ដោយ:គ្រញូង/ប៉ៃលិន ៖ ថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិនបានប្រាប់ថាចាប់ពីឥឡូវនេះតទៅ តំបន់មួយចំនួនក្នុងខេត្តប៉ៃលិនចាប់ផ្តើមខ្វះទឹកប្រើប្រាស់ជាបណ្តើរ និងកន្លែងខ្លះប្រឈមខ្លាំង ប៉ុន្តែមន្ត្រីបានចុះទៅពិនិត្យមើលហើយតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម។
លោក ង៉ាង លីហុង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តប៉ៃលិនបានប្រាប់ថា នៅភូមិមួយចំនួនចាប់ផ្តើមអស់ទឹកប្រើប្រាស់ជាបណ្តើរៗហើយ ប៉ុន្តែមន្ត្រីជំនាញបានត្រៀមចុះជួយសង្គ្រោះដល់ពួកគាត់ហើយ។ ក្នុងឆ្នាំ២០១៩នេះ ខេត្តប៉ៃលិនអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់ក្នុងរយៈពេល១អាទិត្យ ឬ៣អាទិត្យខាងមុខនេះ។ នៅតំបន់ជើងភ្នំមិនទាន់ចោទជាបញ្ហានៅឡើយទេ។
លោកប្រធានមន្ទីរបន្តថា មន្ត្រីជំនាញបានចុះពិនិត្យមើលទឹកក្នុងប្រព័ន្ធធារាសាស្ត្រទាំង២របស់ខេត្តគឺប្រព័ន្ធធារាសាស្ត្រថ្នល់បត់ និងប្រព័ន្ធធារាសាត្រអូរដូនតា ដើម្បីត្រៀមផ្តល់នូវសំបកបាវជូនដល់ប្រជាកសិករសម្រាប់ទប់ទឹកតាមដងស្ទឹងនិងអូរនានា ដើម្បីរក្សាទឹកទុកប្រើប្រាស់បណ្តោះអាសន្ន និងត្រៀមគ្រឿងចក្រចុះជីកតាមជ្រលងអូរដែល មានប្រភពទឹកជ្រាបពីក្នុងដីសម្រាប់យកទឹកជូនបងប្អូនប្រើប្រាស់ជាពិសេសត្រៀមម៉ាស៊ីនបូមទឹកដើម្បីអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
លោក ង៉ាង លីហុង បានបញ្ជាក់ថាបើតាមការព្យាកររបស់ក្រសួងជំនាញ បានឲ្យដឹងថាក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជានឹងប្រឈមការខ្វះខាតទឹកប្រើប្រាស់នៅក្នុងខេត្តមួយចំនួនក្នុងនេះ ក៏មានខេត្តប៉ៃលិនមួយដែរ៕B/