តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ជ្រើសរើស​ពលករ​កម្ពុ​ជា​ចំនួន​១​ពាន់​នាក់​ទៅធ្វើ​ការ​

    892
    ចែករម្លែក

    (​ភ្នំពេញ​)៖ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បានជ្រើសរើស​ពលករ​កម្ពុជា​ចំនួន​១.០០០​នាក់​ដើម្បី​ទៅធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ហើយ​គ្រោង​នឹង​បញ្ជូនទៅ​ធ្វើការ​នៅ​ចុងឆ្នាំ​២០១៧ ខាង​មុននេះ ដោយ​ទទួលបាន​ប្រាក់ខែ​ពី ៥៥០​ដុល្លារ​ឡើងទៅ​។

    ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ហុងកុង​ដឹកនាំ​ដោយ​លោក Law Chi Kwong រដ្ឋលេខាធិការ​នៃ​ការិយាល័យ​ទទួលបន្ទុក​វិស័យ​ការងារ​និង​សុខុមាលភាព​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ ដោយ​កិច្ចពិភាក្សា​ផ្តោតទៅលើ​ការផ្សព្វផ្សាយ​និង​នីតិវិធី​នៃ​ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពល​ការិនី​ជំនួយការ​មេផ្ទះ ទៅធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៅ​ថ្ងៃទី​១០ សីហា​នេះ វេលា​ម៉ោង​៩:៣០​នាទី ព្រឹក នៅ​ទីស្តីការក្រសួង​ការងារ​។​

    លោក Law Chi-kwong និង​លោក​អ៊ិត សំហេង ធ្វើ​សន្និសីទកាសែត​រួមគ្នា (​រូប​ថ​តៈ មុនី​រ័ត្ន​)

    ​លោក​អ៊ិត​ ​សំហេង​ ​បាន​ថ្លែងថា​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ផ្តល់​ភាពអនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការផ្តល់​ទិដ្ឋាការ​សម្រាប់​ទៅ​បំពេញ​ការសិក្សា ក៏ដូចជា​ការព្យាបាល និង​ការធ្វើការងារ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដែល​នេះ​ជា​ផែនការ​ថ្មី​នៃ​ចំណងទាក់ទង​មិត្ត​​ភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។​

    ​លោក​បាន​បញ្ជាក់ថា ការពិភាក្សា​នេះ បាន​និយាយ​ដល់​ការពារ​នៅ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ពល​ករ​កម្ពុជា កំណត់​ការទទួល​កម្រៃ​​សេវា​ជា​ផ្លូវការ​ឲ្យ​បានច្បាស់លាស់​ជៀសវាង​នៅ​ការកេងប្រវ័ញ្ច​ទៅលើ​ពលករ​ក៏ដូចជា​ការ​គាំពារ​ពលករ​កម្ពុជា​នៅពេលដែល​កំពុងតែ​ធ្វើការ​នៅ​ហុងកុង​។ ហើយ​ក៏បាន​ពិភាក្សាគ្នា​ទាក់ទង​ទៅនឹង​យន្តការ នៃ​ការសហការ​រវាង​អាជ្ញាធរ​ហុងកុង​ជាមួយ​អាជ្ញាធរ​កម្ពុជា ជាពិសេស​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ហុង​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ នៅពេល​ដែលមាន​បញ្ហា​អ្វី​កើតឡើង​។​

    ​លោក Law Chi-kwong​បានអោយដឹងថា នៅ​ហុងកុង​មាន​អ្នកបម្រើ​តាម​ផ្ទះ​ជាង ៣៦១.០០០​នាក់​ភាគច្រើន​ទៅ​ពី​ហ្វីលីពីន​និង​ឥណ្ឌូនេស៊ី​ដូច្នេះ​ពិតប្រាកដ​ណាស់​ថា​តួលេខ​នេះ​អាច​ប្រាប់​ពី​ប្រជាប្រិយភាព​របស់​តំបន់​រដ្ឋា​ពិសេស​ហុងកុង​គឺជា​កន្លែង​សម្រាប់​អ្នកជំនួយការ​៕​ដោយៈ មុនី​រ័ត្ន​/sn