ត្រឡប់​មកពី​ពិនិត្យ​ខុស​ភាព​បើក​រថយន្តបុក​ជាមួយ​រថយន្ត​ដឹកទំនិញ​

873
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ឡិច​ស៊ី​ស​RX330​មួយគ្រឿង​បាន​បុក​ជាមួយ​រថយន្ត​ហ៊ី​ណូ​ដឹកទំនិញ​មួយគ្រឿង​ចំ​ដែក​កាង​ខាងស្តាំ​ពាក់កណ្តាល​រថយន្ត​ពេញទំហឹង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុចប្រសព្វ​បែក​ជា​៤​ផ្លូវ​៦០​ម៉ែត្រ​ក្នុងភូមិ​ព្រែក​ថ្លឹង​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ ភាគី​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1AK8313​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​៤​ទៅ​៥​នាក់​នៅក្នុង​រថយន្ត ធ្វើដំណើរ​ចេញមក​ពី​ពិនិត្យ​ខុស​ភាព នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ខាងលើ ក្នុង​បំណង​ឆ្ពោះទៅ​ផ្ទះ​នៅ​ខេត្តតាកែវ​វិញ​។

​លុះដល់​ចំណុចកើតហេតុ​ត្រង់​ផ្លូវ​ប្រសព្វ​បែក​ជា​៤ ខណៈដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង ស្រាប់តែ ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​ម៉ាក​ហ៊ី​ណូ ដឹកទំនិញ ពណ៌​បៃតង ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-5125 ដែល​កំពុងបើក​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​។

ចំ​ដែក​កាង​ខាងស្តាំ​ពាក់កណ្តាល​រថយន្ត​ហ៊ី​ណូ​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​រថយន្ត​ឡិច​ស៊ី​ស រង​ការខូចខាត ខ្ទេច​ក្បាល​រថយន្ត​យ៉ាងដំណំ និង​បណ្តាល​ឲ្យ​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​ឡិច​ស៊ី​ស​រងរបួស​។​ក្នុងនោះ​ក៏មាន​ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ម្នាក់​ផងដែរ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​តាខ្មៅ ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះមក​ពិនិត្យ និង​ធ្វើការ​វាស់វែង​ដល់​កន្លែងកើតហេតុ ហើយ​ដោយសារតែ​រថយន្ត​ហ៊ី​ណូ​មិន​ចង់​មានរឿង​វែងឆ្ងាយ ទើប​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ឡិច​ស៊ី​ស​បានទាមទារ​សំណង​១.០០០​ដុល្លារ ។

​ប៉ុន្តែ​ភាគី​ខាង​រថយន្ត​ហ៊ី​ណូ​ដឹកទំនិញ ជួយ​សង​ឲ្យ​បានត្រឹមតែ​៥០០​ដុល្លារ ទើប​មាន​ការជជែក​គ្នា​ជា​យូរ ។​ក្រោយមក ភាគី​ខាង​រថយន្ត​ឡិច​ស៊ី​ស​ព្រម​ទទួល​សំណង​៥០០​ដុល្លារ ដើម្បី​យកទៅ​ជួសជុល​រថយន្ត និង​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​៕S/

​ត្រឡប់​មកពី​ពិនិត្យ​ខុស​ភាព​បើក​រថយន្តបុក​ជាមួយ​រថយន្ត​ដឹកទំនិញ​