តំណាង​អយ្យការ​បកស្រាយ​ការស្លាប់​ទណ្ឌិត​ម្នាក់​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ចាម​តាម​ការអំពាវនាវ​រប​ស់​សាច់ញាតិ​

869
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​តំណាង​អយ្យកា​រលោក​ហួត​វុទ្ធី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​បាន​បកស្រាយ​ជុំវិញ​ការស្លាប់​ទណ្ឌិត​ម្នាក់​ក្នុង​ពន្ធនាគារ​កន្លងមក​នោះ​ថា​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​ណាមួយ​ទេ​។​

គឺ​ជននេះ​បាន​ញៀន​ស្រា​មុន​ចាប់ខ្លួន​បណ្តាលឱ្យ​ពេល​ដើរទៅ​កាន់​បន្ទប់ទឹក​ក៏​បណ្តាល​ដួល​បោក​ក្បាល​របួសធ្ងន់​និង​បាន​ស្លាប់​នៅ​មួយថ្ងៃ​ក្រោយ​។​ប៉ុន្តែ​ក៏​នៅ​មិនទាន់​បិទ​បញ្ចប់​ការស៊ើបអង្កេត​ករណី​មនុស្ស​ស្លាប់​ក្នុង​ពន្ធនាគារ​នៅត្រឹម​នេះ​ទេ​។​

​ក្នុង​ស​ន្និសា​ទ​កាសែត​នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​លោក​ហួត​វុទ្ធី​ព្រះរាជអាជ្ញា​បានលើកឡើង​នៅ​ថ្ងៃទី ១ ឧសភា ២០១៩ ថា​ឈ្មោះ​ទិ​ត រ៉​ន អាយុ ៣៨ ឆ្នាំ នៅ​ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​យកមក​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​ចំនួន មួយ ឆ្នាំ​ពីបទ បង្ក​របួសស្នាម​ដោយ​ចេតនា លើ​អ្នកជិតខាង​ក្នុងភូមិ​ជាមួយ​កាលពី​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ​២០០៦​។​

​លោក​ព្រះរាជអាជ្ញា​បានលើកឡើង​ទៀតថា​ខណ​:​ឃុំខ្លួន​បណ្តោះអាសន្ន​រប​ស់​ស្នងការ​នគរបាល​ខេត្ត​នេះ​កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨​នោះ​គឺ​ឈ្មោះ​ទិ​ត​រ៉​ន​បាន​ស្នាក់នៅ​បន្ទប់​ឃាត់ខ្លួន​ជាមួយ​បុរស​ពីរ​នាក់​ផ្សេងទៀត ឈ្មោះ ម៉េង អេង អាយុ ២៨ ឆ្នាំ ដែល​បាន​ចាប់ខ្លួន​តាម​ដីកា ពី​ខាង​ស្រុក​ស្ទឹងត្រង់ និង​ម្នាក់ទៀត​ឈ្មោះ ម៉ាន គឹម​លន់ ឃាត់ខ្លួន​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ពី​ស្រុក​ស្រី​សន្ធរ​។​

​លោក​បាន​បន្តថា​នៅ​យប់​ថ្ងៃទី​១៧​មេសា​ដដែល​នោះ​ទិ​ត​រ៉​ន​បាន​ដើរ​ទៅកាន់​បន្ទប់ទឹក​ក្នុង​បន្ទប់​ឃាត់ខ្លួន​នោះ ទាំង​អាការ​:​រញីរញ័រ​ដៃជើង និង​បែកពពុះមាត់ ក៏បាន​ដួល​ផ្កាប់មុខ​នៅ​ទីនោះ​សន្លប់​តែម្តង​។

ស្លាកស្នាម​នៃ​ការ​ដួល​នេះ​យើង​មានការ​ស្រាវជ្រាវ​ធ្វើ​កោសល្យវិច័យ​តាម​លក្ខណ​:​បច្ចេកទេស​ត្រឹមត្រូវ​ក្រោយពី​កើតហេតុ​។ដោយ​ស្ថានភាព​របួស​មាន​លក្ខណ​:​ធ្ងន់ធ្ងរ ទិ​ត រ៉​ន ក៏បាន​ស្លាប់​នៅក្នុង​បន្ទប់ នៃ​មណ្ឌល​សុខភាព នៅក្នុង​ពន្ធ​នា​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី ១៨ ខែមេសា ឆ្នាំ​២០១៩​។​

