តំបន់​ទេសចរណ៍​ខេត្តរតនគិរី​ប្រាំ​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើនជាងគេ

6064
ចែករម្លែក
  • 2
    Shares

(​រតនគិរី​)៖​ខេត្ត​ភាគ​ឦសាន​ដីក្រហម​មួយ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ជាងគេ​ពី​រាជធានី​ភ្នំពេញ​ដែលមាន​ចម្ងាយ​ផ្លូវ​៥៨៨​គីឡូម៉ែត្រ​បើ​គិត​ជា​ចម្ងាយ​ផ្លូវ​ពី​រាជធានី​ទៅ ក៏ប៉ុន្តែ​ខេត្ត​នេះ​ទើប​ប្រែ​មុខមាត់​ថ្មី​លើ​វិស័យ​ទេសចរណ៍​ខណៈ​ក៏​កំពុងតែ​រីកដុះដាល​ផ្នែក​ដំណាំ​កសិឧស្សាហកម្ម​។ ខេត្តរតនគិរី​មាន​តំបន់​ទេសចរណ៍​ចំនួន​១៤​កន្លែង​ប៉ុន្តែ​មាន​ប្រាំ​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើនជាងគេ​អស់​ក្នុង មួយៗ​ឆ្នាំ​។​

​រតនគិរី​កាល​ដើម​ជា​ខេត្ត​មួយ​នៅ​កណ្ដាល​ទ្រូងព្រៃ​ដែលមាន​ជនជាតិ​ខ្មែរលើ​ភាគតិច​រស់នៅ​ចំនួន​ប្រាំបី​កុលសម្ព័ន្ធ​គឺ ចា​រាយ ទំពួន គ្រឹ​ង ព្រៅ កា​វ៉ែត កាចក់ ព្នង និង លន់​។ បើ​សរុប​ចំនួន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​នេះ​មាន​តិចតួច​ណាស់​។​ប៉ុន្តែ​ក្រោយ​ថ្ងៃជ័យ​ជម្នះ​៧​មករា​ឆ្នាំ​១៩៧៩​រហូតមកដល់​ឆ្នាំ​២០១៧​នេះ គេ​សង្កេតឃើញ​ខេត្តរតនគិរី​បាន​កែប្រែ​មុខមាត់​ថ្មី​មាន​ពលរដ្ឋ​រស់នៅ​កើនឡើង​រហូតដល់​ទៅ​ជាង​១៨​ម៉ឺន​នាក់​មាន​ប្រាំបី​ស្រុក​និង​ក្រុង​មួយ​។​

​តំបន់​ទេសចរណ៍ធម្មជាតិ​រតនគិរី មាន​ចំនួន​១៤​កន្លែង​ដូចជា បឹង​យក្ស​ឡោម ទឹកជ្រោះ​កាចា​ញ ភ្នំ​ឥស្សី​ប​តមៈ ស្ថិតក្នុង​ក្រុង​បាន​លុង ទឹកជ្រោះ​ចា​អ៊ុង វាល​ថ្ម​រំ​ប្លង់ ស្ថិតក្នុង​ស្រុក​អូរ​ជុំ ទឹកជ្រោះ​កា​ទៀង ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ទឹក​ជួរ​តាត​តៃ បឹង​លំ​កុ​ដ យក្ស​ឱម យក្ស​កា​រ៉ា ជម្រក​សត្វព្រៃ ស្ថិតក្នុង​ស្រុក​លំផាត់ ឧទ្យាន​ជាតិ​វីរ​ជ័យ ស្ថិតក្នុង​ស្រុក​តា​វែង និង​ស្រុក​វើ​ន​សៃ ទឹក​ជួរ​ទឹង ស្ថិតក្នុង​ស្រុក​តា​វែង កោះ​សំពៅ ស្ថិតក្នុង​ស្រុក​កូន​មុំ​។​

