តំណាងរាស្ត្រខេត្តកំពង់ចាម​អះអាងថា CPP ហ៊ាន​ថា គឺ​ហ៊ាន​ធ្វើ

796
ចែករម្លែក

ដោយ : ពៅ និមល​/ ​ភ្នំពេញ : ជាថ្មី​ម្តងទៀត​នេះ លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ខេត្តកំពង់ចាម បាន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា CPP គឺជា​កម្លាំង​នយោបាយ​ជាតិ​តែមួយគត់ ដែល​បាន​កសាង​ប្រទេស​ឡើងវិញ ចាប់ពី​ចំណុចសូន្យ​រហូត​ទទួលបាន​វឌ្ឍនភាព​គ្រប់​វិស័យ ហើយ​គណបក្ស​មិនដែល​សន្យា​ខ្យល់​ផងដែរ ពោលគឺ «​បើ​ហ៊ាន​ថា គឺ​ហ៊ាន​ធ្វើ​»​។​

​ការលើកឡើង​ខាងលើនេះ លោក​តំណាងរាស្ត្រ​ធ្វើឡើង​នាឱកាស​ចុះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅក្នុង​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ក្រោម​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​។​

​លោក ប៉ាន សូរ​ស័ក្តិ លើកឡើង​បន្តថា CPP គឺជា​អ្នកបម្រើ​ប្រជា​រា​ស្ត​ដ៏​ស្មោះត្រង់​និង​ពិតប្រាកដ ហើយ​យើង​ប្តេជ្ញា​គោរព​អនុវត្តន៍​តាម​ពាក្យសន្យា​ជានិច្ច​។ ជាក់ស្តែង លោក​ធ្លាប់​បានប្រកាស​ផ្តល់ជូន​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​០២​គ្រឿង​ថែមទៀត​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ ឥឡូវ​រថយន្ត​ទាំងនោះ​កំពុង​ស្ថិតនៅលើ​កប៉ាល់​ធ្វើដំណើរ​សន្សឹមៗ​មកកាន់​ប្រទេស​កម្ពុជា​ហើយ ដូច្នេះ​នៅពេល​ខាងមុខ​យើង​នឹងមាន​រថយន្ត​សង្គ្រោះបន្ទាន់​ទាំងអស់​០៥​គ្រឿង ដើម្បី​ទុក​ដឹកជញ្ជូន​បងប្អូន​ដែលមាន​ជម្ងឺ​ធ្ងន់ធ្ងរ ឬ​មាន​គ្រោះអាសន្ន​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ​។​

​ជាមួយគ្នានេះ​លោក​តំណាងរាស្ត្រ បានស្នើ​ប្រជាពលរដ្ឋ​និង​សមាជិក​-​សមាជិកា​ទាំងអស់​ប្រើប្រាស់​រថយន្ត​សង្គ្រោះបន្ទាន់​ទាំងនេះ​ឲ្យ​អស់ពី​លទ្ធភាព ដើ​ម្ប​ទៅ​ទទួលយក​សេវា​គាំពារ​សុខភាព​ផ្សេងៗ នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ​នានា ព្រមទាំង​បាន​សន្យា​ចេញថ្លៃ​ដឹកជញ្ជូន​តាម​រថយន្តឈ្នួល​ជូន​ប្រជាពលរដ្ឋ​ថែមទៀត ក្នុងករណី​រថយន្ត​សង្គ្រោះបន្ទាន់​ជាប់រវល់​ហើយ​ប្រជាពលរដ្ឋ​មិនអាច​ប្រើប្រាស់​បាន​។ ទន្ទឹមនេះដែរ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​៕B