ត្រាំ​ចេញមក​និយាយ​ការពារ “​ភាពយឺតយ៉ាវ​” នៃ​ការដក​កងទ័ព​អាមេរិក​ចេញពី​ស៊ី​រី​

406
ចែករម្លែក

​សេត​វិមាន​បានប្រកាស​ដកទ័ព​ពី​ស៊ី​រី​កាលពី​ថ្ងៃទី ១៩ ធ្នូ​។ បន្ទាប់មក ប្រធានាធិបតី​អាមេរិក​បានកត់សម្គាល់​ថា​គោលដៅ​របស់​កងទ័ព​អាមេរិក​ដើម្បី​លុបបំបាត់​ពួក​អាយ​ស៊ី​សបាន​ទទួលជោគជ័យ “​ភាគច្រើន​” ហើយ​ដូច្នេះ​ពួក​ទាហាន​អាច​ត្រឡប់មក​ស្រុក​វិញ​បាន​ហើយ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​ចូលទៅ Twitter ដើម្បី​និយាយ​ការពារ​ការសម្រេចចិត្ត​របស់គាត់​ក្នុង​ការដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី ដោយ​វាយបក​ខ្លាំងៗ​ដាក់​ក្រុម​អ្នក​រិះគន់ថា​ជា​ពួក​លាក់ពុត​។ លោក​ត្រាំ​បាន​កត់សម្គាល់ថា ប្រធានាធិបតី​អាមេរិក​ដទៃទៀត​នឹង​សាទរ​ចំពោះ​ការសម្រេចចិត្ត​បែបនេះ​។​

​លោក​ត្រាំ​បានលើកឡើង​ថា​លោក​តែងតែ​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​សង្គ្រាម​មិនចេះចប់​នេះ ក៏ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​នោះបាន​សម្រេច​កិច្ចការ​ជាច្រើន​ក្នុងការ​កម្ចាត់​ពួក​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​អះអាងថា កងទ័ព​អាមេរិក​នឹង​ត្រឡប់មក​ប្រទេស​វិញ​ជាមួយ “​ជ័យជម្នះ​”​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​នៅ​ថ្ងៃទី​១៩​ធ្នូ​ថា​ខ្លួន​នឹង​ដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី​ក្នុង​រយៈពេល​ពី ៦០ ទៅ ១០០ ថ្ងៃ​ខាងមុខនេះ​។ ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​លើក​ហេតុផល​ការពារ​ចំណាត់ការ​របស់គាត់ ដោយ​បញ្ជាក់ថា កងកម្លាំង​អាមេរិក​បានសម្រេច​គោលដៅ​របស់ខ្លួន​ក្នុងការ​កម្ចាត់​ពួក​អាយ​ស៊ី​ស​នៅក្នុង​ស៊ី​រី ហើយ​ឥឡូវនេះ​អាច​ត្រឡប់មក​ស្រុក​វិញ​បាន​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ត្រាំ​នៅក្នុង​សភា គឺ​លោក លីន​សី ហ្គ្រា​ហាំ (Lindsey Graham) បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ៣១ ធ្នូ​ថា លោក​បាន​ពិភាក្សា​អំពី​ការដក​ទ័ព​ជាមួយ​លោក​ត្រាំ​អំឡុង​អាហារ​ថ្ងៃត្រង់ ហើយ​បាន​បញ្ចុះបញ្ចូល​គាត់​ឱ្យ​ពិចារណា​ឡើងវិញ​នូវ​សេចក្តីសម្រេចចិត្ត​នេះ​។​

​លោក​ហ្គ្រា​ហាំ​និយាយថា “​ត្រាំ​បាន​សន្យាថា​នឹង​បំផ្លាញ​អាយ​ស៊ី​ស​។ គាត់​នឹង​រក្សា​ការសន្យា​នោះ​។ យើង​មិនទាន់​ទៅដល់​ទីនោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​និយាយ​នៅថ្ងៃនេះ​អ៊ីចឹង យើង​កំពុង​ស្ថិតនៅក្នុង​បន្ទាត់ ១០ យ៉ា​ត (៩,០១ ម៉ែត្រ​) ហើយ​ប្រ​ធា​នានា​ធិបតី​យល់​ពី​សេចក្តីត្រូវការ​ដើម្បី​បញ្ចប់​ការងារ​នេះ​”​។​

​ការសម្រេចចិត្ត​ដកទ័ព​នេះ​មិន​ត្រូវបាន​ស្វាគមន៍​ដោយ​ក្រុមមន្ត្រី​អាមេរិក​ទេ និង​ជា​បច្ច័យ​នាំទៅដល់​ការលាលែង​ពី​តំណែង​ចំនួន​២ គឺ​រដ្ឋមន្ត្រី​ការពារជាតិ លោក​ជី​ម ម៉ា​តទី​ស ដែល​ប្រកាសថា​ទស្សនៈ​របស់លោក​លែង​ស្រប​ជាមួយ​ទស្សនៈ​របស់​ត្រាំ​តទៅទៀត និង លោក ប្រេត ម៉ាក​ហ្គួ​ត ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សម្រាប់​កងកម្លាំង​ចម្រុះ​អាមេរិក​នៅ​ស៊ី​រី​៕ ដោយ៖ កញ្ញាដាលីស

កងទ័ព​អាមេរិក​នៅ​ស៊ី​រីនឹង​ដកចេញ​ក្នុង​រយៈពេល​៦០​ទៅ​១០០​ថ្ងៃ​ខាងមុខ