ត្រាំ​ចង់ឱ្យ​កងទ័ព​ការពារ​សុវត្ថិភាព​ព្រំដែន​ជាប់​ម៉ិ​ក​ស៊ិ​ក​

768
ចែករម្លែក

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​៣​មេសា​ថា លោក​ចង់​ប្រើ​កងទ័ព​ការពារ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​រហូតដល់​ជញ្ជាំង​ព្រំដែន​ត្រូវបាន​សាងសង់​រួច​។​

​ថ្លែង​អំឡុង​ពេលធ្វើ​ទស្សនកិច្ច​ជាមួយ​ពួក​មេដឹកនាំ​តំបន់​បាល់​ទិ​ក លោក​ត្រាំ​និយាយថា លោក​បាន​ពិភាក្សា​អំពី​គំនិត​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក ជី​ម ម៉ា​តទី​ស​។​

​លោក​ត្រាំ​និយាយថា “​យើង​នឹងធ្វើ​អ្វីៗ​តាមរបៀប​យោធា​។ រហូតដល់​យើង​អាចមាន​ជញ្ជាំង​និង​សន្តិសុខ​ត្រឹមត្រូវ យើង​នឹង​ការពារ​ព្រំដែន​របស់​យើង​ជាមួយ​យោធា​”​។ លោក​បាន​ហៅ​វិធានការ​នេះ​ថា​ជា “​ជំហាន​ដ៏​ធំ​មួយ​” ដែល​កម្រ​ត្រូវបាន​ធ្វើឡើង​កាលពីមុន​ណាស់​។​

​ច្បាប់​របស់​សហព័ន្ធ​គឺ​ហាមប្រាម​ការប្រើប្រាស់​សមា​ជិ​ក​កងទ័ព​ជាប់​កាតព្វកិច្ច​សកម្ម​សម្រាប់​ការអនុវត្តន៍​ច្បាប់​នៅក្នុង​សហរដ្ឋអាមេរិក​លុះត្រាតែ​មានការ​អនុញ្ញាត​ពិសេស​ពីស​ភា​។ ប៉ុន្តែ​ក្នុង​រយៈពេល ១២ ឆ្នាំ​កន្លងមកនេះ ប្រធានាធិបតី​អាមេរិក​បាន​បញ្ជូន​កង​ឆ្មាំ​ការពារជាតិ​២​ដង​រួចហើយ​ទៅ​ព្រំដែន​ដើម្បី​ពង្រឹង​សន្តិសុខ​និង​ជួយ​ដល់​ការឃ្លាំមើល​និង​ការគាំទ្រ​ផ្សេងៗ​ទៀត​។​

​ការិយាល័យ​ក្រុមប្រឹក្សា​របស់​សេត​វិមាន​កំពុងធ្វើការ​លើ​គំនិត​នេះ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ​។​

​លោក​ត្រាំ​មានការ​ខកចិត្ត​យ៉ាងខ្លាំង​អំពី​កង្វះ​វឌ្ឍនភាព​នៃ​ការកសាង​នូវ​អ្វី​ដែលជា​ការសន្យា​សំខាន់បំផុត​អំឡុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក នោះ​គឺ “​ជញ្ជាំង​ដ៏​ធំ​និង​ស្រស់ស្អាត​” នៅតាម​បណ្តោយ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។ មុននេះ គាត់​បានស្នើ​ឱ្យប្រើ​ប្រា​ស់ថ​វិកា​របស់​មន្ទីរ​បញ្ច​កោណ​ដើម្បី​ចំណាយ​លើ​ការសាងសង់​ជញ្ជាំង ដោយ​លើក​ហេតុផល​ថា វា​គឺជា​អាទិភាព​ផ្នែក​សន្តិសុខ​ជាតិ បើទោះបី​ជាមាន​វិធានការ​តឹងរ៉ឹង​ហាមឃាត់​ការចំណាយ ដែល​មិនត្រូវ​បានអនុញ្ញាត​ដោយ​សភា​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស