តំណាង​ពលករ​នៅ​តំបន់​ឆាំង​វ៉ុ​ន​ស្នើសុំ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កូរ៉េខាងត្បូង​

506
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ថ្មីៗ​នេះ តំណាង​ពលករ​មកពី​តំបន់​ឆាំង​វ៉ុ​ន​បានស្នើ​សុំ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សូមឱ្យ​លោក​រដ្ឋមន្ត្រី​ជួយ​ពាំនាំ​សំណូមពរ​របស់​ពួកគេ​ដើម្បី​ស្នើសុំ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បី​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កូរ៉េខាងត្បូង​។​
​នៅ​ថ្ងៃទី​១២​តុលា​នេះ​យោងតាម​ប្រព័ន្ធ​ឡេ​ឡិ​ក​ត្រូ​និក​ពី​កូរ៉េខាងត្បូង​បាន​ថា​៖ ការស្នើសុំ​បែបនេះ​របស់​តំណាង​ពលករ​មកពី​តំបន់​ឆាំង​វ៉ុ​ន​បានធ្វើ​ឡើង ខណៈដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​លោក​ឡុង ឌី​ម៉​ង់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា បានរៀបចំ​កម្មវិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ ធ្វើ​ការងារ និង​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន​ប្រមាណ​ជាង​២០០​នាក់ នៅ​មជ្ឍមណ្ឌល​គាំពារ​ពលករ​បរទេស នាទី​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​អង្គា​រ៍ ទី​០៩ ខែតុលា គ​.​ស​២០១៨ ត្រូវជា​ថ្ងៃ​ភ្ជុំ​ធំ​តែម្តង​។​
​ក្នុង​វេទិការ​សំណេះសំណាល លោក មា​ជ ចាន់​ដា​រ៉ា​រ័ត្ន តំណាង​ពលករ​មកពី​ទីក្រុង​ឆាំង​វ៉ុ​ន បានស្នើ​សុំ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សូម​ឱ្យជួយ​ពាំនាំ​សំណូមពរ​របស់ខ្លួន​ដើម្បី​ស្នើសុំ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បី​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កូរ៉េខាងត្បូង​តាម​ពេលវេលា​សមស្រប​ណាមួយ ដើម្បី​បាន​ជួប​សួរសុខទុក្ខ សំណេះសំណាល និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើ​ការងារ និង​សិក្សា ក្នុង​ជីវភាព​ល្អប្រសើរ​នៅ​សាធារណរដ្ឋ​កូរ៉េ ដែលមាន​ប្រមាណ​ជិត ៦​ម៉ឺន​នាក់​។​
​ឆ្លើយតប​នឹង​សំណូមពរ​នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា លោក សាយ សំ​អាល់ សន្យា​នឹង​នាំយក​សំណូមពរ​នេះ​ទៅ​ជម្រាបជូន​សម្ដេច​តេ​ជោ​។ បន្ថែម​ពីលើ​នេះ​លោក​រដ្ឋមន្ត្រី​បាន​ផ្ដាំផ្ញើ​ដល់​អ្នកចូលរួម​ទាំងអស់ សូម​បន្ដ​យកចិត្តទុកដាក់​លើ​កិច្ចការងារ ប្រឹងប្រែង​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ និង​រៀន​បន្ថែម​នូវ​ភាសារ​បរទេស ដោយហេតុតែ​កម្ពុជា​បច្ចុប្បន្ន​កំពុងមាន​តម្រូវការ​លើ​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​ជាច្រើន​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​៕

#