តោះ​មក​មើល​របៀប​ដែល​អ៊ីរ៉ង់​អាច​វាយកម្ទេច​គោលដៅ​អាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា​

692
ចែករម្លែក

​អ៊ីរ៉ង់​អាចដាក់​ពង្រាយ​មី​ស៊ី​ល មីន​សមុទ្រ យន្តហោះ​ដ្រូ​ន​និង​កងជីវពល​ជី​ហាដ​ពូកែ​សឹកសង្គ្រាម​រាប់ពាន់នាក់​នៅ​ទូទាំង​មជ្ឈិមបូព៌ា ប្រសិនបើ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អាមេរិក​ប្រែ​ក្លាយទៅជា​ភ្លើងសង្គ្រាម​។​

​មីន​សមុទ្រ​របស់​អ៊ីរ៉ង់​បង្ក​ការគំរាមកំហែង​ឥតឈប់ឈរ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ខណៈ​មី​ស៊ី​ល​របស់​ពួកគេ​មាន​សមត្ថភាព​វាយប្រហារ​ទៅលើ​នាវាចម្បាំង​របស់​អាមេរិក​និង​បាញ់ស្រោច​ទៅលើ​អា​រ៉ា​ប៊ី​សា​អូឌីត អ៊ីស្រាអែល និង​ព្រះរាជាណាចក្រ​ជាច្រើន​ទៀត​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​នៅ​ទូទាំង​តំបន់​វាល​ខ្សាច់​ដែល​ប្រឡាក់​ឈាម អ៊ីរ៉ង់​គឺមាន​ពួក​ជី​ហាដ​ពូកែ​សឹកសង្គ្រាម​ត្រៀមខ្លួន​ប្រយុទ្ធ​ជាស្រេច​នៅក្នុង​សង្គ្រាម​ជាមួយ​កងទ័ព​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​កាលពី​សប្ដាហ៍​មុន ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​វាយប្រហារ​ទៅលើ​ទ្រព្យសម្បត្តិ​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​នៅ​ថ្ងៃអាទិត្យ​ឃាតករ​ផ្សេងទៀត​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ចូលទៅក្នុង​តំបន់​បៃតង​ដែលមាន​កំផែង​ការពារ​រឹងមាំ​នៅ​កណ្តាល​ទីក្រុង​បា​កដាដ ដែល​ផ្ទុះ​នៅ​ជិត​ស្ថានទូត​អាមេរិក​។ អ៊ីរ៉ង់​បាន​បដិសេធ​តួនាទី​ណាមួយ​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​។​

​ទន្ទឹមនឹង​នេះដែរ ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​លោក កាស​សេម ស៊ូ​ឡី​ម៉ា​នី (Qassem Suleimani) បាន​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ “​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ប្រូ​ក​ស៊ី (​សង្គ្រាម​ខ្ចីដៃ​ពី​ពួក​ឧទ្ទាម​ប្រឆាំងនឹង​មហាអំណាច​)” ហើយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​វាយបក​វិញ​ផងដែរ​។​

​លោក​បាន​ព្រមាន​នៅ​សប្តាហ៍​នេះ​ថា រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​គួរតែ​រំពឹង​នូវ “​កម្លាំង​វាយបក​ដ៏​មហិមា​” ប្រសិនបើ​អ៊ីរ៉ង់​វាយប្រហារ​លើ​ផលប្រយោជន៍​អាមេរិក​នៅ​មជ្ឈិមបូព៌ា​។ កាលពី​ចុង​សប្តាហ៍ លោក​បាន​សរសេរ​លើ Twitter ថា “​ប្រសិនបើ​អ៊ីរ៉ង់​ចង់​ប្រយុទ្ធ នោះ​វា​នឹង​ក្លាយជា​ទីបញ្ចប់​ជា​ផ្លូវការ​របស់​អ៊ីរ៉ង់​”​។​

