ត្រាំ​ជួប​គ្រួសារ​ប៊ូ​ស​នៅមុន​បុណ្យសព​អតីត​ប្រធានាធិបតី​

513

ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី៤ធ្នូបានធ្វើដំណើរទៅវិមានតម្កល់សពអតីតប្រធានាធិបតីនិងជួបគ្រួសារប៊ូសដោយផ្ទាល់ខ្លួនដើម្បីគោរពសពអតីតប្រធានាធិបតី ចច អេច ដាប់បលយូ ប៊ូស ដែលបានទទួលមរណភាពនៅអាយុ៩៤ឆ្នាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ដំណើរនេះត្រូវបានគេមើលឃើញថាជាការបង្ហាញកាយវិការសន្តិភាពជាមួយក្រុមនយោបាយដែលលោកធ្លាប់ប្រយុទ្ធតតាំងយ៉ាងជូរចត់។

នៅមុនពិធីបុណ្យសពផ្លូវរដ្ឋនៅថ្ងៃពុធ លោកត្រាំបានសរសេរបង្ហោះថាលោកនឹងទៅសួរសុខទុក្ខគ្រួសារប៊ូសនិងនៅពេលរសៀល អតីតប្រធានាធិបតី ចច ដាប់បលយូ ប៊ូស ដែលត្រូវជាកូនរបស់សព បានស្វាគមន៍លោកត្រាំនិងជំទាវទី១ មេលានៀ នៅក្រៅវិមានប្លែរហោស និងបាននាំអ្នកទាំងពីរចូលក្នុង។

សូមបញ្ជាក់ថា ទំនាក់ទំនងរបស់ត្រាំជាមួយ ស្ថាប័នបក្សសាធារណរដ្ឋមានភាពរកាំរកូសខ្លះចាប់តាំងពីលោកធ្វើយុទ្ធនាការដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីនិងក្រោយមកបានឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៦។លោកមិនបានទៅចូលរួមបុណ្យសពអតីតជំទាវទី១និងជាភរិយារបស់លោកប៊ូស លោកស្រីបាបារ៉ា ទេនៅឆ្នាំនេះ ទោះជាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា, ចច ដាប់បលយូ ប៊ូសនិងប៊ីល គ្លីនតុន បានទៅចូលរួមក៏ដោយ។

ត្រាំ ក៏មិនបានចូលរួមបុណ្យសពសមាជិកបក្សសាធារណរដ្ឋដ៏សំខាន់ម្នាក់ទៀត គឺអតីតព្រឹទ្ធសមាជិក ចន ម៉ាកខេន កាលពីខែសីហា តែវត្តមានរបស់ត្រាំពេលនេះមុខជានឹងបញ្ចៀសបានការរិះគន់លើរូបលោក។

សពរបស់ចច អេច ដាប់បលយូ ប៊ូស បានត្រូវបន្តតម្កល់នៅវិមានកាពីតូលកាលពីថ្ងៃអង្គារ ដោយមនុស្សជាង២៦.០០០នាក់បានចូលគោរពលោក៕ដោយ៖វាសនា

ប្រធានាធិបតីដូណាល់ ត្រាំ និងជំទាវទី១ មេឡានៀ ត្រាំ ត្រូវស្វាគមន៍ដោយអតីតប្រធានាធិបតី ចច ដាប់បលយូ ប៊ូសនិងភរិយានៅវិមានប្លែរហោសទល់មុខសេតវិមាន