តោះ​មក​មើល​រថយន្ត​អគ្គិសនី​ដំបូងបង្អស់​របស់​ក្រុមហ៊ុន Porsche

663
ចែករម្លែក

Taycan 4S ជា​រថយន្ត​ស្ព័​រ​អគ្គិសនី​ដំបូងបង្អស់​របស់​ក្រុមហ៊ុន Porsche ដែលមាន​តម្លៃថោក​បំផុត​នៅក្នុង​ប្រភេទ​រថយន្ត​របស់​ក្រុមហ៊ុន​នេះ ប៉ុន្តែ​មិនមែន​មានន័យថា គ្រប់គ្នា​សុទ្ធតែ​យល់ថា​ធូរ​ថ្លៃ​ទេ ព្រោះ​តម្លៃ​ចាប់ផ្តើម​របស់​វា​គឺ​ខ្ទង់ ១០៩.៣៥៦ ដុល្លារ ហើយ​ការតុបតែង​និង​គ្រឿង​បន្ថែម​ផ្សេងទៀត​អាច​ត្រូវ​ចំណាយ​ខ្ទង់​ដល់​ទៅ ៤៦.០០០ ដុល្លារ​។

​រថយន្ត​នេះ​រចនា​ឡើង​យ៉ាង​ប្រណីត​ដោយ​ក្រុម​វិស្វករ​អាល្លឺម៉ង់ និង​ផលិតឡើង​នៅ​រោងចក្រ​បៃតង​ក្នុង​សង្កាត់​ហ្សូ​ហ្វ​ហ្វិ​ន​ហូ​សិន​នៃ​ទីក្រុង​ស្ទូ​ត​ហ្គា​ត​។

​ប្រសិនបើ​លោកអ្នក​ចង់បាន​រថយន្ត​ស្ព័​រ​អគ្គិសនី​ដ៏​ខ្លាំងក្លា រថយន្ត Taycan 4S ប្រហែលជា​ជម្រើស​ល្អ​បំផុត​សម្រាប់​លោកអ្នក​។

​ត្បិត​វា​ជា​រថយន្ត​អគ្គិសនី ប៉ុន្តែ​នៅពេល​ជិះ​សាក​ពី​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​ទៅកាន់​តំបន់ភ្នំ​ហូលីវូដ​ឆ្លងកាត់​ផ្លូវ​សម្បូរ​ដុំថ្ម រថយន្ត​នេះ​បានបង្ហាញ​ពី​ភាព​ធន់​រឹងមាំ​និង​លំនឹង​តុល្យភាព​អស្ចារ្យ​ប្រៀប​បីដូច​ជា​រថយន្ត Porsche ផ្សេងទៀត​ដែល​ប្រើ​ថាមពល​ប្រេងឥន្ធនៈ​យ៉ាង​អ៊ីចឹង​។

​រថយន្ត​ទម្ងន់​២​តោន​នេះ​អាច​បើកបរ​ក្នុង​ល្បឿន​ដល់​ទៅ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​ចំនួន​២ និង​អាច​បើក​បាន ៤៦០ គីឡូម៉ែត្រ​រាល់​ការ​សាក​ភ្លើង​ពេញ​។ រថយន្ត Taycan 4S អាច​ស្ទុះ​ពី​សូន្យ​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើពេល​ត្រឹម ៣,៨ វិនាទី​ប៉ុណ្ណោះ​។

​រថយន្ត Taycan 4S នឹងត្រូវ​ដាក់តាំង​បង្ហាញ​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ខែមីនា ឆ្នាំ​២០២០៕ ដោយ៖កញ្ញាដាលីស