ត្បូងឃ្មុំៈ​បន្ទាប់ពី​សង់​ហើយ​ទុក​ច្រើន​ខែ ពេលនេះ​សម្រេច​ឲ្យ​មន្ត្រី​ចូល​ស្នាក់នៅ​

1416
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​បានសម្រេច​ឲ្យ​មន្ត្រីរាជការ​រដ្ឋបាល​សាលាខេត្ត​និង​មន្ទីរ​នានាៗ​នៅ​ជុំវិញ​ខេត្ត​នេះ​ចូល​ស្នាក់​នៅផ្ទះ​មុខងារ​មន្ត្រីរាជការ​ចាប់​ពីថ្ងៃ​ទី​១៥​ខែមិថុនា​ខាងមុខនេះ​តទៅ​។​

​ផ្ទះ​មុខងារ​មន្ត្រីរាជការ​ខេត្ត​ត្បូងឃ្មុំ​បានសម្រេច​ឲ្យ​មន្ត្រី​ចូល​ស្នាក់នៅ​​

​ ​
​នៅក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ហាក់ សុខ​មករា អភិ​បាន​រង​ខេត្ត​ត្បូងឃ្មុំ​កាលពី​រសៀល​ថ្ងៃទី​១២​ខែ​មិថុនា បានសម្រេច​តាម​ស្មារតី​លិខិត​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​មន្ត្រីរាជការ​រដ្ឋបាល​សាលាខេត្ត និង មន្ត្រីរាជការ​មន្ទីរ​នា​នា ជុំវិញ ខេត្ត​ត្បូងឃ្មុំ ចូល​ស្នាក់នៅ អាគារ​ស្នាក់នៅ មន្ត្រីរាជការ (​ផ្ទះ​មុខងារ​)​នៅ​ថ្ងៃទី​១៥​ខែមិថុនា ខាងមុខនេះ ។​
​ ​
​លោក​សុខ​មករា​បាន​និយាយ​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចប្រជុំ​បានសម្រេច​ឲ្យ​មន្ត្រី​ចូល​ស្នាក់នៅ​ក្នុង​មួយ​យូ​នី​ត​ដែល​មាន​​គ្រែ​ពីរ​ស្នាក់នៅ​រួមគ្នា​បីនាក់​។​បន្ទប់​ធំ​អាច​ថែម​គ្រែ​ទៀត​បាន​អ្វីដែល​នៅ​ខ្វះខាត​នៅតាម​បន្ទប់​ទាំងនោះ​នឹង​ធ្វើ​បំពេញ​តាម​ក្រោយ សំខាន់​បាន​មន្ត្រី​ចូល​ស្នាក់នៅ​ដើម្បី​បន្ថយ​ការចំណាយ​ផ្សេងៗ​។​

​គួរ​រំលឹក​ឲ្យ​ដឹងថា​អគារ​ផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​ចំនួន​៦​ស្មើ​២៨៨​យូ​នី​ត​សម្រាប់​មន្ត្រីរាជការ​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ កាលពី​ចុងឆ្នាំ​២០១៧​។ ក្រសួងមហាផ្ទៃ​ក៏បាន​អនុញ្ញាត​ឲ្យ​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​បែងចែក​កន្លែង​ស្នាក់នៅ​នេះ​ដល់​មន្ត្រីរាជការ​កាលពី​ចុងខែ​មេសា​កន្លងទៅនេះ​។​អគារ​ផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ មាន​ចំនួន​ប្រាំមួយ​អគារ ស្មើ​២៨៨​យូ​នី​ត បាន​សាងសង់​រួច​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីសា​លា ខេត្ត​ត្បូងឃ្មុំ​។​មន្ទីរ​នានា​ត្រូវបាន​បែងចែក​ជាន់​ផ្ទាល់​ដី​និង​ជាន់​ទី​១​ចំនួន​២១៦​យូ​នី​ត​។​សម្រាប់​មន្ត្រីរាជការ​ក្នុង​មួយ​យូ​នី​ត មាន​បន្ទប់​គេង​មួយ បន្ទប់ទឹក​មួយ​បន្ទប់ទទួលភ្ញៀវ​មួយ​និង​បន្ទប់​បាយ​មួយ​អាច​ស្នាក់​នៅបាន​ពី​ពីរ​ទៅ​បីនាក់​។ ឯ​ជា​ន់ទី​២​នៃ​អគារ​នីមួយៗ​សរុប​មាន​៧២​យូ​នី​ត សម្រាប់​គណៈ​អភិបាល​ខេត្ត ប្រធាន​មន្ទីរ​នានា​និង​សម្រាប់​ភ្ញៀវ​ស្នាក់ នៅ ដោយ​នៅក្នុង​យូ​នី​ត​នីមួយៗ មាន​បន្ទប់​គេង​ពីរ​បន្ទប់ទឹក​ពីរ បន្ទប់ទទួលភ្ញៀវ​មួយ​និង​បន្ទប់​បាយ​មួយ​។​

​មន្ត្រី​សាលាខេត្ត​​មួយរូប​បាន​​ឲ្យ​ដឹងថា មន្ត្រីរាជការ​របស់​ម​ន្ទីរ​នានា​នៅ​ជុំវិញ​ខេត្ត​និង​មន្ត្រី​របស់​សាលា​​ខេត្ត ត្បូងឃ្មុំ​សព្វថ្ងៃ​មាន​ចំនួន​​ជាង​៧៥០​នាក់​ដែល​បាន​សុំ​យ៉ាងទទូច​ចូល​នៅផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​ជា​យូរ​មកហើយ​ដើម្បី​បន្ថយ​ការចំណាយ​ផ្ទាល់ខ្លួន​និង​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បំពេញការងារ​ព្រោះ​ផ្ទះ​នេះ​នៅ​ជិត​កន្លែងធ្វើការ​ងារ​ទាំង​អស់​គ្នា​៕​មន​

​មន្ត្រីខេត្ត​ត្បូងឃ្មុំ​អបអរ​នឹង​ការសម្រេចបាន​ចូល​នៅផ្ទះ​មុខងារ​