​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ថ្កោលទោស​សម្តី​របស់លោក​ត្រាំ​និង​ការដាក់​ពង្រាយ​សព្វាវុធ​របស់​អាមេរិក​ថា​ជាការ​បង្កហេតុ​និង​អំពាវនាវ​ឱ្យមាន​ការគោរព​និង​ការបញ្ចប់​នូវ​ការ​រឹតត្បិត​របស់​សហរដ្ឋ​អាមេរិក​មកលើ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ក្នុង​គោលបំណង​បង្ខំ​ឱ្យ​អ៊ីរ៉ង់​ចរចា​។​

​ខាងក្រោម​នេះ​គឺជា​ការរៀបរាប់​ពី​របៀប​ដែល​អ៊ីរ៉ង់​អាចធ្វើ​សង្គ្រាម​លើ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​និង​ផលប្រយោជន៍​ក្នុង​តំបន់​របស់ខ្លួន ប្រសិនបើ​ជម្លោះ​របស់​ពួកគេ​កាន់តែ​រីក​រាលដាល​។​

១. ឈូង​សមុទ្រ​ពែ​ក្ស​

​ពួក​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​បាន​ព្រមាន​ជា​យូរ​មកហើយ​ថា​នៅក្នុង​សង្គ្រាម ពួកគេ​អាច​កាត់ផ្តាច់​ការផ្គត់ផ្គង់​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ដែល​បើក​កាត់​តាម​ច្រក​សមុទ្រ​ហ័​រ​មូស​ចូលទៅ​មហាសមុទ្រ​ឥណ្ឌា​។​

​អ៊ីរ៉ង់​កាន់កាប់​មួយ​ចំហៀង​នៃ​ច្រក​សមុទ្រ​ហ័​រ​មូស​ដោយ​ដាក់​នាវា​ទាំងឡាយ​នៅក្នុង​ចម្ងាយ​កៀក​នឹង​កងកម្លាំង​របស់​អ៊ី​រង់​ពី​សមុទ្រ​ឬ​ច្រាំង ហើយ​អនុញ្ញាតឱ្យ​អ៊ីរ៉ង់​ដាក់ពង្រាយ​មីន​យ៉ាង​ងាយ​។​

២. អ៊ីរ៉ាក់​

​ក្រុម​និកាយ​ស៊ី​អ៊ី​ត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បានទទួល​ភាពខ្លាំង​ឡើងវិញ​ក្នុង​ចលាចល​សង្គ្រាម បន្ទាប់ពី​ការឈ្លានពាន​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ២០០៣ ហើយ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កងកម្លាំង​សន្ដិសុខ​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន ដោយ​បង្ហាញ​ពី​តួនាទី​ដ៏​ធំធេង​របស់​ពួកគេ បើទោះបី​ជាមាន​វត្តមាន​កងទ័ព​អាមេរិក​ក៏ដោយ​។​

​ក្រុម​ខ្លាំងក្លា​បំផុត ដែល​ហ្វឹកហាត់ បំពាក់អាវុធ និង​ទទួល​ការឧបត្ថម្ភ​ពី​អ៊ីរ៉ង់ គឺ​ក្រុម Asaib Ahl al-Haq ក្រុម Kataib Hezbollah ក្រុម Harakat Hezbollah al-Nujaba និង​ក្រុម Badr Organisation​។​

​សហរដ្ឋអាមេរិក​និយាយថា អ៊ីរ៉ង់​គឺ​នៅ​ពីក្រោយ​ការស្លាប់​ទាហាន​អាមេរិក​យ៉ាងតិច ៦០៣ នាក់​ចាប់តាំងពី​ឆ្នាំ ២០០៣​។​

៣. យេ​ម៉ែន​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​របស់​យេ​ម៉ែន​បាន​ស្រែក​ពាក្យស្លោក​ថា “​ងាប់​ទៅ​អាមេរិក ងាប់​ទៅ​អ៊ីស្រាអែល​” ដោយ​បិទ​ពាក្យស្លោក​ទាំងនោះ​នៅលើ​ជញ្ជាំង និង ឆ្លាក់​វា​ទៅលើ​អាវុធ​របស់​ពួកគេ​។ សហរដ្ឋអាមេរិក​បាន​គាំទ្រ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ផ្ដោត​ការវាយប្រហារ​ទៅលើ​ក្រុម​ហ៊ូ​ធី​ចាប់តាំងពី​ឆ្នាំ ២០១៥​។​

