ត្រាំ​គំរាម​កម្ទេច​អ៊ីរ៉ង់ បើ​ហ៊ាន​ប្រយុទ្ធ​ជាមួយ​អាម៉េរិក​

960
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ឧសភា បាន​គំរាម​អ៊ីរ៉ង់​ថា​នឹង​កម្ទេច​សាធារណរដ្ឋ​អ៊ីស្លាម​នេះ បើ​អ៊ីរ៉ង់​ស្វះស្វែង​ធ្វើសង្គ្រាម​ជាមួយ​អាម៉េរិក​។​

​ត្រាំ​បានចេញ​ការព្រមាន​នេះ ​បន្ទាប់​ពី​រ៉ុក្កែត​មួយ​គ្រាប់​ធ្លាក់​នៅ​ចម្ងាយ​មិន​ដល់​១​គីឡូម៉ែត្រ​ផង​ពី​ស្ថានទូត​អាម៉េរិក​នៅ​រដ្ឋធានី​បា​ដា​តនៃ​ប្រទេស​អ៊ីរ៉ាក់ ដែល​កាន់តែ​រុញ​ភាព​​តានតឹង​ក្នុង​តំបន់​ឲ្យ​កាន់តែ​កើនឡើង​។​

​វា​ជា​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើកដំបូង​ចាប់តាំងពី​ខែ​កញ្ញា​មុន​នៅ​ពេល​គ្រាប់ផ្លោង​៣​ធ្លាក់​នៅក្នុង​តំបន់​Green Zone​ក្នុង​ក្រុង​បា​ដា​ត​។​មិន​មាន​ក្រុម​ណា​អះអាង​ទទួល​​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​ដែល​មិន​បណ្តាលឲ្យ​រងរបួស​ឬ​ស្លាប់​មនុស្ស​កាលពី​ថ្ងៃអាទិត្យ​នេះ​ទេ​។​

​ត្រាំ​បាន​សរសេរ​បង្ហោះ​ថា​« បើ​អ៊ីរ៉ង់​ចង់​ប្រយុទ្ធ នោះ​វា​នឹង​ជា​ការ​បញ្ចប់​របស់​អ៊ីរ៉ង់​ជា​ផ្លូវការ​។​វា​លែង​អាច​គំរាម​សហរដ្ឋអាម៉េរិក​សាជាថ្មី​!»​។​

​ទោះជា​យ៉ាងណា ពួក​មន្ត្រី​អ៊ីរ៉ង់​បាន​និយាយថា ប្រទេស​ខ្លួន​មិន​សម្លឹង​រក​សង្គ្រាម​ទេ​។

​​លោក​ត្រាំ​ហាក់​បន្ទន់​សម្តី​ បន្ទាប់ពី​អាម៉េរិក​កាលពីពេល​ថ្មីៗ​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​ពី​អ៊ីរ៉ង់​។​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​អាម៉េរិក​និង​អ៊ីរ៉ង់​ធ្វើដំណើរ​ទៅកាន់​ជម្លោះ​ប្រដាប់អាវុធ​ឬ លោក​បាន​ឆ្លើយថា​«​ខ្ញុំ​សង្ឃឹមថា​មិន​»៕​ដោយ​៖​វាសនា​/Ha