តំបន់​កា​ស្មៀ​ខាងឥ​ណ្ឌា​ត្រូវ​បិទ​ដើម្បី​ប្រឆាំង​នឹង​វត្តមាន​នាយករដ្ឋមន្ត្រី​ឥណ្ឌា​

493

ផ្នែកធំៗនៃរដ្ឋកាស្មៀខាងឥណ្ឌាគ្រប់គ្រងបានបិទកាលពីថ្ងៃសៅរ៍ទី១៩ឧសភា ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចមួយដោយនាយករដ្ឋមន្រ្តី ណារេនដ្រា ម៉ូឌី មកកាន់តំបន់ដែលមានប្រជាជនអ៊ីស្លាមរស់នៅភាគច្រើននេះ។

ហាងទំនិញនិងផ្លូវធំរបស់ទីក្រុងស្រ៊ីណាហ្កា បានបិទនិងទទេ លើកលែងតែប៉ូលិសនិងយោធាដែលល្បាត ខណៈអាជ្ញាធរបង្កើនសន្តិសុខជាអតិបរមាសំរាប់ដំណើររបស់ម៉ូឌី។

អាជ្ញាធរក៏បានកាត់ផ្តាច់សេវាអ៊ិនធឺណិតនៅក្នុងតំបន់ និងដាក់បំរាមគោចរនៅផ្នែកនៃក្រុងស្រ៊ីណាហ្កា។

បណ្តាក្រុមផ្តាច់ខ្លួនជាច្រើនប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌានៅកាស្មៀ ។ពួកគេបានអំពាវនាវអោយធ្វើកូដកម្មនិងការដើរតវ៉ាប្រឆាំងមកកាន់ទីលានមួយក្នុងក្រុងជាហេតុនាំអោយផ្លូវសំខាន់ៗនិងទីលានក្នុងក្រុងត្រូវបានរាំងខ្ទប់ដោយលួសបន្លា។

អាជ្ញាធរក៏បានបញ្ជាអោយសាលារៀន និងមហាវិទ្យាល័យបិទទ្វារផងដែរ។

លោកម៉ូឌី មកកាន់ទីក្រុងស្រ៊ីណាហ្កានិងទីក្រុងចាមមូ ដើម្បីសម្ពោធគំរោងវារីអគ្គិសនីមួយនៅជិតព្រំដែនប៉ាគីស្ថាន។ដំណើររបស់លោកបានកើតឡើងបន្ទាប់ពីជនស៊ីវិល៨នាក់ (៤ឥណ្ឌា ៤ប៉ាគីស្ថាន) រួមទាំងទាហានឥណ្ឌាម្នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃដាក់គ្នារវាងកងកម្លាំងឥណ្ឌានិងប៉ាគីស្ថាន។

គំរោងវារីអគ្គិសនីនេះ ត្រូវបានប៉ាគីស្ថានជំទាស់ដោយអះអាងថា ការសង់សំណង់លើទន្លេដែលហូរចូលប៉ាគីស្ថាននេះនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក។

សូមបញ្ជាក់ថា ប៉ាគីស្ថានត្រួតត្រាមួយផ្នែកនៃទឹកដីនេះ ហើយដូចឥណ្ឌាដែរ អះអាងកាស្មៀជារបស់ខ្លួនទាំងមូល។កាស្មៀត្រូវបានបែងចែកជាកាស្មៀឥណ្ឌានិងកាស្មៀប៉ាគីស្ថានចាប់តាំងពីការបញ្ចប់ការគ្រប់គ្រងអង់គ្លេសនៅឆ្នាំ១៩៤៧។ពួកឧទ្ទាមចាប់តាំងពីឆ្នាំ១៩៨៩មកបានប្រយុទ្ធដើម្បីកាស្មៀឯករាជ្យឬបញ្ចូលជាមួយប៉ាគីស្ថាន៕
ដោយ៖វាសនា

សន្តិសុខត្រូវបានរឹតបន្តឹងជាទីបំផុតក្នុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា