តំណាង អ​.​ស​.​ប ប្រចាំ​កម្ពុជា ធ្វើ​ទស្សនកិច្ច ស្វែងយល់​វិស័យ​សកម្មភាព​មីន នៅតាម​ខេត្ត នៃ​ប្រទេស​កម្ពុជា

1128
ចែករម្លែក
លោក​ទេសរដ្ឋមន្ត្រី លី ធុជ , លោកស្រី ផៅ​លីន តា​មេ​សីស (Mrs Pauline Tamesis ) តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា និង​ប្រតិភូ ទស្សនា​សារមន្ទីរ​មីន និង​កាកសំណល់​សង្គ្រាម​-​ស៊ីម៉ាក់ និង​ទីបញ្ជាការដ្ឋាន អង្គការ​ហេ​ឡូ​ត្រា​ស្ត ប្រចាំ​កម្ពុជា នៅ​ខេត្តសៀមរាប និង​ចម្ការមីន នៅ​ខេត្តបន្ទាយមានជ័យ (​រូប​:​ភ្នំ​ស្វាយ​)​

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: តំណាង​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ប្រចាំ​កម្ពុជា បាន​ទស្សនកិច្ច​ស្វែងយល់ វិស័យ​សកម្មភាព​មីន នៅតាម​ខេត្ត នៃ​ប្រទេស​កម្ពុជា ហើយ​អះអាងថា នឹង​ឧ​បត​ម្ថ​ម្ភ​គាំទ្រ ប្រទេស​កម្ពុជា ឱ្យុ​សម្រេចបាន​នូវ​ក្តី​សុបិន បំបាត់​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាំ​ន់​ផ្ទុះ នៅ​កម្ពុជា នៅ​ឆ្នាំ​២០២៥​។​

​នៅ​ថ្ងៃទី​៤ ឧសភា លោកស្រី ផៅ​លីន តា​មេ​សីស (Mrs Pauline Tamesis ) តំណាង​របស់​កម្មវិធី​អភិវឌ្ឍន៍ របស់​អង្គការសហប្រជាជាតិ និង​ជា​អ្នកសម្របសម្រួល របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា រួម​ដំណើរ​ដោយ​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា និង​ប្រតិភូ បានមក​បំពេញ​ទស្សនកិច្ច នៅ​សារមន្ទីរ​មីន និង​កាកសំណល់​ស​ង្ក្រា​ម របស់​អង្គការ ស៊ីម៉ាក់ (CMAC) នៅ​ខេត្តសៀមរាប និង​នៅ​ទីបញ្ជាការដ្ឋាន អង្គការ​ហេ​ឡូ​ត្រា​ស្ត (HALO Trust) ប្រចាំ​កម្ពុជា នៅ​ស្រុក​ពួក ខេត្តសៀមរាប ។​

​អ្នកស្រី ផៅ​លីន បាន​ទទួលស្គាល់ថា បញ្ហា​គ្រាប់មីន នៅ​កម្ពុជា ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​យ៉ាងខ្លាំង ជាពិសេស​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល​។ លោកស្រី បាន​ជម្រាបជូន លោក​ទេសរដ្ឋមន្ត្រី លី ធុជ ថា​: លោកស្រី នឹង​ខិតខំ​ស្វែងរក​ជំនួយ ជាពិសេស​ជំរុញ​ឲ្យ​រដ្ឋ​ភាគី នៃ​អនុសញ្ញា​អូ​តា​វ៉ា ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ជួយ​ដល់​វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា ថែមទៀត​។

​ចំណែក លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក៏បាន​ជម្រាប​ដល់​លោកស្រី ផៅ​លីន តា​មេ​សីស វិញ អំពី​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​អាជ្ញាធរ​មីន​កម្ពុជា ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ ក្នុងការ​អនុវត្ត​អនុសញ្ញា ស្តីពី​ការហាម ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន ប្រឆាំង​មនុស្ស (​ឬ​ហៅថា អនុសញ្ញា​អូ​តា​វ៉ា​) ក្នុងនាម​ជា​រដ្ឋ​ភាគី​ផង និង​ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា តែម្តង​ផង​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើ​ឲ្យ​ប្រតិបត្តិ​ករ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​ការយល់ដឹង អំពី​គ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឲ្យ​បាន​មាន​ប្រសិទ្ធភាព​ថែមទៀត នៅក្នុង​តំបន់ ដែល​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ ដើម្បី​កុំ​ឲ្យ​មាន​ប្រជាពលរដ្ឋ​កម្ពុជា រងគ្រោះ ដោយសារ​មីន / គ្រាប់​យុទ្ធ​ភ័​ណ្ឌ ថែមទៀត ជាពិសេស ត្រូវផ្តោត​ការយកចិត្តទុកដាក់ លើ​តំបន់​គោលដៅ ដែលមាន​គ្រោះ​ថ្នាក់ខ្ពស់ និង​ក្មេង​តូចៗ ដែល​រស់នៅ​តំបន់​ទាំងនោះ​។

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ លោកស្រី Pauline Tamesis និង​សហការី ដែល​បាន​ចំណាយពេល ដ៏​មានតម្លៃ ចុះ​ស្វែងយល់ អំពី​វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា និង​ការប្តេជ្ញាចិត្ត របស់លោក​ស្រី ក្នុង​ការជួយ ដល់​វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា​៕ ល​

#