តោះ​! ស្ដាប់​កសិករ​ម្នាក់​និយាយ​ពី​អាថ៌កំបាំង​ផ្សិត​កញ្ជោរ​

4415
ចែករម្លែក
  • 283
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: នៅក្នុង​រដូវវស្សា​នេះ ពោលគឺ​ក្នុង​ខែឧសភា ផ្សិត​កញ្ជោរ​ត្រូវគេ​ឃើញថា កំពុងមាន​វត្តមាន​ដុះ​ជា​បន្តបន្ទាប់ ហើយ​នៅតាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​នានា ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក៏​គេ​សង្កេតឃើញ​មានការ​យក​ផ្សិត​ប្រភេទ​នេះ​កែច្នៃ​ធ្វើជា​ម្ហូបអាហារ​ច្រើន​គួរ​ស​ម្យ​ដែរ ដោយឡែក​តាម​បណ្តារ​ទីផ្សារ ក្នុងស្រុក​មួយ​នេះ បែរជា​ពុំ​សូវ​សំបូរ​មាន​លក់​ទៅវិញ​។ តើ​ហេតុអ្វី​បានជា​ពុំ​សូវ​មាន​ផ្សិត​ប្រភេទ​នេះ​លក់​តាម​ទីផ្សារ​ទៅវិញ ទាំង​ដែល​ខែ​នេះ​ជា​រដូវ​ផ្សិត​កញ្ជោរ ដុះ​នោះ​?

​ផ្សិត​កញ្ជោរ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កែវ​សីមា​លើកឡើងថា ផ្សិត​នេះ​មាន​សណ្ឋាន​ស្រដៀង​គ្នា​នឹង​ផ្សិតចំបើង ប៉ុន្តែ​ផ្សិត​ប្រភេទ​នេះ​មាន​ដើម​ធំ​ជាង គិត​ចាប់ពី​ផ្នែក​ខាង​គល់​រាង​ធំ ស្តួច​ទៅលើ​រាង​តូច​។ ឆ័​ត្រ​របស់​វា​ឬ​ផ្នែក​ខាងលើ​ផុត​មាន​ពណ៌​ប្រផេះ​ស្រាល រីក​ធំ​ស្អាត​ប្រៀបបាន​នឹង​ឆ័​ត្រ​។ ចំពោះ​រសជាតិ​វិញ លោកអ្នក​ប្រហែលជា​គិតថា ផ្សិត​ដែល​ដាំ​នៅតាម​កសិដ្ឋាន ឬ​ផ្សិត​ដែល​នាំយក​មកពី​ក្រៅប្រទេស​អាច​នឹងមានរ​ស​ជាតិ​ឆ្ងាញ់​ជាង ប៉ុន្តែ​បើ​សាកល្បង​ផ្សិត​កញ្ជោរ ដែល​ដុះ​តាម​ព្រៃ​ឬ​ចម្ការ​វិញ ប្រហែលជា​លោកអ្នក​លែង​គិត​បែប​នោះ​ទៀតហើយ​។ ផ្សិត​កញ្ជោរ មាន​រសជាតិ​និង​សាច់​វា ពេល​ចម្អិន​រួច​ស្រដៀង​និង​សាច់មាន់​ស្រែ​ដូច្នេះ​ដែរ ហើយ​វា​អាចជា​បន្លែ​មួយ​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​អាច​យកទៅ​កែច្នៃ​បាន​ច្រើន​មុខ​។​

​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ នី​ម បាន​លើកឡើងថា អ្នកស្រី​តែងតែ​យក​ផ្សិត​កញ្ជោរ​មក​ធ្វើ​ម្ហូប​ក្នុង​១​ឆ្នាំ​បាន​៤​ទៅ​៥​ដង​ដែរ នៅពេលដែល​វា​ដុះ​ក្នុង​ដីចម្ការ​របស់​អ្នកស្រី​។ អ្នកស្រី នី​ម បន្តថា ផ្សិត​កញ្ជោរ​សម្រាប់​អ្នកស្រី​និយម​យកមក​ធ្វើ​ម្ហូប ដូចជា​ស្ងោរ​ជាមួយ​សាច់ជ្រូក សាច់មាន់ ឬ​ត្រី ហើយ​បើ​ឆា​វិញ​អាច​ប្រើ​សាច់​អ្វី ឆា​ជាមួយ ក៏បាន​តាម​តម្រូវការ​។ អ្នកស្រី​បញ្ជាក់ថា វា​អាចធ្វើ​ម្ហូប​បាន​ច្រើន​មុខ​ណាស់ ពោល​គឺអាច​ចំហុយ ស្ល​ប្រហើរ សន្ល​ក់ និយាយ​រួម​មុខម្ហូប​ខ្មែរ​អាចធ្វើ​បាន​ច្រើន​មុខ​តាម​ដែល​ចូលចិត្ត លើសពីនេះ ផ្សិត​កញ្ជោរ​អាច​យកទៅ​បបរគ្រឿង​បាន​យ៉ាង​ឆ្ងាញ់​ថែមទៀត​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងលើ អ្នកស្រី​បញ្ជាក់ថា មកពី​ផ្សិត​នេះ មាន​រសជាតិ​ឆ្ងាញ់ ហើយ​ដុះ​តែម្តង​ក្នុង​១​ឆ្នាំ ទើប​ពេលដែល​គេ​ដក​បាន​ពុំ​សូវ​លក់ សុខចិត្ត​ហូប​ខ្លួន​ឯ ង​វិញ​ប្រសើរ​ជាង​។​តែបើ​លក់​វិញ​ក៏មាន​តម្លៃ​ថ្លៃ​ដែរ​។​