លោក​បាន​បន្ថែមថា​តាម​ការបញ្ជាក់​សាច់ញាតិ​និង​អ្នកជិតខាង​ក្នុងការ​ស្រាវជ្រាវ​ពី​ភូមិ​កន្លែង​រស់នៅ​ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់​ថា ទិ​ត​រ៉​ន​ពិតជា​បាន​ញៀន​ស្រា​ជាប្រចាំ​។​គឺ​ក្នុង​មួយថ្ងៃ​ប្រមាណ កន្លះ​លីត្រ​។​មានន័យថា​គាត់​បាន​ញៀន​នឹង​ស្រា​គឺ​ស្ថានភាព​នៃ​សិរី​រា​ង្គ​របស់គាត់​ញ័រ​បើ​អត់​មាន​ស្រា​ការគ្រប់គ្រង​សារពាង្គកាយ​ទាំងមូល​គឺ​ពិបាក​។​ប៉ុន្តែ​ក្នុង​បន្ទប់​ឃាត់​ឃុំខ្លួន​យើង​មិន​អនុញ្ញាត​ឲ្យ​ទទួលទាន​ស្រា​ទេ​។​

ឈ្មោះ ម៉េង អេង ជា​សាក្សី​បាន​និយាយ​នៅក្នុង​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី ១ ឧសភា​ដែរ​ថា​នៅ​ព្រឹក​ថ្ងៃទី​១៧​មេសា​នោះ​លោក​ពិតជា​បាន​ស្ថិតក្នុង​បន្ទប់​ឃាត់ខ្លួន​មួយ​មាន​គ្នា​ចំនួន​បីនាក់​មែន​។​ឃើញ​ព្រឹ​ត្ត​ការណ៍​មាន​អ្នក​ត្រូវ​ឃាត់ខ្លួន​ម្នាក់ ទំនងជា​ស្រវឹងស្រា បាន​ដើរទៅ​បន្ទប់ទឹក​ក៏​ផ្កាប់មុខ​ត្រូវ ចំ​មាត់​អាង ហើយ​បាន​ធ្លាក់​លើ​កម្រាល​បេតុង​ម្តងទៀត​។ ដោយមាន​របួស​បែក​ត្របកភ្នែក​ខាងស្តាំ​មាន​ហូរឈាម និង​សន្លប់​បាត់ស្មារតី​។​

​ប្រភព​នោះបាន​បន្តថា ក្រោយពី​ខាង​មន្ត្រីនគរបាល​ធ្វើ​ចលនា​បេះដូង​ឱ្យ​ក៏បាន​ដឹងខ្លួន​ឡើងវិញ ហើយ​ត្រូវបាន​គ្រូពេទ្យ​រុំ​របួស​ឲ្យ និង​បាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​សាលាដំបូង​ខេត្តកំពង់ចាម ។​បន្ទាប់មក​បាន​យកមក​សម្រាក​មួយ​យប់​ជាមួយគ្នា​នៅ​កន្លែង​ឃាត់ខ្លួន​របស់​នគរបាល​។​ព្រឹក​ថ្ងៃទី ១៨ មេសា​នាំទៅ​ដាក់ពន្ធនាគារ​បន្ទប់​ផ្សេងគ្នា គឺ​អ្នកស្លាប់​នោះ​ឃុំ​នៅ​បន្ទប់​ជិត​គ្រូពេទ្យ​។​

​ជុំវិញ​ករណី​ខាងលើនេះ​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៩​នេះ​មិនអាច​សុំ​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទៅកាន់​លោក អៀម ទិ​ត ជា​ឪពុក​របស់​សព ទិ​ត​រ៉​ន​ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​បានទេ​។ ដោយ​កាលពី​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៩​លោក ធ្លាប់បាន​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ សមត្ថកិច្ច ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​រក​យុត្តិធម៌​នោះ​។​ដើម្បី​ចង់ដឹងថា​ខាង​លោក​និង​សាច់ញាតិ​ទទួលយក​ការបកស្រាយ​របស់​ខាង​តំណាង​អយ្យការ​ពី​មរណភាព​របស់ ទិ​ត រ៉​ន បាន​ឬ​យ៉ាងណា​នោះ​។​

​លោក​ហួត​វុទ្ធី​នៅបាន​លើកឡើង​នៅ​ថ្ងៃទី​២​ឧសភា​បន្ថែមថា​ក្នុង​សំណុំរឿង​ស្លាប់​អ្នកទោស​នៅ​ពន្ធនាគា​ខេត្តកំពង់ចាម​នេះ​ខាងយើង​នៅ​មិនទាន់​បិទ​បញ្ចប់​ការស៊ើបអង្កេត​នៅត្រឹម​នេះ​ទេ​ដោយ​បន្ត​ស៊ើបអង្កេត​ទៀត និង​រង់ចាំ​ការបកស្រាយ​ពន្យល់​បន្ថែម​៕S/​