ត្រាំ​ជំរុញ​ឱ្យ​ចិន​លុបចោល​ពន្ធ​លើ​ផលិតផល​កសិកម្ម​រប​ស់​អាមេរិក​

523
ចែករម្លែក
  • 113
    Shares

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ​ទី​១​មីនា​បាន​ជំរុញ​ឱ្យ​ចិន​លុបចោល​ពន្ធ​លើ​ផលិតផល​កសិកម្ម​ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក ដោយ​បន្ថែមថា​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​កំពុងដំណើរកា​រ​ល្អ​។​

​លោក​ប្រធានាធិបតី​បាន​សរសេរ​នៅលើ Twitter ថា “​ខ្ញុំ​បានស្នើ​ឱ្យ​ចិន​លុបចោល​ពន្ធគយ​ទាំងអស់​លើ​ផលិតផល​កសិកម្ម​រប​ស់​យើង (​រួមមាន​សាច់គោ​សាច់ជ្រូក​ជាដើម​)”​។​

​លោក​បាន​និយាយថា សំណើ​របស់លោក​គឺ​ផ្អែកលើ​ការពិត​ដែលថា​ការចរចា​ជាមួយ​ចិន​បាន “​ធ្វើ​ទៅមុខ​យ៉ាង​រលូន​” និង​ការពន្យារពេល​របស់លោក​ក្នុងការ​ដំឡើង​ពន្ធ​លើ​ការនាំចេញ​របស់​ចិន​កាលពី​សប្តាហ៍​មុន​។​

​លោក​បាន​បន្ថែមថា “​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​កសិករ​ដ៏​អស្ចារ្យ​របស់​យើង និង​រូបខ្ញុំ​!”​។​

​បន្ទាប់ពី​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ជាច្រើន​ខែ សហរដ្ឋអាមេរិក​និង​ចិន​បាន​យល់ព្រម​ផ្អាក​សង្គ្រាម​ពន្ធ​រយៈពេល ៩០ ថ្ងៃ​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​របស់​ពួកគេ​។ ការផ្អាក​នោះ​គ្រោង​នឹង​ចប់​ត្រឹម​ថ្ងៃ​សុក្រ​ទី​១​មីនា ប៉ុន្តែ​លោក​ត្រាំ​នៅ​ទីបំផុត​បាន​លុបចោល​នូវ​ឱសានវាទ​ក្នុងការ​ដំឡើង​ពន្ធ​បន្ថែម ព្រោះតែ​ពេញចិត្ត​នឹង​ការរីកចម្រើន​ដែល​បាន​ធ្វើឡើង​នៅក្នុង​កិច្ចចរចា​ជាច្រើន​នៅ​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​។​

​មន្ត្រី​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៅ​សេត​វិមាន​លោក​ឡា​រី ឃូ​ដ​ឡូ​វ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្រទេស​ទាំងពីរ​កំពុង​ជិត​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម “​ជា​ប្រវត្តិសាស្ត្រ​” ។ កិច្ចប្រជុំ​មួយ​រវាង​លោក​ត្រាំ​និង​លោក​ស៊ី ជីន​ពីង​ក៏​រំពឹង​ធ្វើ​នៅ​ខែ​នេះ​ផងដែរ​។​

​បន្ទាប់ពី​ជុំ​ចុងក្រោយ​បំផុត​នៃ​កិច្ចចរចា​កាលពី​ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​អាមេរិក​លោក​សូន​នី ភើ​ឌូ បានសរសេរថា ចិន​បាន​ប្តេជ្ញាចិត្ត​ទិញ “​សណ្តែកសៀង ១០ លាន​តោន​បន្ថែម​” ដើម្បី​ជា “​ការបង្ហាញ​ការជឿជាក់​ដ៏​ល្អ​”​។​

​កសិករ​អាមេរិក​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​របៀបនេះ​ជាមួយ​ប្រទេស​ចិន​។ នៅ​ឆ្នាំ ២០១៧ ប្រហែល ១ ភាគ ៣ នៃ​ផលិតកម្ម​សណ្តែកសៀង​អាមេរិក​ដែលមាន​តម្លៃ ១៤ ពាន់​លាន​ដុល្លារ​ត្រូវបាន​នាំចេញ​នៅ​ទីនោះ កន្លែង​ដែល​សៀង​ត្រូវបាន​ប្រើ​ដើម្បី​ចិញ្ចឹម​ជ្រូក​។​

​ការនាំចេញ​ទាំងនោះ​បាន​ធ្លាក់ចុះ​កាលពី​រដូវក្តៅ​ឆ្នាំមុន​នៅពេល​ចិន​បាន​វាយ​ពន្ធ​លើ​សណ្ដែកសៀង​អាមេរិក​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​។​

​មុននេះ​នៅក្នុង​កាយវិការ​សុច្ឆន្ទៈ នៅពេល​ចាប់ផ្ដើម​នៃ​ការផ្អាក​សង្គ្រាម​ពន្ធ​របស់​ប្រទេស​ទាំងពីរ ចិន​ក្នុង​ខែធ្នូ​បាន​បន្ត​ទិញ​សណ្តែកសៀង​អាមេរិក​។​

​ប៉ុន្តែ​ពន្ធគយ​របស់​ចិន​បាន​ប៉ះពាល់​ខ្លាំង​ដល់​តំបន់កសិកម្ម​របស់​អា​មេ​រិ​ក កន្លែង​ដែល​លោក​ត្រាំ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោក​ស៊ី​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​ខែមីនា​នេះ