​អ៊ីរ៉ង់​និង​ហ៊ូ​ធី​មាន​ទំនាក់ទំនង​នឹង​គ្នា​ជា​យូរ​មកហើយ ប៉ុន្តែ​ពួកគេ​ទាំងពីរ​បាន​បដិសេធ​ការអះអាង​របស់​ក្រុមចម្រុះ​ថា រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បានផ្តល់​ការបណ្តុះបណ្តាល​និង​បំពាក់អាវុធ​។ អ​.​ស​.​ប​និយាយថា មី​ស៊ី​ល​ដែល​បាញ់​មកលើ​អារ៉ាប់​ប៊ី​សា​អូឌីត​គឺមាន​លក្ខណៈ​ដូច​មី​ស៊ី​ល​ផលិត​នៅ​អ៊ីរ៉ង់​។​

​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង ក្រុម​ហ៊ូ​ធី​បាន​ប្រើ​រ៉ុក្កែត​និង​ដ្រូ​ន​ជា​ញឹកញាប់​ដើម្បី​វាយប្រហារ​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក​។ រ៉ុក្កែត​មួយគ្រា​ប់​បាន​ធ្លាក់​ក្បែរ​អាកាសយានដ្ឋាន​ក្រុង​រី​យ៉ា​ដ​នៅ​ឆ្នាំ ២០១៧​។​

​ក្រុម​អ្នកជំនាញ​នៅ​អ​.​ស​.​ប​និយាយថា ក្រុម​ហ៊ូ​ធី​ឥឡូវនេះ​មាន​យន្តហោះ​ដ្រូ​ន​ដែល​អាច​ទម្លាក់​គ្រាប់បែក​ធំៗ​បើក​នៅ​ចម្ងាយ​ឆ្ងាយ​ជាង​មុន​និង​បាញ់​ច្បាស់លាស់​ជាង​មុន​។ កាលពី​សបា្ដហ៍​មុន យន្តហោះ​ដ្រូ​ន​បាន​បាញ់​ចំ​ស្ថានីយ​បូម​ប្រេង​ចំនួន​ពីរ​នៅ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ចូល​ជ្រៅ​ក្នុង​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ក្រុម​ហ៊ូ​ធី​គ្រប់គ្រង​លើ​កងទ័ពជើងទឹក​ចាស់​របស់​យេ​ម៉ែន ជាមួយ​ទូក​ល្បឿន​និង​មីន​សមុទ្រ ដូច្នេះ​មានន័យថា ក្រុម​នេះ​អាច​ព្យាយាម​រំខាន​ការដឹកជញ្ជូន​នៅក្នុង​សមុទ្រ​ក្រហម​។​

៤. ប្រទេស​ស៊ី​រី​

​ខណៈ​គាំទ្រ​ប្រធានាធិបតី​បា​សា អាល់​អាសាដ​អំឡុងពេល​មាន​ជម្លោះ​រយៈពេល​ប្រាំបី​ឆ្នាំ អ៊ីរ៉ង់​បាន​កសាង​បណ្តាញ​កងជីវពល​នៅក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​។​

​ក្រុម​ទាំងនេះ​រួមមាន ក្រុម​ហេស​ប៊ូ​ឡា​របស់​លី​បង់ ក្រុម​នូ​ចា​បា (Nujaba) របស់​អ៊ីរ៉ាក់ និង ក្រុម​ហ្វា​តេ​មី​យួន (Fatemiyoun) របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ពួកគេ​កំពុង​ប្រយុទ្ធ​នៅ​ជិត​ព្រំដែន​ស៊ី​រី​-​អ៊ីរ៉ាក់​នៅ​ជិត​មូលដ្ឋាន​យោធា​អាមេរិក​នៅ​តំបន​ថា​ន់ (Tanf) និង​នៅ​ជិត​តំបន់​ខ្ពង់រាប​ហ្គោល​លែ​ន ដែល​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​។​

