ត្រាំ​ជិត​ប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ បើ​សភា​នៅតែ​មិន​ផ្តល់​មូលនិធិ​សង់​ជញ្ជាំង​

669
ចែករម្លែក

​ដោយ​យក​ការបិទ​រដ្ឋាភិបាល​ទៅកាន់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​មករា​កាន់តែ​ខិតជិត​ទៅរក​ការប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ​ដើម្បី​រក​មធ្យោបាយ​វិ​សាម​ញ្ញា​ឱ្យ​សភា​ផ្តល់​មូលនិធិ​សង់​ជញ្ជាំង​ព្រំដែន​ដែល​គាត់​បាន​សន្យា​ជា​យូរ​មកហើយ​នោះ​។ សម្ពាធ​កាន់តែ​កើនឡើង​ខ្លាំង​ដើម្បី​ស្វែងរក​ច្រកចេញ​មួយ​ពី​ការជាប់គាំង​រយៈពេល​បី​សប្តាហ៍​ដែលនាំឱ្យ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល ដោយ​កាត់ផ្តាច់​សេវាកម្ម​ជាច្រើន និង​ធ្វើឱ្យ​បុគ្គលិក​រដ្ឋ​រាប់សែន​នាក់​គ្មាន​ប្រាក់ខែ​។​

​លោក​ត្រាំ ដែល​ធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ម៉ាក​អាល់​ឡិន (McAllen) រដ្ឋ​តិច​សាស និង​តំបន់​រី​យ៉ូ​ហ្គ្រេ​ន (Rio Grande) ដើម្បី​គូសបញ្ជាក់​ពីអ្វី​ដែល​គាត់​និយាយថា​ជា​វិបត្តិ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម បាន​និយាយថា “​ប្រសិនបើ​មាន​ហេតុផល​ណាមួយ​ដែល​យើង​មិនឱ្យ​វា​ដំណើរការបាន​នោះ ខ្ញុំ​នឹង​ប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ​”​។ លោក​និយាយ​នេះ​គឺ​ចង់​សំដៅលើ​ការព្រមព្រៀង​ជាមួយ​សភា​បក្ស​ប្រជាធិបតេយ្យ ដែល​បដិសេធ​មិន​យល់ព្រម​ផ្តល់​មូលនិធិ ៥,៧ ពាន់​លាន​ដុល្លារ​ដែល​គាត់​ទាមទារ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​។​

​បុគ្គលិក​ប្រមាណ ៨ សែន​នាក់ ដែល​ច្រើនជាង​ពាក់កណ្តាល​នៃ​ពួកគេ​នៅតែ​បន្តធ្វើ​ការងារ នឹងត្រូវ​ខកខាន​បើក​ប្រាក់ខែ​ជា​លើកដំបូង​របស់​ពួកគេ​នៅ​ថ្ងៃ​សុក្រ​នេះ​ក្រោម​ការបិទ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជិត​ឈានទៅដល់​ការបង្កើត​ឯតទគ្គ​កម្ម​មួយ​សម្រាប់​ការបិទ​រដ្ឋាភិបាល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។

​នៅពេល​សួរ​អំពី​ស្ថានភាព​លំបាក​របស់​បុគ្គ​លិ​ក​ដែល​គ្មាន​ប្រាក់ខែ លោក​ប្រធានាធិបតី​ត្រាំ​បង្វែរ​ប្រធានបទ​ដោយនិយាយ​ថា គាត់​មាន​អារម្មណ៍​អាណិត​ចំពោះ “​ប្រជាជន​ដែលមាន​សមាជិកគ្រួសារ​ត្រូវបាន​សម្លាប់​ដោយ​ឧក្រិដ្ឋជន​ឆ្លងកាត់​ព្រំដែន​”​។​

​លោក​ត្រាំ​បាន​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី​របស់​សេត​វិមាន​និង​សម្ព័ន្ធមិត្ត​អំពី​ការប្រើប្រាស់​អំណាច​គ្រាអាសន្ន​របស់​ប្រធានាធិបតី​ដើម្បី​ចាត់វិធានការ​ឯកតោភាគី​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​ដោយសារតែ​ការជំទាស់​របស់​សភា​។ គាត់​បាន​អះអាងថា មេធាវី​របស់គាត់​បាន​ប្រាប់​គាត់​ថា ចំណាត់ការ​នេះ​នឹង​ទប់ទល់​ការត្រួតពិនិត្យ​ផ្នែក​ច្បាប់​បាន “១០០ ភាគរយ​”៕ ដោយ៖ កញ្ញាដាលីស

ដូ​ណា​ល់ ត្រាំ មកដល់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ក្នុង​រដ្ឋ​តិច​សាស​កាល​ពីថ្ងៃ​ព្រហស្បតិ៍