តំណាង​ពិសេស​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ ទៅ​អ៊ីរ៉ាក់​និង​អំពាវនាវ​អោយ​គាំទ្រ​ការកសាង​ឡើងវិញ​

2852
ចែករម្លែក

តំណាងពិសេសរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) លោកស្រី អ៊ែនជេលីណា ចូលី (Angelina Jolie)កាលពីថ្ងៃសៅរ៍ទី១៦មិថុនាបានទៅទស្សនាទីក្រុងម៉ូស៊ូលនៅអ៊ីរ៉ាក់ភាគខាងជើងនិងបានអំពាវនាវអោយសហគមន៍អន្តរជាតិកុំបំភ្លេចពួកអ្នកស្រុកដែលកំពុងខិតខំកសាងទីក្រុងរបស់ពួកគេឡើងវិញ។

សូមបញ្ជាក់ថា កងកម្លាំងអ៊ីរ៉ាក់បានវាយចាប់យកទីក្រុងម៉ូស៊ូលពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីខែកក្កដាឆ្នាំ២០១៧ ។

យោងតាមរូបភាពផ្តល់ដោយUNHCR តារាហូលីវូតរូបនេះបានជួបសមាជិកគ្រួសារមកពីក្រុងម៉ូស៊ូល និងបានដើរកាត់វិថីដែលរងការបំផ្លាញដោយគ្រាប់បែកគ្រាប់ផ្លោង។

ប្រក្រតីភាពបានវិលមកកាន់ផ្នែកជាច្រើននៃទីក្រុងម៉ូស៊ូល ដោយអ្នកភៀសខ្លួនបានចាកចេញពីជំរំនិងវិលមកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ តែទីក្រុងចាស់នៅម៉ូស៊ូលខាងលិចត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងយុទ្ធនាការយោធាដែលមានការចូលរួមពីទាហាន១សែននាក់ មកពីរដ្ឋាភិបាលអ៊ីរ៉ាក់ យុទ្ធជនឃឺតនិងពួកជីវពលនិកាយស៊ី
អាយ ព្រមទាំងមានការគាំទ្រពីអាកាសដោយក្រុមចំរុះដឹកនាំដោយអាមេរិកផង។

លោកស្រីចូលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា” នេះជាការបង្ហិនបង្ហោចដ៏អាក្រក់បំផុតដែលខ្ញុំមិនដែនបានឃើញក្នុងការងាររបស់ខ្ញុំក្នុងUNHCR។ប្រជាជននៅទីនេះបាត់បង់អ្វីគ្រប់យ៉ាង។ពួកគេទុរគត គ្មានថ្នាំពេទ្យសំរាប់កុមារ និងគ្មានទឹកស្អាត សូម្បីតែសេវាមូលដ្ឋានក៏គ្មានផង។ខ្ញុំសង្ឃឹមថានឹងបន្តមានការសន្យាតាំងចិត្តធ្វើការកសាងទីក្រុងនេះឡើងវិញ។ខ្ញុំអំពាវនាវដល់សហគមន៍អន្តរជាតិកុំបំភ្លេចម៉ូស៊ូល”។

ចូលី បានចូលបំរើការនៅUNHCRចាប់តាំងពីឆ្នាំ២០០១ ដោយបានទៅជួបជនភៀសខ្លួនចាប់តាំងពីប្រទេសកម្ពុជា អ៊ីរ៉ាក់និងគេនយ៉ា។វាជាលើកទី៥របស់លោកស្រីដែលបានទៅទស្សនកិច្ចប្រទេសអ៊ីរ៉ាក់៕ដោយ៖វាសនា

លោកស្រី អ៊ែនជេលីណា ចូលី នៅក្រុងម៉ូស៊ូល ប្រទេសអ៊ីរ៉ាក់ដើម្បីមើលស្ថានភាពជនភៀសខ្លួន