ត្រាំ​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​

373
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា ដោយ​ផ្ដោត​គោលដៅ​ទៅលើ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​និង​សហការី​របស់គាត់​ជាមួយ​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ ដែលជា​ចំណាត់ការ​ចុងក្រោយ​បំផុត​ដែល​អាម៉េរិក​បានធ្វើ​ដើម្បី​បង្អាក់​មិនឱ្យ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​និង​គាំទ្រ​ដល់​ក្រុម​សកម្មប្រយុទ្ធ​។​

​ចំណាត់ការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការបាញ់​ទម្លាក់​ដ្រូ​ន​ស៊ើបការណ៍​អាម៉េរិក​មួយគ្រឿង​តម្លៃ​ជាង ១០០ លាន​ដុល្លារ​នៅលើ​ច្រក​សមុទ្រ​ហ័​រ​មូស​។ លោក​ត្រាំ​បាន​ដក​បញ្ជា​វាយប្រហារ​យោធា​សងសឹក​លើ​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​កំពុង​បន្ត​យុទ្ធនា​ការដាក់​សម្ពាធរ​បស់​គាត់​ប្រឆាំងនឹង​ប្រជាជាតិ​មួយ​នេះ​ដដែល​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ការិយាល័យ​ពងក្រពើ​ថា “​វិធានការ​ទាំងនេះ​តំណាងឱ្យ​ការឆ្លើយតប​យ៉ាងរឹងមាំ​និង​ស័ក្តិសម​ចំពោះ​សកម្មភាព​បង្កហេតុ​កាន់តែខ្លាំង​ឡើង​របស់​អ៊ីរ៉ង់​។ យើង​នឹង​បន្ត​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​រហូតដល់​របប​នេះ​បោះបង់ចោល​សកម្មភាព​គ្រោះថ្នាក់​និង​បំណងប្រាថ្នា​របស់ខ្លួន រួមមាន​ការស្វែងរក​អាវុធ​នុយក្លេអ៊ែរ ការបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ការអភិវឌ្ឍ​មី​ស៊ី​ល​ឆ្លង​ទ្វីប ការចូលរួម​និង​ការគាំទ្រ​ចំពោះ​អំពើ​ភេរវកម្ម ការ​បង្កាត់ភ្លើង​ជម្លោះ​នៅ​បរទេស​និង​សកម្មភាព​ឈ្លានពាន​ប្រឆាំងនឹង​សហរដ្ឋ​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដោយផ្ទាល់​”​។​

​លោក​ត្រាំ​បាន​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ពួក​មហាអំណាច​ពិភពលោក​បានធ្វើ​ជាមួយ​តេ​ហេ​រ៉ង់​នៅ​ឆ្នាំ ២០១៥​។ ប្រទេស​ដទៃទៀត​បាន​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​នេះ ដែល​បន្ធូរបន្ថយ​ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់​ដើម្បី​ជា​ថ្នូរ​នឹង​ការកាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ លោក​ត្រាំ​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​កិច្ចព្រមព្រៀង​តែ​ម្ខាង​ដែល​លម្អៀង​ទៅខាង​អ៊ីរ៉ង់​និង​បានដាក់​ទណ្ឌកម្ម​ឡើងវិញ ប៉ុន្តែ​បាន​និយាយថា​លោក​ចង់​ចរចា​កិច្ចព្រមព្រៀង​ផ្សេង​។ អ៊ីរ៉ង់ ដែល​ហៅថា​ការដាក់ទណ្ឌកម្ម​នេះ​ថា “​ភេរវកម្ម​សេដ្ឋកិច្ច​” មិន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការចរចា​នោះទេ​។​

​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​អ​.​ស​.​ប លោក​ម៉ា​ជី​ដ តាក់ រ៉ា​វ៉ាន់​ជី បាន​និយាយថា ការចរចា​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​មិនអាច​ធ្វើទៅ​បានទេ​នៅក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន ដោយ​បន្ថែមថា “​អ្នក​មិនអាច​ចាប់ផ្តើម​កិច្ចសន្ទនា​ជាមួយ​មនុស្ស​ដែល​គំរាមកំហែង​អ្នក និង​មនុស្ស​ដែល​បំភិតបំភ័យ​អ្នក​បាន​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់
#