ចែករម្លែក
  • 2
    Shares

ដោយ​: បូកគោ / កំពត​: នាឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ដ៏​ខ្លី​ខាងមុខនេះ សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​រង់ចាំ ស្វាគមន៍​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ជាមួយនឹង​ការដើរ​លម្ហែ​តាម​ស្ពាន​កាត់​ព្រៃកោងកាង ការ​គយគន់​សកម្មភាព​អ្នក នេសាទ ព្រមទាំង​ការ​ជិះទូក​កម្សាន្ត និង​ទស្សនា​បែរ​ចិញ្ចឹម​ត្រី​របស់​សមាជិក​សហគម​ន៍​ក្នុង​ផ្ទៃសមុទ្រ​ដ៏​ល្ហល្ហេវ​។​

​លោក​ទិ​ត្យ រី​ន ប្រធាន​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​បាន​រៀបរាប់ថា រយៈពេល​ជិត​បួន​ឆ្នាំក្រោយ​បង្កើត ឡើង​ក្រោម​កិច្ចសហការ​គាំទ្រ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​មួយចំនួន សហគមន៍​បាន​ឈានទៅ​កែប្រែ​ផ្នែក ខ្លះ​នៃ​ដែន​គ្រប់គ្រង​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​។ ក្នុង​នោះបាន​សាងសង់​ស្ពាន​កាត់​ព្រៃកោងកាង និង​លើ ផ្ទៃសមុទ្រ​ផ្នែក​ទឹក​រាក់​ប្រវែង​១៤០​ម៉ែត្រ សង់​ខ្យូ​ស​ធំ​ទូលាយ​មួយ​ខ្នង​សម្រាប់​ភ្ញៀវ​អង្គុយលេង និង​បាន​ស្ថាបនា​ផ្លូវ​ប្រវែង​១.៥០០​ម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣​មកដល់​ទីតាំង​នៃ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​នេះ​។ លើសពីនោះ សហគមន៍​កំពុង​ចាក់​ពង្រីក​ចំណតរថយន្ត​ម៉ូតូ​ដែល​អាច​នឹង​សម្រេច​រួចរាល់​មុន​ថ្ងៃ​ចូលឆ្នាំ​មកដល់​។

​លោក​ប្រធាន​សហគមន៍​បាន​បន្តថា ជាមួយ​សមិទ្ធផល​ដែល​បាន​បង្កើតឡើង​ទាំងនេះ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី ក៏ដូចជា​ពិធីបុណ្យ​ជាតិ អន្តរជាតិ​ផ្សេងៗ​ទៀត សហគមន៍​នឹង​ស្វាគមន៍​ភ្ញៀវ​ជិត​ឆ្ងាយ​ក្នុងការ​មក​កម្សាន្ត រួមមាន ដំណើរ​លម្ហែ​តាម​ស្ពាន​កាត់​ព្រៃកោងកាង ការ គយគន់​សកម្មភាព​អ្នកនេសាទ ព្រមទាំង​ការ​ជិះទូក​កម្សាន្ត ក៏ដូចជា​ទស្សនា​បែរ​ចិញ្ចឹម​ត្រី​របស់​សមាជិក​សហគម​ន៍​ក្នុង​ផ្ទៃសមុទ្រ​ជាមួយ​ទូក​ទេសចរណ៍​ដែល​រង់ចាំ​ជាស្រេច​។ យ៉ាងណាមិញ ភ្ញៀវ​ក៏​អាច​ចុះ​ហែល​ទឹក​លេង ឬ​រាវ​ចាប់​គ្រែង ក្តាម បង្គា​តាម​ចំណូលចិត្ត ហើយ​ងូតទឹក​ជម្រះ​កាយ ដោយ​សហគមន៍​មាន​បន្ទប់ និង​ទឹកសាប​គ្រប់គ្រាន់​។ លោក​ទិ​ត្យ រី​ន​បានបញ្ជាក់​អំពី​ការងារ​ត្រូវធ្វើ​នាពេលខាងមុខ​ថា សហគមន៍​នឹង​សង់​ខ្យូ​ស​មួយ​ទំហំ ប្រាំបី​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​បន្ថែមទៀត និង​បន្តធ្វើ​ស្ពាន​ឱ្យ​ចប់​តាម​គម្រោង​ប្រវែង​២១០​ម៉ែត្រ ព្រោះ​ពេលនេះ​នៅ​ខ្វះ​ប្រវែង​៧០​ម៉ែត្រ​។​

​សូមបញ្ជាក់ថា សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក ទឹកឈូ ខេត្តកំពត​។ ដើម្បី​បាន​ដល់​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​នេះ ភ្ញៀវ​ធ្វើដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ក្នុងទិសដៅ​កំពត​-​ព្រះសីហនុ​ត្រូវ​បត់​ចុះទៅ​ខាងឆ្វេង​ពេល​ដល់​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៨-១៧៩​។ តាម​ផ្លូវលំ​ប្រវែង ១.៥០០​ម៉ែត្រ​ដែល​អាច​ចរាចរ​បាន​ដោយ​ម៉ូតូ និង​រថយន្ត​ធុន​ទេសចរណ៍ នោះ​ភ្ញៀវ​នឹង​ប្រទះឃើញ​ព្រៃកោងកាង​ដែលមាន​ម្លប់​ត្រឈឹងត្រឈៃ រួម​នឹង​សកម្មភាព​កំពុង​អភិវឌ្ឍ​របស់​សហគម​ន៍​មួយ​នេះ​៕ ល​