាន​ទីតាំង​ស្ថិតនៅលើ​ឧបទ្វីប​អ៊ីតាលី និង​ហ៊ុម​ព័ទ្ធជុំវិញ​ដោយ​អ៊ីតាលី​។ ប្រទេស​នេះ​មាន​ផ្ទៃដី ៦១ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​សរុប ៣២.០០០ នាក់​។​

៥. ប្រទេស​ទូ​វ៉ា​លូ (Tuvalu)
​ទូ​វ៉ា​លូ​មាន​ទីតាំង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​ចន្លោះ​អូស្ត្រាលី​និង​កោះ​ហា​វ៉ៃ​។ ប្រទេស​នេះ​ជា​បណ្តុំ​កោះ​៩​ចូលគ្នា មាន​ផ្ទៃដី ២៦ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​រស់នៅ ១១.១៩២ នាក់​។

៤. ប្រទេស​កោះ​នូ​រូ (Nauru)
​ប្រទេស​នេះ​មាន​ផ្ទៃដី ២១ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ចំនួន ១៣.៦៤៩ នាក់​។ ប្រទេស​ស្ថិតនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​នេះ​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៦៩ និង​ពឹង​លើ​អូស្ត្រាលី​ស្ទើរតែ​ទាំងស្រុង ហើយ​អូស្ត្រាលី​ប្រើប្រាស់​ប្រទេស​នេះ​ជា​មណ្ឌល​ឃុំខ្លួន​ជនអន្តោប្រវេសន៍​។​

៣. ប្រទេស​ម៉ូ​ណា​កូ​
​ម៉ូ​ណា​កូ​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​សមុទ្រ​មេ​ឌី​ទាំ​រ៉ា​ណេ​ជាប់​ប្រទេស​បារាំង មាន​ផ្ទៃដី ២,០២ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​សរុប ៣៧.៨០០ នាក់​។ ប្រទេស​នេះ​ជាទី​តាំង​ប្រណាំង​រថយន្ត Formula One ដ៏​ល្បីល្បាញ​។

២. បុរី​វ៉ា​ទី​កង់​
​បុរី​វ៉ា​ទី​កង់​មាន​ផ្ទៃដី ០,៤៤ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ចំនួន ៨៤២ នាក់​។ ប្រទេស​នេះ​មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ទីក្រុង​រ៉ូម​របស់​អ៊ីតាលី​។​

១. ប្រទេស​ស៊ី​លែ​ន (Sealand)
​ប្រទេស​នេះ​មាន​ទីតាំង​ស្ថិតនៅលើ​កូន​បន្ទាយ​កណ្តាល​សមុទ្រ​សង់​ដោយ​ទាហាន​អង់គ្លេស​នា​សម័យ​សង្គ្រាមលោកលើកទី​២​។ កូន​បន្ទាយ​នេះ​ត្រូវបាន​កាន់កាប់​ដោយ​អតីត​ទាហាន​អង់គ្លេស​ឈ្មោះ ផេ​ត​ឌី រ៉​យ បេ​ត (Paddy Roy Bates) តាំងពី​ឆ្នាំ ១៩៦៧ ហើយ​បានប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៧៥​។ ប្រទេស​នេះ​មាន​ផ្ទៃដី​ត្រឹមតែ ០,០២៥ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ និង​មាន​ប្រជាជន​រស់នៅ ២៧ នាក់​៕

ដោយ៖ កញ្ញាដាលីស