តំបន់​ប្រាសាទសំបូរព្រៃគុក​រចនា​សម្រស់​បវរកញ្ញា​ពិភពលោក​ឲ្យ​កាន់តែ​លេចធ្លោ​

359

(ភ្នំពេញ)៖ក្រោយពី​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ រួចមក រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​កំពុង​បង្អួត​សោភ័ណភាព​ដ៏​ស្រស់ត្រកាល​របស់ខ្លួន​ទៅកាន់​ពិភពលោក​ជាថ្មី​ម្ដងទៀត ជាមួយ​វត្តមាន​របស់​ជ័យលាភី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ និង​ក្រុម​បេ​ក្ខ​នារី​បវរកញ្ញា​ពិភពលោកឆ្នាំ​២០១៧ ចំនួន​៦៥​ប្រទេស (​រួមទាំង​កម្ពុជា​)​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​រដ្ឋបាល​ខេត្តកំពង់ធំ ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត សុខ លូ លោក គង់ វិមាន អភិបាលរង និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ទៀត​។​

​ប្រភព​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា​គ្រាន់តែ​ទៅដល់​ទឹកដី​រាជធានី​ខ្មែរ​បុរាណ​ដ៏​ធំ​មួយ​នេះ​ភ្លាម ក្រុម​បវរកញ្ញា​ពិភពលោក បាន​បន្លឺ​នូវ​សំឡេង​សារ​ស័ព្ទ​ស្ញប់ស្ញែង​ជាខ្លាំង នៅពេល​បានឃើញ​ប្រាង្គ​ប្រាសាទ​តូចធំ​ជាច្រើន​និង​ព្រៃព្រឹក្សា​ដ៏​ខៀវស្រងាត់ ជាមួយ​តន្ត្រី​បក្សី​ច្រៀង​សាទរ​ចំពោះ​វត្តមាន​របស់​ពួកគេ ប្រៀបបាន​នឹង​ជីវិត​បវរ​កញ្ញាឯក​ក្នុង​រាជវាំង​សម័យ​ចេនឡា នៃ​អាណាចក្រ​ខ្មែរ​យ៉ាង​អញ្ចឹង​។​

​ប្រភព​បន្ថែមថា​ស្នាមញញឹម​បិទ​មិន​ជិត​របស់​ក្រុម​បវរកញ្ញា​ទាំង​៦៥​ប្រទេស​នេះ ពិតជា​សក្តិសម​នឹង​ទេសភាព​ក្នុង​តំបន​ប្រាសាទសំបូរព្រៃគុក​នេះ​ខ្លាំងណាស់ ជាមួយ​ការ​រចនា​តុបតែង​លម្អ​ដោយ​វិចិត្រករ​សម័យបុរាណ ដែល​បន្សល់​លើ​ប្រាង្គ​ប្រាសាទ​នីមួយៗ​ថែមទៀត​នោះ រឹតតែ​ធ្វើ​ឲ្យ​សម្រស់​របស់​ក្រុម​បវរកញ្ញា លេចធ្លោ​ខុសប្លែក​ជាង​ពេលណាៗ​ទាំងអស់​។​

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា​វត្តមានរ​បស់​ជ័យលាភី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ និង​ក្រុម​បេ​ក្ខ​នារី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ ចំនួន​៦៥​ប្រទេស​នេះ ជា​តឹកតាង​បង្ហាញ​យ៉ាងច្បាស់​ប្រាប់​ពិភពលោក​ថា កម្ពុជា​បច្ចុប្បន្ន​ពិត​ជាមាន​សុខសន្តិភាព មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​រឹងមាំ និង​ឈ្លាសវៃ រហូត​មានលទ្ធភាព​សុំ​ចុះបញ្ជី​វប្បធម៌​រូបី និង​អរូបី​ជាច្រើន ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជាក់ស្ដែង​ដូចជា​ប្រាសាទ​អង្គរ ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក​នេះ​ជាដើម​។​

​គួររំលឹកថា តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ចម្ងាយ​ប្រមាណ ២៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦៤ បត់​ស្តាំ​តាមផ្លូវ​កូន​ត្នោត​។ តំបន់​ប្រាសាទ​នេះ ជា​រាជធានី​ខ្មែរ​បុរាណ​នា​សម័យ​ចេនឡា មាន​ឈ្មោះថា «​ឥសាន​បុ​រៈ​» និង​ជា​មជ្ឈមណ្ឌល​សាសនា​ដ៏​ធំ កសាងឡើង​ក្នុង​វ​ជ្ជ​កាល​ព្រះបាទ​ឥសាន​វរ្ម័នទី​១ អំឡុង​សតវត្ស​ទី​៧ ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ​។​

​ក្រុម​ប្រាសាទ​នេះ​សាងសង់ឡើង​អំពី​ឥដ្ឋតាន់ ថ្មបាយក្រៀម និង​ថ្មភក់ មាន​រូបចម្លាក់​ដ៏​ច្រើន​សម្បូរបែប ដែល​ត្រូវបាន​រចនា​លម្អ​លើ​ជញ្ជាំង​ប្រាសាទ កំពែង​ប្រាសាទ និង​មាន​រូបចម្លាក់​ព្រះ​សិវៈ និង​ព្រះ​មហេសី​របស់​ព្រះអង្គ តម្កល់​ក្នុង​ប្រាសាទ​មួយចំនួន​ផងដែរ​។​​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា នៅ​តំបន់​នោះ​មាន​ប្រាសាទ​តូចធំ​ប្រមាណ ២៩៣​ប្រាង្គ ដែល​ចែកចេញជា​៣​ក្រុម​ធំៗ រួមមាន​៖ ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទតោ និង​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ​។ តំបន់​ប្រាសាទ​ក្នុង​រាជធានី មាន​បណ្ដោយ ៦​គីឡូម៉ែត្រ និង​ទទឹង ៤​គីឡូម៉ែត្រ ព្រមទាំង​តំបន់​ជុំវិញ​ទៀត ពោល​មាន​វិសាលភាព​ធំធេង​ណាស់​។​

​សម្រាប់​ស្ថាបត្យកម្ម​នៃ​ប្រាង្គ​ប្រាសាទសំបូរព្រៃគុក មាន​ទម្រង់​៣​ប្រភេទ រួមមាន​៖ រាង​ការេ (​បួន​ជ្រុង​ស្មើ​) រាង​ចតុកោណ (​បួន​ជ្រុង​ទ្រវែង​) និង​អដ្ឋ​កោណ (​ប្រាំបី​ជ្រុង​ស្មើ​) ដោយ​តួ​ប្រាង្គ​ប្រាសាទ​មួយចំនួន​មាន​ឆ្លាក់​រូប​ប្រាសាទ​និម្មិត រំលិច​ក្បូរ​ក្បាច់រចនា​លម្អ​លើ​ជញ្ជាំង​ប្រាសាទ និង​ផ្នែក​ផ្សេងៗ​សម្រាប់​បូជា​ចំពោះ​អាទិទេព​នៃ​ហិណ្ឌូ​និយម​៕​ដោយៈ​បញ្ញា​សាស្ត្រ​/sn

​ជ័យលាភី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ និង​ក្រុម​បេ​ក្ខ​នារី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧​ចំនួន​៦៥​ប្រទេស (​រួមទាំង​កម្ពុជា​)​ទៅ​ទស្សនា​ប្រាសាទសំបូរព្រៃគុក​(​រូបថត​ក្រសួងទេសចរណ៍​)