តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ជាង​៣០​នាក់ ចុះហត្ថលេខា​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ​

1209
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រោយពី​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើនជាង​៣០​រូប បាន​ចុះហត្ថលេខា​លើ​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​រួចហើយ​។ ហើយ​សេចក្តីស្នើច្បាប់​នេះ​ត្រូវបាន​​ប្រគល់ជូន​គណៈកម្មកា​រ​ជំនាញ​ទី​៦​របស់​រដ្ឋសភា​ត្រួតពិនិត្យ​។ នេះ​បើតាម លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​០៣ បន្ទាប់ពី​កិច្ចប្រជុំ​បានបញ្ចប់​។​
​ ​
​លោក សុខ បាន​ថ្លែងថា “…​យើង​បាន​ចុះហត្ថលេខា​ជាង​៣០​នាក់ លើ​សេចក្តីស្នើច្បាប់​នេះ​ដែល​ចាត់ទុកជា​បានការ​ហើយ​ទៅ​បញ្ជូនទៅ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដើម្បី​ចាត់តាំង​ឲ្យ​គណៈកម្មការ​ជំនាញ​ធ្វើ​កិច្ចការ​ហ្នឹង​…”​។
​ ​
​លោក​បន្តថា គណៈកម្មការ​អចិន្ត្រៃយ៍ ប្រគល់ជូន​គណៈកម្មកា​រ​ទី​៦ ត្រួតពិនិត្យ​។​
​ ​
​សូមបញ្ជាក់ថា ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី មេដឹកនាំ​កំពូល​របស់​គណបក្ស​កាន់​​អំណាច​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន​បាន​ព្រមាន​ជាថ្មី​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ស្នើឱ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​គណបក្សនយោបាយ​ជាថ្មី​ម្តងទៀត ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ទណ្ឌិត ឬ​អ្នកទោស អាចធ្វើ​សកម្មភាព​នយោបាយ​តាមតែ​ចិត្ត​៕ ​ដោយ ៖វិបុល

កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ​​លើ​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពីគណបក្សនយោបាយ