តំណាងរាស្ត្រ​ហ៊ុន​ម៉ា​នី​ជំរុញ​អាជ្ញាធរខេត្ត​ប៉ៃលិន​ពង្រឹងគុណភាព​អប់រំ​ពិសេស​សាលារៀន​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

589
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ លោក​ហ៊ុន​ម៉ា​នី​ប្រធាន​គណៈកម្មការ​អប់រំ​យុវជន​កីឡា​ធម្មការ​កិច្ចការ​សាសនា វប្បធម៌​និង​ទេសចរណ៍​នៃ​រដ្ឋសភា​បាន​ជំ​រុញឱ្យ​អាជ្ញាធរខេត្ត​ប៉ៃលិន​យកចិត្តទុកដាក់​លើកកម្ពស់​គុណភាព​អប់រំ​និង​ការបង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ​និង​ការសិក្សា​របស់​សិស្សានុសិស្ស​ឱ្យ​ល្អ​និង​មាន​ប្រសិទ្ធភាព ។​លោក ហ៊ុន ម៉ា​នី បានលើកឡើង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ ជាមួយ​រដ្ឋបាលខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ លោក​អភិបាលខេត្ត ផាន់ ចាន់ថុល កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​។

​ជាមួយនឹង​ការស្នើសុំ​ឲ្យ​ពង្រឹងគុណភាព​អប់រំ​នេះ លោក ហ៊ុន ម៉ា​នី ក៏បាន​ចែករំលែក​បទពិសោធន៍ ដែល​ខេត្ត​មួយចំនួន​បាន​អនុវត្ត​រួចហើយ​នៅក្នុង​វិស័យ​អប់រំ​។​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​រូបនេះ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​បង្កើន​គុណ​វុ​ឌ្ឍ​លោកគ្រូ​អ្នកគ្រូ​តាមរយៈ​ការរៀបចំ​វគ្គ​បំប៉ន​។​វគ្គ​ចែករំលែក​វិធីសាស្ត្រ​និង​គន្លឹះ​នៃ​ការបង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ​ដែលមាន​បទពិសោធន៍​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ជំនាន់​ក្រោយ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បង្រៀន​ដល់​សិស្សានុសិស្ស​ឲ្យ​កាន់តែ​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​។​

​លោក​ហ៊ុន ម៉ា​នី ក៏បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរខេត្ត បន្ត​ខិតខំ និង​អភិវឌ្ឍន៍​ការងារ​បន្ថែមទៀត ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការលើកកម្ពស់ គុណភាព​សិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ និង​ការគ្រប់គ្រង ជាពិសេស​នៅ​សាលា​តាម​បណ្តោយ​ព្រំដែន​។​

​លោក​ផាន់​ចាន់​ធុល​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​បានធ្វើ​របាយការណ៍​ពី​សមិទ្ធផល​ការងារ​ដែល​ខេត្ត​សម្រេចបាន​ជូន​ប្រជាពលរដ្ឋ​។​ក្នុងនោះ​លោក​បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង​និង​ការលើកកម្ពស់​ការរស់នៅ​របស់​ប្រជាជន​នៅតាម​បណ្តោយ​ព្រំដែន​ផងដែរ​។ លោក​អភិបាលខេត្ត​បានឱ្យដឹងថា ខេត្ត​ប៉ៃលិន​មាន​គ្រឹះស្ថានសិក្សា​សាធារណៈ​សរុប ចំនួន​៨២​ទីតាំង នៅ​គ្រប់​កម្រិត​ចាប់ពី​ម​ត្តេ​យ្យ​សិក្សា​ទៅ​។​

​សូមជម្រាបថា​៖​ក្រោយពី​បានបញ្ចប់​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាលខេត្ត​ប៉ៃលិន​រួចមក​ប្រតិភូ​គណៈកម្មការ​អប់រំ​យុវជន​កីឡា​ធម្មការ​កិច្ចការ​សាសនា​វប្បធម៌​និង​ទេសចរណ៍​នៃ​រដ្ឋសភា​បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ​ផ្សារ​ព្រំ​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ខេត្ត​ប៉ៃលិន គឺជា​ខេត្ត​ទី​១៤ ហើយ​ដែល​ប្រតិភូ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ​កិច្ចការ​សាសនា​វប្បធម៌​និង​ទេសចរណ៍​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោក​ហ៊ុន​ម៉ា​នី​បាន​ចុះ​បំពេញបេសកកម្ម​៕S/

#