តោះ​មើល​សត្វ​ចិញ្ចឹម​មាន​ស្តុកស្តម្ភ​បំផុត​លើ​ពិភពលោក​, ខ្លះ​មាន​លុយរាប់​រយ​លាន​ដុល្លារ​

223

​សម្រាប់​អ្នកធ្វើការ​ពី​ម៉ោង​៩​ដល់​ម៉ោង​៥ “​ជន​មាន​ឥទ្ធិពល​” លើ​បណ្តាញ​សង្គម ដែល​រកលុយ​បាន​រាប់ម៉ឺន​ឬ​សូម្បី​រាប់លាន​ដុល្លារ គឺ​ល្មម​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​ពួកគេ​មាន​ទឹកចិត្ត​ច្រណែន​។ ប៉ុន្ដែ​ចុះ​យ៉ាងណា​ទៅវិញ​បើ​ត្រឹម​សត្វ​សោះ​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​មនុស្ស​ទៅទៀត​នុះ​?

​វេ​ប​សាយ​ធានារ៉ាប់រង​មួយ​ឈ្មោះថា Compare the Market ថ្មីៗ​នេះ​បានបង្ហាញ​បញ្ជី​សត្វ​ចិញ្ចឹម​មាន​ស្តុកស្តម្ភ​ដំបូងបង្អស់​មិន​ធ្លាប់មាន​របស់ខ្លួន​។​

​សត្វ​ដែល​ជាប់​ក្នុង​បញ្ជី​រួមមាន​ឆ្កែ ឆ្មា ខ្លាឃ្មុំ និង​សូម្បីតែ​សត្វ​មាន់ ដែល​រកលុយ​របស់​ពួកវា​បាន​តាមរយៈ​ការថត​ផ្សាយ​ម៉ាក​យីហោ សម្តែង​ក្នុង​ភាពយន្ត ឬ បើ​សំណាង​មែនទែន​គឺ​ទទួល​មរកត​ដ៏​ច្រើន​អនេក​ពី​ម្ចាស់​របស់​ពួកវា​។​

១. ឆ្កែ​ប៊ែកហ្សេ​ពូជ​អាល្លឺម៉ង់​ឈ្មោះ Gunther IV មានទ្រព្យ​សម្បត្តិ ៣៧៥ លាន​ដុល្លារ
​ឆ្កែ​នេះ​ទទួលបាន​មរតក​ពី​បា​រប​ស់វា​ឈ្មោះ Gunther III​។ ហើយ​ឆ្កែ Gunther III គឺ​ទទួល​មរតក​បន្ត​ពី​ម្ចាស់​របស់​វា​ដែរ គឺ​សេដ្ឋី​អាល្លឺម៉ង់ ឈ្មោះ កា​ឡូត​តា ឡី​បេន​ស្ទា​ន (Karlotta Leibenstein) ស្លាប់​ក្នុង​ឆ្នាំ ១៩៩១​។

២. ឆ្មា​ឈ្មោះ Grumpy Cat មានទ្រព្យ​សម្បត្តិ​ចំនួន ៩៩,៥ លាន​ដុល្លារ

​ខុសពី​ឆ្កែ Gunther IV ឆ្មា​ឈ្មោះ Grumpy Cat គឺ​បង្កើត​ទ្រព្យសម្បត្តិ​ដោយ​ខ្លួន​វា​។ ឆ្មា​ញី​អាយុ ៦ ឆ្នាំ​ដែលមាន​ឈ្មោះ​ពិត​ថា Tardar Sauce ក្លាយជា​ឆ្មា​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត ដោយសារ​កាយវិការ​គួ​រ​ឱ្យ​ក្នាញ់​របស់​វា និង​រូបថត​ដែល​ម្ចាស់​វា​បង្ហោះ​នៅលើ​អន​ឡាញ​។ ដោយសារ​ភាពល្បីល្បាញ​នេះ ទើប​បណ្តាលឱ្យ​ក្រុមហ៊ុន​ជាច្រើន​សុំ​សិទ្ធិ​ទិញយក​រូបភាព​របស់​វា ហើយ​វា​បាន​សម្តែង​ក្នុង​រឿង Grumpy Cat’s Worst Christmas Ever ឆ្នាំ​២០១៤​ទៀតផង​ដោយ​សម្តែង​ជា​ឆ្មា​ឈ្មោះ Aubrey Plaza​។​

៣. ឆ្មា​ឈ្មោះ Olivia Benson មានទ្រព្យ​សម្បត្តិ ៩៧ លាន​ដុល្លារ​
​វា​ជា​ការល្អ​ណាស់​ដែល​ក្លាយជា​សត្វ​ចិញ្ចឹម​របស់​នាង​ថា​យ​ល័​រ ស្វី​ហ្វ​។ ឆ្មា​នេះ​រកលុយ​បាន​រាប់លាន​ដោយសារតែ​វា​បង្ហាញមុខ​ជាមួយ​ថា​យ​ល័​រ​ក្នុង​ការថត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ល្បីៗ​ដូចជា Keds, Diet Coke និង AT&T​។

