តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អ​.​ស​.​បៈ​សេចក្តីថ្លែងការណ៍​សហភាព​អឺរ៉ុប​លម្អៀង​ក្រោម​ហេតុផល​នយោបាយ​

102
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នៅ​ហ្សឺ​ណែវ បាន​ឆ្លើយតប​ទៅនឹង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​(​ក្រូ​អាស៊ី​)​អូស្ត្រាលី​និង​បារាំង​ដែល​បានចេញ​សេចក្តីថ្លែងការណ៍​បរិយាយ​មិន​ត្រឹមត្រូវ​ពី​ស្ថានភាព​កម្ពុជា​និង​លម្អៀង​ជ្រុល​ក្រោម​ហេតុផល​នយោបាយ​និង​មាន​ស្តង់ដារ​ពីរ​។​

ឯកអគ្គរាជទូត អាន សុខ​ខឿន តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ តាមរយៈ​បទ​ធ្វើ​អន្តរាគមន៍​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ស្ថានភាព​ជាក់ស្ដែង​គឺថា លំហរ​នយោបាយ​បើកទូលាយ​កម្ពុជា​ត្រូវបាន​លើកតម្កើង​យ៉ាង​ប្រសើរ​។​

​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការលើក​បម្រាម​លើ​សកម្មភាព​នយោបាយរ​បស់​អតីត​សមាជិក​គណបក្សប្រឆាំង​ចំនួន​១១៨​រូប​។​អតីត​សមាជិក​ចំនួន​៩​រូប​ដែល​ត្រូវ​បានផ្ដល់​នីតិសម្បទា​ឡើងវិញ​បាន​បង្កើត​គណបក្ស​ថ្មី​ដែល​ធ្វើ​ឲ្យ​ចំនួន​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​សរុប​កើន​ដល់​ចំនួន ៤៤​។

​ខណៈពេល​សមាជិក​ជាច្រើន​ផ្សេងទៀត​មានបំណង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពួកគេ​ត្រូវបាន​រារាំង​ដោយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នោះ​ដោយបាន​លាប​ពណ៌​បុគ្គល​ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ថា​“​ជា​ជន​ក្បត់​”​។​ជា​អកុសល​បណ្ដា​ប្រទេស​ខាងលើ​ទាំងនោះ​បែរជា​នៅ​ស្ងៀម​នឹងធ្វើ​មិនឃើញ​ទៅវិញ​។​

លោក​បន្តថា​ក្នុង​ស្មារតី​ពហុបក្ស​និយម​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៨ ដែលមាន​សមាសភាព​ម​ក​ពី​គណបក្សកាន់អំណាច និង​គណបក្ស​ចំនួន ១៥ ផ្សេងទៀត ដែល​មិនមាន​អាសនៈ​ក្នុង​សភា​។​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ជាច្រើន​មក​ឆ្លើយ​សំណួរ​រសើប​ជា​ទៀងទាត់ និង​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទៅលើ​បញ្ហា​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​យុត្តិធម៌​សង្គម ។​លទ្ធផល​ដែល​ទទួលបាន​ត្រូវបាន​រាយការណ៍​ដោយផ្ទាល់​ជូន​សម្ដេចនាយក​រដ្ឋមន្ត្រី ។​

​ពាក់ព័ន្ធ​នឹង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការបញ្ចេញមតិ​ប្រទេស​កម្ពុ​ជាមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​និង​បោះពុម្ពផ្សាយ​ស្ថានីយទូរទស្សន៍​និង​វិទ្យុ​សរុប​ប្រហែល​ចំនួន​១.០០០​ខណៈពេល​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​និង​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ជា​ភាសា​ខ្មែរ​អាច​ស្តាប់​តាម​អន​ឡាញ​ដោយ​ពុំមាន​ការត្រួតពិនិត្យ​ជាមុន ។
​កាលពី​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បាន​អនុញ្ញាតឱ្យ​ការិយាល័យ​វិទ្យុ​សំឡេង​អាមេរិក​ចុះ​បញ្ជិកា​។
​នៅ​ប្រទេស​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​៧.៨​លាន​គណនី​ដែលជា​វេទិកា​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​ការបញ្ចេញ​មតិយោបល់​ជា​សាធារណៈ​។​ការ​ថ្លែង​សារ​នយោបាយ​និង​ការបញ្ចេញមតិ​លើ​កិច្ចការ​សាធារណៈ​ជាមួយនឹង​ការ​ជេរប្រទេច​ញុះញង់​ឱ្យមាន​អំពើហិង្សា​ការរើសអើង​ពូជសាសន៍​និង​ការអំពាវនាវ​ឲ្យ​មានការ​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើសរើស​ដោយ​ប្រជាជន ពុំមែន​មានន័យ​ស្មើ​និង​សេរីភាព​នៃ​ការបញ្ចេញមតិ​ឡើយ ។​

