តោះ​មើល​របៀប​បិទ​បណ្តាញ​ពាណិជ្ជកម្ម​របស់ Facebook និង “App បិសាច​ជញ្ជក់​ឈាម​” របស់​វា កុំឱ្យ​ចូល​លួច​ទិន្នន័យ​របស់​យើង​

1375
ចែករម្លែក

​រឿងអាស្រូវ​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Facebook បាន​បណ្តាលឱ្យ​អ្នកប្រើប្រាស់​ជាច្រើន​ឆ្ងល់​ថា​តើ​ពួកគេ​គួរ​លុបចោល​គណនី​រប​ស់​ពួកគេ​ដើម្បី​ការពារ​ទិន្នន័យ​ឯកជន​របស់ខ្លួន​ឬ​យ៉ាងណា​។​

​ប៉ុន្តែ​នេះ​ប្រហែលជា​មិនទាន់​គ្រប់គ្រាន់​ទេ​ដើម្បី​ទប់​កុំឱ្យ Facebook អ្នក​ផ្សាយពាណិជ្ជកម្មរ​បស់ Facebook និង​អ្វីដែល​គេ​ហៅថា “​កម្មវិធី​ទូរស័ព្ទ​បិសាច​ជញ្ជក់​ឈាម​” តាមដាន​លោកអ្នក​នៅលើ​វេ​ប​សាយ​នោះ​។​

​កម្មវិធី​បិសាច​ជញ្ជក់​ឈាម​ទាំងនោះ​រួមមាន​ដូចជា Amazon, Buzzfeed, Expedia, Etsy និង Tinder​។​

Facebook បាន​ប្រើប្រាស់​កូដ​សម្ងាត់​ជាច្រើន រួមមាន Tag, Pixel និង Cookie ដើម្បី​ប្រមូល​ព័ត៌មាន និង​បង្កើត​ប្រវត្តិរូប​ឌីជីថល​របស់លោក​អ្នក សូម្បី​លោកអ្នក​ពុំមាន​គណនី Facebook ក៏ដោយ​។​

Facebook ក៏​អនុញ្ញាតឱ្យ​កម្មវិធី​បិសាច​ជញ្ជក់​ឈាម​ភាគី​ទី​៣​រាប់ពាន់​កម្មវិធី ដើម្បី​ភ្ជាប់​ទៅនឹង​បណ្តាញ​សង្គម​របស់ខ្លួន ហើយ​លួច​យក​ទិន្នន័យ​ចេញពី​អ្នកប្រើប្រាស់​របស់ខ្លួន​។​

​ជាការ​ឆ្លើយតប មនុស្ស​ជាច្រើន​បានជ្រើសរើស​ចូលទៅ​លុបចោល​សិទ្ធិ​អនុញ្ញាត​ពីមុន​ដែល​ផ្តល់​ឱ្យដល់ App ទាំងឡាយ ដែល​នេះ​ជា​ដំណើរការ​មួយ​ស៊ីពេល​យូរណាស់​។​

​ទោះយ៉ាងណា គេ​មិន​ច្បាស់​ថា​តើ​ការលុបចោល​នេះ​នឹង​អនុញ្ញាតឱ្យ​ទាញយក​ទិន្នន័យ​ដែល​បាន​ចែករំលែក​រួច​ទៅកាន់​ភាគី​ទី​៣​បានមក​វិញ ឬ​យ៉ាងណាទេ​។​

​នេះ​មានន័យថា​កម្មវិធី​ភាគី​ទី​៣​នៅតែមាន​ទិន្នន័យ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ប្រវត្តិរូប​ឌីជីថល​របស់លោក​អ្នក ទោះបីជា​លោកអ្នក​លែង​ប្រើប្រាស់​វា​ក៏ដោយ​។​

​នាយក​ប្រតិបត្តិ ម៉ាក ហ្សា​ក់​ឃើ​បឺ​ក ទទួលស្គាល់ថា Facebook បាន​ប្រព្រឹត្ត​កំហុសឆ្គង​ដែល​នាំទៅដល់​ការរំលោភ​សិទ្ធិ​ឯកជន​ពី​សំណាក់​ក្រុមហ៊ុន Cambridge Analytica ដែលនាំឱ្យ​មានការ​ចោទប្រកាន់​ថា ក្រុមហ៊ុន Facebook មិនបាន​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​ទេ​។​

* របៀប​ទប់ស្កាត់​កុំឱ្យ​បណ្តាញ​ផ្សាយពាណិជ្ជកម្ម​របស់ Facebook តាមដាន​លោកអ្នក​៖
១. សម្រាប់ iOS
​ប្រសិនបើ​លោកអ្នក​មាន​ទូរស័ព្ទ iPhone និង iPad គឺ​ងាយស្រួល​ណាស់​។ ចូលទៅ​កាន់ Settings ចុច​លើ​ពាក្យ Privacy បន្ទាប់មក​អូស​ចុះក្រោម​ចុច​លើ​ពាក្យ Advertising​។ ពេល​ចុច​រួច អូស​មួយ​ឆ្វាច់​លើ​ប៊ូ​តុង “Limit Ad Tracking” ឱ្យចេញ​ពណ៌​បៃតង ជាការ​ស្រេច​។

២. សម្រាប់ Andriod
​ដំណើរការ​របស់​វាស្រ​ដៀង​នឹង iOS ដែរ​ទេ​។ បើក Settings រួច​ចូលទៅ Accounts and Sync ហើយ​ជ្រើស​រើសយក Google បន្ទាប់មក​យកពាក្យ Ads ហើយ​ចុងក្រោយ គឺ​ចុច​លើ​ពាក្យ “Opt Out of Interest Based Ads” ជាការ​ស្រេច​។

៣. សម្រាប់ Browser Settings
​ប្រសិនបើ​លោកអ្នក​កំពុង​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​លើ Google Chrome សូម​ចូលទៅ Settings នៅ​ស្តាំ​ដៃ (​ក្រោម Menu)​។ រួចហើយ​ចុច​លើ​ពាក្យ Advanced បន្ទាប់មក​ចូលទៅ​មើល​ក្នុង Privacy នៅ​ខាងក្រោម​។ បន្ទាប់មកទៀត​ចុច​លើ “Send a do not track request with your browsing traffic” រួចហើយ​វា​នឹង​លោត​ផ្ទាំង Do Not Track ហើយ​ចុច​ពាក្យ Confirm ជាការ​ស្រេច​។

៤. សម្រាប់​កម្មវិធី Facebook លើ​ទូរស័ព្ទដៃ​
​ចូលទៅ Settings រួច​ចុច​ពីលើ​ពាក្យ Ads នៅ​ខាងឆ្វេង​ដៃ​នៃ Menu លើ​ស្គ្រី​ន​។ នៅក្រោម Ad Settings នោះ សូម​ចុច​លើ​ពាក្យ “Ads on apps and websites off of the Facebook Companies”​។ រួចហើយ​អូស​ចុះក្រោម ចុច​យកពាក្យ “No” ៕ ដោយ៖ កញ្ញាដាលីស