តំណាង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​២៥​ប្រទេស​ក្នុង​ទ្វីបអាស៊ី​មក​ធ្វើ​សិក្ខាសាលា​នៅ​កម្ពុជា​

228

អង្គសិក្ខាសាលា​កីឡា​វាយ​កូន​បាល់​ទ្វីបអាស៊ី (​រ៉ូ​ហ្សា​)​

(​ភ្នំពេញ​): កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រយៈពេល​៣​ថ្ងៃ ដើម្បី​ធ្វើ​សិក្ខាសាលា ស្ដីពី​ការអភិវឌ្ឍន៍​ការគ្រប់គ្រង​ការងាររដ្ឋបាល សម្រាប់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ ពីថ្ងៃ​ទី​១៥​ដល់​១៧​តុលា នៅ​សណ្ឋាគារ​តារា​អ៊ែរ​ផត​។​

​មាន​ប្រទេស​ចំនួន​២៥ ក្នុង​ទ្វីបអាស៊ី ដែលមាន​ប្រតិភូ​ចំនួន​៤៤​រូប​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​សម្រាប់​ទ្វីបអាស៊ី​បែបនេះ​។ គោលដៅ​រួម​នៃ​សិក្ខាសាលា គឺ​សម្រាប់​ប្រទេស​ក្នុង​តំបន់​រួមគ្នា​ពង្រឹង​ការអភិវឌ្ឍន៍​កីឡា​វាយ​កូន​បាល់​។​

​វេទិកា​នេះ​បង្កើតឡើង ដើម្បី​បង្ក​ការយល់ដឹង​អំពី​ការផ្លាស់ប្ដូរ​ថ្មី និង​ជួយ​អប់រំ​ដល់​អ្នកគ្រប់គ្រង​ក្នុង​តំបន់​ប្រតិបត្តិការ នៃ​ការធ្វើផែនការ និង​រៀបចំ​កម្មវិធី​ជាមួយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ពិភពលោក (International Tennis Federation) និង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី (Asian Tennis Federation) ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ កីឡាការិនី វាយ​កូន​បាល់​កម្រិត​អាជីព ព្រមទាំង​ជួយ​គ្នា​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​អន្តរជាតិ​ទៀតផង​។​

​លោក ទេព រិទ្ធី​វិ​ទ្ធ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា មានប្រសាសន៍ថា សិក្ខាសាលា​នេះ ដឹកនាំ​ដោយ​កញ្ញា Manpreet Khandari ដែលជា​នាយក​ប្រតិបត្តិ នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ទ្វីបអាស៊ី​។​

​លោក​បាន​បន្តថា គ្រូ និង​បុគ្គលិក​រដ្ឋា​បាល​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ត្រូវ​បានមក​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​នេះ ដើម្បី​ទទួលយក​នូវ​បទពិសោធន៍​ទ្រឹស្ដី​នានា ដើម្បី​ជា​ជំនួយ​សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​

​លោក​អគ្គលេខាធិការ​កីឡា​វាយ​កូន​បាល់​កម្ពុជា ក៏​ឲ្យ​ដឹង​ដែរ​ថា អង្គសិក្ខាសាលា​នេះ សមាជិក​នៃ​បណ្ដា​ប្រទេស​ដែល​ចូលរួម នឹង​បង្ហាញ​ប្រាប់​គ្នា​ទៅវិញទៅមក នូវ​អ្វីដែល​ថ្មី អ្វី​ដែលជា​គំនិតល្អ អ្វី​ដែលជា​បទពិសោធន៍ ដែល​គេ​ធ្លាប់​រៀបចំ​នៅ​ប្រទេស​គេ​បានទទួល​ជោគជ័យ​នោះ​។ លោក​បញ្ជាក់ថា​២៥​ប្រទេស គឺមាន​២៥​គំនិត​ហេតុនេះ លោក​ជឿថា អ្វីៗ​ប្រាកដ​ជាមាន​ចំណុច​ល្អ​ច្រើន​ជាមិនខាន​ឡើយ​៕L ដោយ​: រ៉ូ​ហ្សា​