ត្រាំ​គំរាម​ស្រា​បារាំង​ដើម្បី​សងសឹក​រឿង​ទារពន្ធ​ពី​ក្រុមហ៊ុន​បច្ចេកវិជ្ជា​អាម៉េរិក​

474
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​កក្កដា​បាន​ប្តេជ្ញា​សងសឹក “​យ៉ាងខ្លាំង​ក្លា​” ប្រឆាំងនឹង​បារាំង​ចំពោះ​ការយកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​អាម៉េរិក ដោយ​ចោទប្រកាន់​សម​ភាគី​រប​ស់លោក លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​ថា “​ល្ងីល្ងើ​” និង​ចេញ​នូវ​ការ​គំរាម​វាយ​ពន្ធ​លើ​ស្រា​បារាំង​។​

​លោក​ត្រាំ​បាន​សរសេរ​លើ Twitter អំពី​ច្បាប់ ដែល​នឹង​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន​យក្ស​របស់​អាម៉េរិក​ដូចជា Google, Apple, Facebook និង Amazon ថា “​បារាំង​ទើបតែ​វាយ​ពន្ធ​ឌីជីថល​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​អាម៉េរិក​របស់​យើង​”​។​

​លោក​បាន​បន្ថែមថា “​ប្រសិនបើ​នរណាម្នាក់​យកពន្ធ​ពី​ពួកគេ វា​គួរតែ​ជា​ប្រទេស​កំណើត​របស់​ពួកគេ គឺ​សហរដ្ឋ​អាម៉េរិក​។ យើង​នឹង​ប្រកាស​ពី​សកម្មភាព​តបត​វិញ​ដ៏​ខ្លាំងក្លា​ទៅលើ​ភាពល្ងង់ខ្លៅ​របស់លោក​ម៉ា​ក្រុង​ឆាប់ៗ​នេះ​”​។​

​លោក​ត្រាំ​បាន​បង្ហើប​ថា​វិធានការ​គំរាមកំហែង​នោះ​អាច​នឹង​វាយ​សំពង​ទៅលើ​ការនាំចេញ​សំខាន់បំផុត​របស់​បារាំង គឺ ស្រា​។​

​លោក​ត្រាំ​និយាយថា “​ខ្ញុំ​តែងតែ​និយាយថា ស្រា​អាម៉េរិក​ល្អ​ជាង​ស្រា​បារាំង​!”​។​

​អ្នកនាំពាក្យ​រង​របស់​សេត​វិមាន​លោក​ចាត់ ឌៀ បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​បារាំង​ក្នុងការ​អនុម័ត​ពន្ធ​សេវាកម្ម​ឌីជីថល​មកលើ​ក្រុមហ៊ុន​និង​កម្មករនិយោជិត​រប​ស់​អាម៉េរិក​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​រដ្ឋបាល​ត្រាំ​បានបញ្ជាក់​ជា​ទៀងទាត់​ថា​ខ្លួន​នឹងមិន​អង្គុយ​ស្ងៀម​អត់​ប្រយោជន៍​និង​អត់ធ្មត់​ចំពោះ​ការរើសអើង​ប្រឆាំងនឹង​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក​នោះឡើយ​”​។​

​ក្រៅពី​ការស៊ើបអង្កេត​ដែល​បាន​បើក​រួច​ហើយដោយ​រដ្ឋាភិបាល​អាម៉េរិក​ប្រឆាំងនឹង​បារាំង “​រដ្ឋបាល​ត្រាំ​ក៏​កំពុង​ពិនិត្យមើល​យ៉ាង​ដិតដល់​ផងដែរ​នូវ​រាល់​ឧបករណ៍​គោលនយោបាយ​ទាំងអស់​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង លោក​ម៉ា​ក្រុង