​បុរស​ជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ឈ្មោះ ច​ន្ធី លោក​បាន​បញ្ជាក់ថា នៅក្នុង​កំឡុង​ខែឧសភា​ដល់​ខែមិថុនា ផ្សិត​នេះ​តែងតែ ចាប់ផ្តើម​ដុះ ពេល​ដែលមាន​ភ្លៀង​ធ្លាក់​ជោគជាំ​។​វា​តែងតែ​ដុះ​នៅក្នុង​ចម្ការ​ស្វាយចន្ទី ចម្ការកៅស៊ូ​ជាដើម​។ ផ្សិត​កញ្ជោរ​នេះ ភាគច្រើន​ដុះ​នៅ​ទីតាំង​ដដែលៗ​រៀងរាល់ឆ្នាំ ពិសេស​នៅតាម​ដី​ដែលមាន​សំបុក​កណ្តៀរ ឬ​គល់ឈើ​ដែល​រលួយ ប៉ុន្តែ​បើ​ទីតាំង​វា​ត្រូវបាន​រុក​រា​ន្ត ឬ​បាញ់ថ្នាំ វា​ឈប់​ដុះ​ទៀតហើយ​។ កសិករ​ដដែល​បន្តថា ផ្សិត​ប្រភេទ​នេះ​មាន​អាថ៌កំបាំង​ដែល​មនុស្ស​ភាគច្រើន​មិនដឹង ផ្សិត​កញ្ជោរ​នៅពេលដែល​វា​ចាប់ផ្តើម​ពន្លក​ដុះ​ផុត​ដី​បន្តិច ប្រសិនបើ​មាន​មនុស្ស​យក​អ្វី​ទៅ​ជីក ឬ​យក​ឈើ​ឆ្កឹះ​ដី វា​នឹងមិន​ដុះ​ទៀត​ទេ​។ តែបើ​យើង​ឃើញ​វា​ហើយ ធ្វើ​មិនឃើញ​វិញ វា​នឹង​ដុះ​តែ​១​ម៉ោង​ឬ​២​ម៉ោង​ប្រវែង​ចង្អុលដៃ​ឯណោះ ហើយ​រៀងរាល់ឆ្នាំ​វា​តែងតែ​ដុះ លើ​ទីតាំង​ដដែលៗ ប្រសិនបើ​យើង​មិន​ឈូសឆាយដី​កន្លែង​ដែល​វា​ដុះ​នោះ​។​

​លោក ច​ន្ធី បន្តថា រៀងរាល់ឆ្នាំ​លោក​តែងតែ​ទៅតាម​ដាន​មើល​កន្លែង​ដែល​វា​ធ្លាប់​ដុះ និង​តែង​ប្រទះឃើញ​វត្តមាន​របស់​វា​មិនដែល​លស់​មួយឆ្នាំ​។ កសិករ​រូបនេះ​ថា ក្នុង​១​គីឡូក្រាម លោក​អាច​លក់បាន​រហូត​ចន្លោះ​ដល់​៤​ទៅ​៦​ម៉ឺន​រៀល​ឯណោះ​។​

​ទោះជា​យ៉ាងណា​ផ្សិត​ប្រភេទ​នេះ ពុំមាន​ដុះ​ច្រើន​ដូច​បណ្តា​ផ្សិត​ផ្សេងៗ​នោះទេ ព្រោះតែ​វា​មាន​អាថ៌កំបាំង​ច្រើន ដែល​យើង​មិន​នឹកស្មាន​។ ប៉ុន្តែ​អ្នក​និយម យក​អំបូរ​ផ្សិត​ជា​ចំណីអាហារ​នោះ គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន ព្រោះថា ផ្សិត​ឆ្ងាញ់​សំបូរ ផ្សិត​ពុល​ក៏​សំបូរ​ដែរ​៕ ល​