៤. ឆ្កែ​ឈ្មោះ Sadie, Sunny, Lauren, Layla និង Luke មានទ្រព្យ​សម្បត្តិ​រួម ៣០​លាន​ដុល្លារ​
​ឆ្កែ​ចិញ្ចឹម​ទាំងនេះ​គឺជា​របស់លោក​ស្រី​អប់​ប្រា វីន​ហ្វ្រេ​។ លោកស្រី​តែងតែ​ធ្វើបុណ្យ​ជាមួយ​គ្រប់គ្នា សូម្បី​សត្វ​ក៏​ទទួលបាន​កាដូ​ពី​លោកស្រី​ដែរ​។ ឆ្កែ​ចិញ្ចឹម​ទាំងនេះ​សព្វថ្ងៃ​គឺមាន​លុយ​រួម ដែល​លោកស្រី​តម្កល់ទុក​សម្រាប់​ពួកវា គឺ​ចំនួន ៣០ លាន​ដុល្លារ​។

៥. មាន់ឈ្មោះ Gigoo មានទ្រព្យ​សម្បត្តិ ១៥ លាន​ដុល្លារ​
​មាន់​អង់គ្លេស​នេះ​មានទ្រព្យ​សម្បត្តិ​ច្រើន ដោយសារ​ម្ចាស់​មហាសេដ្ឋី​សារព័ត៌មាន​លោក ម៉ា​យ ប្លែក​វែ​ល មុនពេល​ស្លាប់ទៅ បាន​បន្សល់ទុក​លុយ ១៥ លាន​ដុល្លារ​ឱ្យ​វា​នៅក្នុង​លិខិត​បណ្តាំមរតក​។

៦. ឆ្កែ​ឈ្មោះ Conchita មានទ្រព្យ​សម្បត្តិ ១១,៣ លាន​ដុល្លារ​
​ម្ចាស់​ឈ្មោះ ហ្គា​អ៊ី​ល ផូ​ស្ន័​រ មុនពេល​ស្លាប់​កាលពី​ឆ្នាំ ២០១០ បាន​បន្សល់ទុក​ទ្រព្យសម្បត្តិ ១១,៣ លាន​ដុល្លារ​ឱ្យ​សុនខ​ឈ្មោះ Conchita ក្នុង​លិខិត​បណ្តាំមរតក​។

៧. ខ្លាឃ្មុំ​ឈ្មោះ Bart the Bear 2 មានទ្រព្យ​សម្បត្តិ ៦ លាន​ដុល្លារ​
​ខ្លាឃ្មុំ Bart the Bear 2 គឺ​រកលុយ​បាន​ដោយ​ខ្លួន​វា ពី​ការថត​ភាពយន្ត​ជាច្រើន​ដូចជា រឿង Dr. Dolittle 2 រឿង Without a Paddle រឿង An Unfinished Life រឿង Evan Almighty រឿង Into the Wild រឿង We Bought a Zoo និង​រឿង Game of Thrones​។

៨. ឆ្កែ​ឈ្មោះ Pontiac មានទ្រព្យ​សម្បត្តិ ៥ លាន​ដុល្លារ​
​ឆ្កែ​ញី​នេះ​ទទួលបាន​មរតក ៥ លាន​ដុល្លារ​ពី​ម្ចាស់​របស់​វា​ឈ្មោះ បេ​ត​ធី វ៉ា​យ នៅពេល​លោកស្រី​ស្លាប់ទៅ​។

៩. ឆ្មា​ឈ្មោះ Choupette មានទ្រព្យ​សម្បត្តិ ៣,៥ លាន​ដុល្លារ​
​ឆ្មា​នេះ​រកលុយ​បាន​តាមរយៈ​ការថតរូប​ផ្សាយ​ផលិតផល​អាវ​រងា កន្សែង​បង់ក កាបូប និង​គ្រឿងអលង្ការ​របស់​ម្ចាស់​វា ឈ្មោះ កាល់ ឡេ​ហ្គា​ហ្វៀ​ល​។ ឆ្មា​នេះ​ថែមទាំង​មាន iPad ទុក​ប្រើ​ផ្ទាល់ខ្លួន និង​មាន​អ្នកបម្រើ​២​នាក់​ចាំ​ថែរក្សា​វា​ផងដែរ​។

១០. ស្វា​ឈ្មោះ Bubbles មានទ្រព្យ​សម្បត្តិ ២ លាន​ដុល្លារ​
​ស្វា Bubbles គឺជា​សត្វ​ចិញ្ចឹម​របស់​តារាចម្រៀង​ម៉ៃ​ឃើ​ល ជែក​សុន​។ បន្ទាប់ពី​ម្ចាស់​ស្លាប់ទៅ ស្វា​នេះ​ត្រូវបាន​ដាក់​នៅ​សួនសត្វ​នៅ​រដ្ឋ​ផ្លរីដា ហើយ​វា​បាន​រកលុយ​ដោយ​ខ្លួន​វា​តាមរយៈ​ការ​គូរគំនូរ​លក់​ឱ្យ​អ្នកទេសចរ​៕

ដោយ កញ្ញាដាលីស