៥. លី​បង់​

​សហរដ្ឋអាមេរិក​បាន​បន្ទោស​ក្រុម​ហេស​ប៊ូ​ឡា​ចំពោះ​ថ្ងៃ​បង្ហូរឈាម​ខ្លាំង​បំផុត​របស់​យោធា​ខ្លួន ចាប់តាំងពី​សង្គ្រាម​វៀតណាម ពោលគឺ ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅឯ​បន្ទាយ​ទាហាន​នៅ​លី​បង់​ក្នុង​ឆ្នាំ ១៩៨៣ ដែល​សម្លាប់​ទាហាន​អាមេរិក ២៤១ នាក់​។ អាមេរិក​ក៏​ចោទប្រកាន់ថា ក្រុម​ហេស​ប៊ូ​ឡា​បាន​ចាប់​ចំណាប់ខ្មាំង​ជនជាតិ​អាមេរិក​នៅ​លី​បង់​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ ផងដែរ​។​

​ក្រុម​ហេស​ប៊ូ​ឡា ដែល​បង្កើតឡើង​ដោយ​អ៊ីរ៉ង់​ដើម្បី​ទប់ទល់​នឹង​ការកាន់កាប់​របស់​អ៊ីស្រាអែល​នៅ​ភាគខាងត្បូង​លី​បង់ គឺជា​ក្រុម​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ប្រទេស​នេះ​នាពេល​សព្វថ្ងៃនេះ​។​

៦. អា​ហ្វ​ហ្គា​នី​ស្ថាន​

​ក្រុមមន្ត្រី​និង​ក្រុមអ្នកវិភាគ​របស់លោក​ខាងលិច​និយាយថា​ពួកគេ​ជឿជាក់ថា​អ៊ីរ៉ង់​បាន​ផ្តល់ជំនួយ​ខ្លះ​ដល់​ពួក​តា​លី​បង់​ទាំង​តាម​ផ្នែក​សព្វាវុធ​ឬ​តាមរយៈ​ហិរញ្ញវត្ថុ​និង​ភស្តុភារ ដែល​អាច​ត្រូវបាន​បង្កើន​ថែមទៀត​។​

​ពួក​តា​លី​បង់​គ្រប់គ្រង​ឬ​មាន​ឥទ្ធិពល​លើ​ដែនដី​ច្រើនជាង​ជំនាន់​ដែល​កងទ័ព​អាមេរិក​ចូលមក​លុកលុយ​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ការវាយប្រហារ​នៅ​ថ្ងៃទី​១១ កញ្ញា​ឆ្នាំ ២០០១ លើ​សហរដ្ឋអាមេរិក​។ ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅតែ​បន្ត​។​

​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​សន្តិភាព​អាមេរិក​កាលពី​ខែមីនា​បានឱ្យដឹងថា ជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតដល់ ៥០.០០០ នាក់​បាន​ប្រយុទ្ធ​នៅ​ស៊ី​រី ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ្វា​តេ​មី​យួន ដែល​គាំទ្រ​ដោយ​តេ​ហេ​រ៉ង់​។​

​ក្រុម​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ពីរ​ឆ្នាំមុន ដោយ​សន្យា​ប្រយុទ្ធប្រឆាំង​គ្រប់​ទីកន្លែង ដែល​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក​អា​យ៉ា​តូ​ឡាស អា​លី ខា​មេ​នី ស្នើ​សុំឱ្យ​ពួកគេ​វាយ​។​

​ទាហាន​អាមេរិក​ប្រហែល ១៤.០០០ នាក់​នៅតែ​ស្ថិតនៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ទៅលើ​ហ្វា​តេ​មី​យួន កាលពី​ខែមករា​។​

​មន្ត្រី​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​ទីភ្នាកងារសារព័ត៌មាន​រ៉​យ​ទ័​រថា សហរដ្ឋអាមេរិក​បាន​ប្រើ​វត្តមាន​របស់​ក្រុម​ហ្វា​តេ​មី​យួន​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​គំរាម “​យើង​ផ្អែកលើ​មូលដ្ឋាន​ទាំងអស់នេះ​”៕ ដោយ៖ កញ្ញាដាលីស

ឥទ្ធិពល​របស់​អ៊ីរ៉ង់​លើ​ក្រុម​ឧទ្ទាម​នានា​គឺ​គ្របដណ្តប់​ទូទាំង​តំបន់​មជ្ឈិមបូព៌ា
#