តំណាងរាស្ត្រ​បង្ហាញមុខ​ប្រពន្ធ​ស្រស់ស្អាត​ទាំងបី​ដើម្បី​បង្អួត​ថា ពហុពន្ធ​ភាពល្អ និង​សុខដុម​

241
ចែករម្លែក

នៅពេល​លោក អាច​ម៉ាត់ ហ្វា​ឌី​ល មូ​ហ្សា​គី សៃ​យ៉ា​ស់ (Achmad FadilMuzakkiSyah)​អ្នកនយោបាយ​ឥណ្ឌូនេស៊ី ស្បថ​ចូលកាន់​តំណែង​ជា​តំណាងរាស្ត្រ​អាណត្តិ​ថ្មី​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​លោក​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង ខ្លាំង​នៅពេល​បង្ហាញមុខ​ភរិយា​ស្រស់ស្អាត​ទាំងបី​របស់ខ្លួន​ជា​លើកដំបូង​ក្នុងនាម​ជា​បុគ្គល​សាធារណៈ​ក្នុង​ពិធី​មួយ​។

​រូបថត​លោក អាច​ម៉ាត់ លើក​មេ​ជាស​ញ្ញា​អមដោយ​ភរិយា​ទាំង ៣ ញញឹម​ស្រស់ស្រាយ​ដែល​ហាក់​ចុះ​ចម្រុង​គ្នា​យ៉ាង​ល្អ កំពុងតែ​ល្បី​សុសសាយ​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ គេហទំព័រ​ព័ត៌មាន Liputan6.com បាន​ដកស្រង់​សម្ដី​របស់លោក អាច​ម៉ាត់ ថា “​ខ្ញុំ​មានបំណង​ធ្វើឱ្យ​សារព័ត៌​ចាប់អារម្មណ៍​លើ​គ្រួសារ​ខ្ញុំ​ជា​គំរូ​ដើម្បី​បង្ហាញថា ពហុពន្ធ​ភាព (​ការ​មាន​ប្រពន្ធ ឬ​ប្ដី​ច្រើន​ក្នុងពេល​តែមួយ​)​ក៏​អាចជា​រឿង​ល្អ និង​សុខដុម​(​ស្រុសស្រួល​គ្នា​)​មិនចាំបាច់​លួចលាក់​ឬ​មាន​សា​ហាយ ស្មន់​”​។

​សូមបញ្ជាក់ថា ច្បាប់​សាសនា​អ៊ិ​ស្លាម សារៀ​(Sharia)​អនុញ្ញាតឱ្យ​បុរស​យកប្រពន្ធ​ច្រើន​ប៉ុន្តែ​មិនត្រូវ​បានទទួល​ស្គាល់ ដោយ​រដ្ឋ​នៅ ក្នុងប្រទេស​នេះ​ទេ​។​លោក អាច​ម៉ាត់ វ័យ ៣៩​ឆ្នាំ​ដែលជា​តំណាងរាស្ត្រ​មកពី​គណបក្ស​ជាតិ ប្រជាធិបតេយ្យ (​ណា​ស៊ី​) ឬ National Democratic Party (Nasdem) បាន​រៀបការ​ប្រពន្ធ​ទី​១ កាលពី ២២ ឆ្នាំមុន ហើយ​បាន​រៀបការ​ប្រពន្ធ ២ នាក់​ទៀត​ក្នុង​រយៈពេល ៨ ឆ្នាំ​ចុង​ក្រោយនេះ ដោយ​មានកូន​ចំនួន ៧ នាក់​។​

​មិនតែប៉ុណ្ណោះ លោក​ថែមទាំង​មិន​ខ្មាសអៀន​ក្នុងការ​ចែករំលែក​រឿង​ជីវិត​លើ​គ្រែ​ទៀតផង​ដោយ​ប្រាប់​ប្រព័ន្ធ ផ្សព្វផ្សាយ​ក្នុងស្រុក​ថា លោក និង​ភរិយា​ទាំង ៣ “​តែងតែ​ដេក​រួមគ្នា​លើ​គ្រែ​តែមួយ​”​។​ការណ៍​នេះ​បាន​រង​ការរិះគន់​ធ្ងន់ៗ ពី​សំណាក់​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី​ដែល​បានចាត់ទុក​ទង្វើ​នេះ​ថា “​គួរឱ្យ​ខ្មាសអៀន​” និង “​ខ្ពើមរអើម​”​។

​ពួកគេ​បាន​លើកឡើងថា​ធ្វើបែបនេះ​គ្មានអ្វី​ចំណេញ​ទេ​គឺ​មានតែ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បុរសៗ​កាន់តែច្រើន​នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ី យកតម្រាប់​តាម​ដែលជា​គ្រោះថ្នាក់​ចំពោះ​ស្ត្រី និង​កុមារ​។​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ការអនុវត្ត​ពហុពន្ធ ភាព​នៅក្នុង​ប្រទេស​កាន់​សាសនា​អ៊ិ​ស្លាម មួយ​នេះ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​បន្ទាប់​ពី​មានការ​លេច ឡើង​នូវ​អ៊ិ​ស្លាម​អភិរក្សនិយម និង App ណាត់ជួប (Dating App) សម្រាប់​បុរសៗ​ដែល​ចង់​ស្វែងរក​ប្រពន្ធ​ទី​២ ឬ​ទី​៣៕ ប្រែ​សម្រួលៈ​ខុម​