​ចំណែក​សណ្ឋាគារ​មាន​ចំនួន​១៤​ស្មើ​និង​៥៤៨​បន្ទប់​។ ផ្ទះសំណាក់​មាន​ចំនួន​៣៦​ស្មើ​និង​៥៤១​បន្ទប់ ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន​មាន​ចំនួន​៣៨​កន្លែង ស្មើ​និង​១៩៥៦​កៅអី និង​ខារ៉ាអូខេ មាន​ចំនួន​១៣​កន្លែង​ស្មើ​និង​៨៧​បន្ទប់​។ ក្នុងចំណោម​សណ្ឋាគារ​ទាំង​១៤​នោះ​មាន​រី​សត (​អាង​ងូតទឹក​លេង​) ជិត​១០​កន្លែង​ផងដែរ​។​

​ក្នុង​ក្រុង​សំណង់​អគារ​រដ្ឋ និង​ឯកជន​បាន​ផុស​ឡើង​ព្រោងព្រាត​ជា​បន្តបន្ទាប់ ផ្លូវលំ​ក្នុង​ខេត្ត​ត​ភ្ជាប់​ពី ស្រុក​មួយ​ទៅ​ស្រុក​មួយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ត្រូវបាន​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​និង​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការដឹក​កសិផល​ទៅរក​ទីផ្សារ​និង​ក្រុម​ឈ្មួញ​ងាយស្រួល​ចូលទៅ​ទិញ​កសិផល​ដល់ទី​តាំង​ផលិត​។​

​ចំណែក​ដំណាំ​កសិឧស្សាហកម្ម​ដូចជា​ចម្ការកៅស៊ូ​,​ចម្ការ​ម្រេច​និង​ចម្ការ​ស្វាយចន្ទី​រាប់ម៉ឺន​ហិកតា​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ខេត្ត​ផ្សេងៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាត់​បន្ថយ​ការធ្វើ​ចំណាកស្រុក​ទៅធ្វើ​កម្មករ​នៅក្រៅ​ប្រទេស​មក​ប្រកបមុខរបរ​និង​កម្មករ​នៅ​ខេត្ត​មួយ​នេះ​ជាច្រើន​នាក់​។​

​លោក ង៉ែត វិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​តំបន់​ទេសចរណ៍​ទាំង​១៤​ក្នុង​ខេត្តរតនគិរី​មាន​តំបន់​ទេសចរណ៍​ចំនួន​ប្រាំ​កន្លែង​ដែលមាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ទៅ​កម្សាន្ត​ច្រើនជាងគេ​គឺ​បឹង​យក្ស​ឡោម អូរ​សិន​លែ​រ៍ ទឹកជ្រោះ​កាចា​ញ ទឹកជ្រោះ​ចា​អ៊ុង និង​ទឹក​ជួរ​តាត​តៃ ដែលមាន​ភ្ញៀវ​ទៅលេង​ក្នុង​មួយឆ្នាំ​ជាង​មួយ​ម៉ឺន​នាក់​។​ដោយឡែក​បឹង​យក្ស​ឡោម​មាន​ភ្ញៀវ​ទៅលេង​ច្រើនជាងគេ​គឺ​បី​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។​

​បើទោះជា​ខេត្តរតនគិរី​មានការ​រីកដុះដាល​លើ​គ្រប់​វិស័យ​យ៉ាងនេះ​ក្ដី តែ​គេ​សង្កេតឃើញ​វិស័យ​ទេសចរណ៍ គ្រា​ដែលមាន​ពិធីបុណ្យ​ម្ដងៗ​សណ្ឋាគារ ផ្ទះសំណាក់ មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នោះទេ​ដែល​បណ្ដាល​ឲ្យ​ពួកគេ​ត្រូវ​បង្ខំចិត្ត​សម្រាក​លើ​ឥត​ការ៉ូ​ក្នុងផ្ទះ​សំណាក់​ជួនកាល​សុំ​ផ្ទះ​ពលរដ្ឋ​សម្រាក​ក៍មាន​ដែរ​៕

​បឹង​យក្ស​ឡោម​

​ទិដ្ឋភាព​ទី​រួម​ខេត្តរតនគិរី​បច្ចុប្បន្ន​ដែល​សំណង់​អគារ​ជាច្រើន​