​ចំពោះ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​លោក​សុំ​មិន​ថ្លែង​សារជាថ្មី​ទេ​ព្រោះ​នៅក្នុង​សប្តាហ៍​នេះ​យើង​បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​ចំនួន​២​លើក​រួចមកហើយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះដែរ​គណៈប្រតិភូ​នៅ​ប្រទេស​ខាងលើ​ហាក់​ពុំបាន​យកចិត្តទុកដាក់​ស្ដាប់​។​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​បញ្ជា​កើ​ថា​នៅ​កម្ពុជា​គ្រប់​គណបក្សនយោបាយ​អ​ង្គ​ការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​គោរព​ច្បាប់​អាចធ្វើ​ប្រតិបត្តិការ​ដោយ​សេរី​លើកលែងតែ​ស្ថាប័ន​ប្រព្រឹត្ត​ខុសច្បាប់ ដែល​ត្រូវ​ហាមឃាត់​។

ករណីនេះ​ក៏​ដូចគ្នា​ទៅនឹង​ប្រទេស​ដទៃទៀត​ដែលមាន​វត្តមាន​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះដែរ​។ បទល្មើស​គឺជា​បទល្មើស​ហើយ​មិនអាច​ប្រើ​ជា​ទឡ្ហីករណ៍​សម្រាប់​គោលបំណង​ផ្សេង​ណាមួយ​ទៀតឡើយ​។​ដំណើរការ​នៃ​ការជំនុំជម្រះ​ក្តី​លោក​កឹម សុខា បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ប្រកបដោយ​តម្លាភាព ។ ជនជាប់ចោទ​និង​មេធាវី​របស់គាត់​បាន​ចូលរួម​ដំណើរការ​យ៉ាង​ល្អ​ក្នុង​ដំណើរការ​នីតិវិធីតុលាការ ។

​តំណាង​ស្ថានទូត​បរទេស​គណបក្ស​នយោបាយ​អ្នកសារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​តាមដាន​ក្នុង​បន្ទប់​សវនាការ​រហូត​ដែលមាន​កៅអី​ទំនេរ​។​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​លើកឡើងថា បណ្តា​ប្រទេស​ខ្លះ​មាន​កំណត់ត្រា​មិនទាន់​ល្អ​លើ​បញ្ហា​សិទ្ធិមនុស្ស មានដូចជា ការវាយប្រហារ​ទៅលើ​សេរីភាព​សារព័ត៌​មានច្បាប់​ប្រឆាំងនឹង​ការធ្វើ​បាតុកម្ម​គោលនយោបាយ​រើសអើង​ជនអន្តោប្រវេសន៍ និង​ការមិន​អត់ឱន​ចំពោះ​ជនជាតិភាគតិច​។ បញ្ជី​នៃ​បញ្ហា​នេះ​នៅមាន​បន្តទៀត ។

​តែ​ទោះជា​យ៉ាងណាក៏ដោយ​កម្ពុជា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​ការមិនធ្វើ​នយោបាយ​ភា​វូប​នី​កម្ម​បញ្ហា​សិទ្ធិមនុស្ស​។​ក្នុងន័យនេះ​ប្រទេស​ទាំងនោះ​គួរ​ជៀសវាង​ការប្រើប្រាស់​សិទ្ធិ​ជា​ឧបករណ៍​នយោបាយ​និង​ការអនុវត្ត​ស្តង់ដារ​ពីរ​ប្រសិនបើ​យើង​ចង់​បង្កើត​បរិយាកាស​នៃ​ទំនុកចិត្ត​និង​ភាពជឿជាក់​បាន​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ​៕S/


​ ​ ​រូបថត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​