តំណាល​, តំណែង​, តំណក់​, តំណ​, ដំណាច់​, តំណាង​, ថ្វីបើ​, ទំនប់​, ទំនុកបម្រុង​, ទំនាយ​, ​ទំនេរ​, និពន្ធ​, និន្នាការ​, និក្ខេបបទ​, និមិត្តរូប​, និមន្ត​, និមិត្ត​

926
ចែករម្លែក

តំណាល ( កិ​. ) និយាយ​បូរបាច់​, ប្រាប់​, ថ្លែង​, ពោល ពណ៌នា នូវ​រឿង​, ហេតុ​, ដំណើរ អ្វីមួយ ដែល​កន្លង​ហួស​ទៅ យូរហើយ ឲ្យ​គេ​ស្ដាប់ : ជីតា​ខ្ញុំ​បាន​តំណាល​ថា កាល ជំនាន់​គាត់​ពី​ក្មេង ក្នុងប្រទេស​ខ្មែរ​យើង ស្រូវ ៨០ ថាំង​រាយ​ថ្លៃ​មួយ​ណែន (១៦ រៀល​), ប៉ុន្តែ​កាល​ក្នុង​ជំនាន់​នោះ​ក្រ​ប្រាក់​ណាស់​,​ខ្ញុំ​ចេះ​រឿងនេះ​ដោយសារ​ចាស់ៗ​តំណាល ប្រាប់ ។

​តំណែង ( កិ​. ) (​ម​. ព​. ដំណែង កិ​.) ។ ( ន​. ) អ្វីៗ​ដែល​គេ​តែង ។ របៀប​លំដាប់ កិត្តិយស​មន្ត្រី​, មុខក្រសួង​, មុខងារ​, មុខការ : លាចាក​មុខតំណែង​,​ដាក់​ឲ្យ​នៅក្រៅ តំណែង ។

​តំណក់ ( ន​. ) សភាវៈ​រាវ​ដែលមាន​ចំនួន​តិច​ល្មមតែ​ស្រក់​ចុះ​តក់ៗ : ទឹក​មួយ​តំណក់​, តំណក់ភ្លៀង ។

​តំណ ( ន​. ) កន្លែង​ដែល​ត​, មុខ​ដែល​ត​ភ្ជាប់​គ្នា​; កាល​, គ្រា​, ជំនាន់​, ដែល​ត​គ្នា : តំណខ្សែ​; តំណ​នៃ​វង្ស​ត្រកូល​; ចម្រៀង​នេះ​មាន​តំណ​ពី​រឿង​មុន​មក ។

​ដំណាច់ ( ន​. ) ការ​ដាច់​, ដំណើរ​ដាច់​, អ្វីៗ​ដែល​ដាច់ : ដំណាច់ឆ្នាំ​ចាស់​, ដំណាច់ខែ ។

​តំណាង ( ន​. ) រូបតាង​, រូប​ជំនួស ។ អ្នក​ដែល​ធ្វើ​អ្វីៗ​តាង​គេ​, តាងក្រុម ឬ​តាង​អំណាច អ្វី​នីមួយៗ : ចាត់​តំណាង​, តំណាងរាស្ត្រ​, លោក​នេះ ជា​តំណាង​លោក​រដ្ឋមន្ត្រី ។ (​រ​. ស​.) ព្រះរាជតំណាង (​ព្រះ​រា​ជៈ​–) ។

​ថ្វីបើ ( និ​. ) ទោះបីបើ​, បើទុកជា​… ក៏ដោយ : ថ្វីបើ​ខ្ញុំ​ឈឺ​ប៉ុណ្ណឹង​ខ្ញុំ​គង់​ខំប្រឹង​ធ្វើការ ខាងមុខ​ខ្ញុំ​ឲ្យ​បាន ហើយ​ស្រេច​ដូចជា​អ្នក​រាល់គ្នា​ដែរ ។

​ទំនប់ ( ន​. ) ពំនូកដី​ដែល​គេ​លើក​ទប់​រាំង​ផ្លូវទឹក : លើក​ទំនប់ ។ ព​. ប្រ​. ឧបាយ​; ទ្រព្យ​; សំណូក ឬ​មនុស្ស​ដែល​ទប់​ផ្លូវសេចក្ដី​, ទប់​ដំណើរ​ឲ្យ​អាក់ ឲ្យ​ទើស​ទាក់ ទៅតាម​លំ​អាន​តាម​គន្លង​មិន​រួច : កុំ​អាង​ទំនប់​ជាង​ច្បាប់ ។

​ទំនាក់ ព​. ថ​. ( ន​. ) ការ​ទាក់​គ្នា : ទំនាក់ទន្លេ គឺ​អាការ​នៃ​ទន្លេ​ដែល​ជាប់​ទាក់​ត​គ្នា (​ទន្លេ​មួយ​ជាប់​នឹង​ទន្លេ​មួយ​) បែក​ចេញទៅ (​បារ​. កាប់​តួរ Capture) ។​ការទា​ក់ដោយ មាន​ធ្នាក់ : ទំនាក់​ដំរីព្រៃ​នៃ​ពួក​ហ្ម (​ដំរី​) ។ ទំនាក់ទទា​ការ​ទាក់ទទា​ព្រៃ​ដោយមាន ទទា​ធ្នាក់ ។

​ទំនុកបម្រុង ( កិ​. ) ផ្គត់ផ្គង់​, ផ្ចុងផ្ដើម ប្រុង​នឹង​ឲ្យ​កើត​កាល​វាលគុម្ព​, ជួយឧបត្ថម្ភ​, គាំទ្រ : ម្ដាយ​ឪពុក​ត្រូវ​ទំនុកបម្រុង​កូន​ឲ្យ​ដិតដល់ ។

​ទំនាយ ( ន​. ) ពាក្យ​, សេចក្ដី​ដែល​គេ​ទាយ : ទំនាយ​របស់​អ្នកណា ?; ទំនាយ​នុ៎ះ​អ្នក ណា​ទាយ ទុក​មក ?; ទំនាយព្រះពុទ្ធ​, ទំនាយគ្រូ​, ទំនាយហោរ​, មាន​ទំនាយ​ត្រូវ​ឲ្យ​ធ្វើ ការ​នុ៎ះ​កើត ។

​ទំនេរ ( គុ​. ឬ កិ​. វិ​. ) ឥតមាន​រវល់​, ឥតមាន​ជំពាក់​ដោយហេតុ​អ្វី​នីមួយ : មនុស្ស​ទំនេរ​, ពេលទំនេរ​; កន្លែង​ទំនេរ​, នៅ​ទំនេរ ។

​និពន្ធ និ​ពន់ បា​. ( កិ​. ឬ គុ​. ) តែង​ឡើង​, ចងក្រង​, រៀបរៀង : និពន្ធពង្សាវតារ​, និពន្ធ​រឿង​ប្រលោមលោក​; ដែល​ចង​ហើយ​; ដែល​តែង​ហើយ​, ដែល​សម្រេច​ឲ្យ​មាន កម្រិត​ហើយ​,…​រឿង​និពន្ធ ។ ន​. ចំណង (​សេចក្ដី​), សេចក្ដី​តែង​, ពំនោល ។​ល​។ (​រ​. ស​.) : ព្រះ​និពន្ធ​, ព្រះរាជ​និពន្ធ គឺ​សេចក្ដី​ដែល​ស្ដេច​ទ្រង់​តែង​, ទ្រង់​រៀបរៀង (​ម​. ព​. រាជនិពន្ធ ផង​) ។

​និន្នាការ និ​ន​-​នា​កា បា​. ( ន​. ) (​និ​ន្ន + អាការ​) អាការ​ដែល​ទ្រេត​ទេរ​ទៅ ឬ​ដែល លម្អៀង​ទៅ​ម្ខាងៗ : ប្រទេស​នេះ​មាន​និន្នាការ​ទៅខាង​ឆ្វេង​, ប្រទេស​នោះ​មាន​និន្នាការ ទៅខាង​ស្ដាំ​, ប្រទេស​អព្យាក្រឹត​ឋិត​នៅត្រង់​កណ្ដាល ឥតមាន​និន្នាការ​ទៅខាង​ឆ្វេង ឬ​ទៅខាង​ស្ដាំ​ឡើយ ។

​និក្ខេបបទ និក​-​ខេ​ប៉ៈ​-​បត់ បា​. ( ន​. ) បទ​ឬ​មាតិការឿង​ដែល​លើក​យកមក​ដាក់​ជា គោល ដើម្បី​អធិប្បាយ​ពង្រីក​សេចក្ដី​ឲ្យ​ល្មម​ស្ដាប់​បាន ។ ពាក្យ​នេះ សព្វថ្ងៃ​ប្រើ​សំដៅ យក​សៀវភៅ​ដែល​បេក្ខជន​តែង​ឡើង​ហើយ​ដាក់ជូន​ឲ្យ​គណៈមេប្រយោគ​ពិនិត្យ​ក្នុងការ​ប្រឡង​យក​ថ្នាក់បណ្ឌិត​ផ្នែក​វិជ្ជា​ណាមួយ : និក្ខេបបទ​ផ្នែក​ខាង​ទស្សនវិជ្ជា​; ខ្ញុំ​បាន​ជូន និក្ខេបបទ​ដល់​គណៈមេប្រយោគ​រួចហើយ (​បារ​. Thèse) ។

​និមិត្តរូប –​មិ​ត​-​តៈ​– បា​. ( ន​. ) រូប​ជា​គ្រឿង​កំណត់សម្គាល់ គឺ​វត្ថុ​ជា​តំណាង​អ្វីមួយ ដែល​គ្មាន​រូប ដូចជា​ជញ្ជីង​ទុកជា​តំណាង​នៃ​សុចរិតយុត្តិធម៌​ជាដើម :​ជញ្ជីង​ជា​និមិត្តរូប នៃ​យុត្តិធម៌​, អំបោះ​ចងដៃ​គូ​ស្វាមីភរិយា​ថ្មី ទុកជា​និមិត្តរូប​នៃ​ពរ ៤ ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ (​បារ​. Symbole) ។

​និមន្ត និ​មន់ បា​. ( កិ​. ) អញ្ជើញ​, សូម​ឲ្យ​ទៅ ឬ​សូម​ឲ្យ​មក (​ស​. ស​.) : និមន្ត​លោក ទេស្នា​, និមន្ត​លោក​ទៅ​បិណ្ឌបាត​, និមន្ត​លោក​មក​ឆាន់ ។

​និមិត្ត –​មិ​ត សំ​. បា​. ( ន​. ) ដើមហេតុ​, លក្ខណៈ​, គោល​, ចារឹក​, គ្រឿង​សម្គាល់ : និមិត្តសីមា ជា​គ្រឿង​ដែល​ភិក្ខុសង្ឃ​បានកំណត់​យក​ជា​គោល​ចារឹក​សីមា ។ ខ្មាស​របស់​បុរស​ស្ត្រី : និមិត្តបុរស​, និមិត្តស្ត្រី ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​