ត្រាំ​ចង់​ត្រួតត្រា​ទី​អវកាស ឋាន​ព្រះ​ចន្ទ និង ភព​អង្គារ​

1045
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មិថុនា​បាន​អួត​អំពី​ប្រភពធនធាន​ហិរញ្ញវត្ថុ​ដ៏​សម្បូរហូរហៀ​និង​ស្មារតី​ឧស្សាហកម្ម​របស់​អាមេរិក និង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​រុករ​កនៅ​ភព​ព្រះ​ចន្ទ​និង​ភព​អង្គារ​ព្រមទាំង​ការប្រណាំង​ប្រជែង​ណាមួយ​នៅ​ទី​អវកាស​នាពេល​អនាគត​។​

​លោក​ត្រាំ​បាន​ថ្លែង​ក្នុង​សុន្ទរកថា​នៅឯ​សេត​វិមាន​ថា “​អាមេរិក​នឹង​ក្លាយជា​អ្នក​ដំបូង​គេ​នៅក្នុង​ទី​អវកាស​” ។​

​លោក​បាន​បន្ថែមថា “​យើង​មិន​ចង់ឱ្យ​ចិន​និង​រុស្ស៊ី​និង​បណ្តា​ប្រទេស​ដទៃទៀត​នាំមុខ​យើង​ទេ​។ យើង​តែងតែ​នាំមុខគេ​ជានិច្ច​។ រដ្ឋបាល​របស់ខ្ញុំ​កំពុងតែ​ទាមទារ​យក​បេតិកភណ្ឌ​របស់​អាមេរិក​ក្នុងនាម​ជា​ប្រទេសជាតិ​ដែលមាន​ទី​អវកាស​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​”​។​

​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​អំពាវនាវ​ឱ្យ​មន្ទីរ​បញ្ច​កោណ​បង្កើត “​កងកម្លាំង​អវកាស​” អាមេរិក​ថ្មី ដែល​នឹង​ក្លាយទៅជា​មែកធាង​ទី ៦ នៃ​យោធា​អាមេរិក ប៉ុន្តែ​តម្រូវឱ្យមាន​ការអនុម័ត​ពី​សភា​ដើម្បី​ចូល​ជា​ធរមាន​។​

​គំនិត​ដែល​លោក​ត្រាំ​ធ្លាប់បាន​លើកឡើង​ពីមុន​នេះ បានធ្វើ​ឱ្យមាន​ភាពចម្រូងចម្រាស់​នៅ​មន្ទីរ​បញ្ច​កោណ​និង​ក្នុងចំណោម​សមាជិកសភា​។​

​លោក​ត្រាំ​បាន​និយាយថា “​យើង​នឹងមាន​កងទ័ពអាកាស ហើយ​យើង​នឹងមាន​កងកម្លាំង​អវកាស​ដាច់ដោយឡែក ប៉ុន្តែ​ស្មើគ្នា​”​។​

​នៅឯ​មន្ទីរ​បញ្ច​កោណ​ឯណោះ​វិញ លោកស្រី ដា​ណា វ៉ា​យ អ្នកនាំពាក្យ​បាន​និយាយថា “​ក្រុមប្រឹក្សា​គោលនយោបាយ​របស់​យើង​នឹង​ចាប់ផ្តើម​ធ្វើការ​លើ​បញ្ហា​នេះ​ដែលមាន​ផលប៉ះពាល់​ដល់​ប្រតិ​ប​ត្ដិ​ការ​ចារកម្ម​សម្រាប់​កងទ័ព​អាកាស កងទ័ពជើងគោក កងទ័ព​ម៉ា​រី​ន និង​កងទ័ពជើងទឹក​”​។​

​លោកស្រី​វ៉ា​យ​បាន​បន្ថែមថា “​ដោយ​ធ្វើការ​ជាមួយ​សភា នេះ​នឹង​ក្លាយជា​ដំណើរការ​ប្រកបដោយ​ភាព​ផ្ចិតផ្ចង់ ជាមួយ​ការចូលរួម​ផ្តល់​គំនិត​យ៉ាងច្រើន​ពី​អ្នក​ដែល​ពាក់ព័ន្ធ​”​។​

​ការបង្កើត​មែកធាង​ថ្មី​របស់​យោធា​មិនអាច​កើតឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បាន​នោះទេ ព្រោះ​សភា​នឹងត្រូវ​អនុម័ត​ច្បាប់​ដែល​អនុញ្ញាតឱ្យ​វា​កើតឡើង​ជាមុនសិន​។​

​សមាជិក​គណៈកម្មការ​យោធា​ជាន់ខ្ពស់​របស់​សភា លោក អា​ដាំ ស្មី​ត មកពី​បក្ស​ប្រជាធិបតេយ្យ​បាន​និយាយថា “​រាល់​ការផ្លាស់ប្តូរ​ណាមួយ​របៀប​នេះ​ត្រូវតែ​បង្កើត​ឱ្យ​ក្លាយជា​ច្បាប់​សិន​ដោយ​សភា​” ។​

​លោក​បាន​បន្ថែមថា “​ប្រសិនបើ​ប្រធានាធិបតី​ត្រាំ​ចង់​ធ្វើការ​ផ្លាស់ប្តូរ​បែបនេះ​នៅក្នុង​សេវា​យោធា គាត់​គួរតែ​មក​ពិភាក្សា​អំពី​សំណើ​របស់គាត់​ជាមួយ​យើង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ចង់​ក្តោប​ក្តាប​ទី​អវកាស ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