តំណែង​, តំណាង​, តុសិត​, ឋានានុក្រម​, ឋាន​, ឋានៈ​, ថេរ​, ចណ្ឌ​, ចន្ទ​, ច័ន​

160
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​តំណែង ( កិ​. ) (​ម​. ព​. ដំណែង កិ​.) ។ ( ន​. ) អ្វីៗ​ដែល​គេ​តែង ។ របៀប​លំដាប់​កិត្តិយស​មន្ត្រី​, មុខក្រសួង​, មុខងារ​, មុខការ : លាចាក​មុខតំណែង​, ដាក់​ឲ្យ​នៅក្រៅ​តំណែង ។

​តំណាង ( ន​. ) រូបតាង​, រូប​ជំនួស ។ អ្នក​ដែល​ធ្វើ​អ្វីៗ​តាង​គេ​, តាងក្រុម ឬ​តាង​អំណាច​អ្វី​នីមួយៗ : ចាត់​តំណាង​, តំណាងរាស្ត្រ​, លោក​នេះ ជា​តំណាង​លោក​រដ្ឋមន្ត្រី ។ (​រ​. ស​.) ព្រះរាជតំណាង (​ព្រះ​រា​ជៈ​–) ។

​តុសិត ដុះ​សិត បា​. ( ន​. ) ឈ្មោះ​ឋាន​កាមាវចរ​សួគ៌​ជាន់​ទី ៤, មាន​ព្រះបាទ​ស​ន្តុ​សិត​ទេវរាជ ជា​អធិបតី​គ្រប់គ្រង​; ព្រះ​ពោធិសត្វ​, ព្រះពុទ្ធ​បិតា​, ព្រះពុទ្ធ​មាតា និង​អស់លោកអ្នក​មានបុណ្យ វិសេស​ឯទៀតៗ តែង​ចាប់កំណើត​កើត​នៅ​អាស្រ័យ​ក្នុងឋាន​នេះ​ជា​ញឹកញយ​; ព្រះ​បរម​ពោធិ សត្វ​រាល់​អង្គ​, ក្នុង ១ ជាតិ មុននឹង​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុពុទ្ធ​, សុទ្ធតែ​ចាប់កំណើត​កើត​នៅ ក្នុងឋាន​តុសិត​នេះ​សិន​, លុះដល់​កាល កំណត់ ទើប​ច្យុត​មក​ចាប់​ព្រះ​ជាតិ​ជាទីបំផុត ហៅថា បច្ឆិមជាតិ ក៏បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ក្នុង​បច្ឆិមជាតិ​នេះ ។

​ឋានានុក្រម ឋា ន៉ា នុ ក្រំ បា​.; សំ​. ( ន​. ) (​ឋាន + អនុ​ក្កម > ឋា​នា​នុ​ក្កម​; ស្ថាន + អនុក្រម > ស្ថា​នា​នុ​ក្រម​) លំដាប់​ឬ​របៀប នៃ​ទី​, នៃ​ងារ​, នៃ​មុខងារ​, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើពាក្យ​នេះ​ជា​តំណែង​នៃ​សមណស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជា គណៈ តាម​លំដាប់​ចុះមក : និមន្ត​ព្រះ​ភិក្ខុសង្ឃ​រាជាគណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត ។

​ឋាន បា​.; សំ​. ( ន​. ) (​ស្ថាន​) ទី​, កន្លែង​, តំបន់​, ប្រទេស​, ទីតាំង​, ទី​តម្កល់ ។​ល​។ : ឋានមនុស្ស​, ឋានសួគ៌​, ឋានព្រហ្ម​; នៅ​ឋាន​ណា ? មកពី​ឋាន​ណា ? ។ តួ​ផ្ទៃរាប​ដែល​លាបថ្នាំ​ឆ្លាស់ពណ៌ : ឋានស​, ឋានលឿង​…​។ តួ​ផ្ទៃ​គ្រឿង​រចនា ត្រង់​ដែល​រាប ដែល​រលីង : ក្រោម​ក្បាច់​ត្របកឈូក ត្រូវ​ទុក​ឲ្យ​មាន​ឋាន​ទំហំ ៤ ឆ្នាប់ ។

​ឋានៈ –​ន៉ៈ បា​.; សំ​. ( ន​. ) (​ឋាន​; ស្ថាន​) ហេតុ​, ដំណើរ​, ទំនង : សេចក្ដី​នេះ​មាន​ឋានៈ​គួរ​ឲ្យ ជឿ​បាន ។ ងារ​, មុខងារ​, ថ្នាក់​ងារ​, ថ្នាក់​ស័ក្តិយស : លោក​មាន​ឋានៈ​ជា​អ្វី ?–​មាន​ឋានៈ​ជា​រដ្ឋ លេខាធិការ​ក្រសួង​សង្គមកិច្ច​; គួរ​កុំ​ប្រកាន់​ឋានៈ​ពេក ។

​ថេរ បា​.; សំ​. ( គុ​. ) (​ថិ​រ​; ស្ថិរ​) មាំមួន​, ខ្ជាប់ខ្ជួន​, យឺនយូរ​; សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ឋិត : ឋិតថេរ គឺ​តាំងនៅ​មាំ​, យឺនយូរ​; (​ម​. ព​. ឋិតថេរ ទៀតផង​) ។

​ចណ្ឌ សំ​. បា​. ( គុ​. ) (​ចណ្ឌ​) កាច​; ក្ដៅ​; ហឹរ … ។ ន​. កំណាច​, សេចក្ដី​ក្រោធ​, កំហឹង … ។ ទឹកច័ណ្ឌ (​រ​. ស​.) សុរា (​ពាក្យ​ហៅ​ដោយ​សន្មត​បញ្ចៀស​ឈ្មោះ​ស្រា​) ។

​ចន្ទ ច័ន បា​. ( ន​. ) សភាវៈ​សម្រាប់​បំភ្លឺ ជា​ចម្បង​ជាង​ពន្លឺ​ទាំងអស់ ដែល​ភ្លឺ​ក្នុង​វេលាយប់ : ព្រះ​ចន្ទ​ពេញវង់ ហៅ​តាម​ពាក្យ​ធម្មតា​ថា លោក​ខែ​, ខែរះ​, ខែលិច​, ខែភ្លឺ ។

​ច័ន ( ន​. ) ឈ្មោះ​ឈើ​មាន​ផ្លៃ កាល​នៅ​ខ្ចី​មាន​រស​ចត់ លុះដល់​ទុំ មាន​ក្លិនក្រអូប​ប្រហើរ​ឈ្ងប់ មាន​រសផ្អែម​ប្រើ​ជា​បង្អែម ។ មាន ២ ប្រភេទ​គឺ មាន​ផែ្ល​មូល​, មាន​ផ្លែ​សំប៉ែត​ទ្រ​មៀ​ចៗ នេះ​ច្រើន​ហៅ មាក់ប៉ែន ពុំ​សូវ​ដែលមាន​គ្រាប់​ទេ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា