ត្រាំ​ឈាន​ជើង​ចូល​ព្រំដែន​កូរ៉េខាងជើង ក្នុងជំនួប​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​គីម ជុង​អ៊ុន​

1027
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​ឆ្លង​ចូល​ទៅ​ខាង​កូរ៉េ​ខាងជើង​មួយ​ភ្លែត​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា បន្ទាប់​ពី​ចាប់រ​លាក់​ដៃ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​​នៅ​ភូមិ​ជាប់​ព្រំដែន ប៉ាន​មុន​ចម ដែល​ធ្វើអោយ​លោក​ក្លាយជា​ប្រធានាធិបតី​អាម៉េរិក​លើកដំបូង​ដែល​ឈាន​ជើង​ជាន់​កូរ៉េខាងជើង​។​

​ជំនួប​រយៈពេល​ខ្លី​តែ​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​កើត​ឡើង​នៅក្នុង​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ​កាលពី​ថ្ងៃ​៣០​មិថុនា​។​

​ឈរ​នៅ​ទាំងសងខាង​នៃ​ខ្សែ​បន្ទាត់​ព្រំដែន​យោធា​(MDL) ដែល​សំគាល់​ដោយ​ដុំ​ថ្ម​បេតុង​ទាប​មួយ​ជួរ លោក​ត្រាំ​និង​លោក​គីម​បាន​ស្វាគមន៍​គ្នា​និង​បាន​ធ្វើការ​ចាប់​ដៃ​ជា​ប្រវត្តិ​​សាស្ត្រ​។​លោក​ត្រាំ​បន្ទាប់​មក​ឆ្លង​ខ្សែបន្ទាត់​MDL​ចូល​ទៅ​ខាង​កូរ៉េ​ខាងជើង​នៃ​ភូមិ​ប៉ាន​មុន​ចម​។​មេដឹកនាំ​ទាំង​ពីរ​បាន​ចាប់ដៃ​គ្នា​ជា​ថ្មី និង​បាន​ថតរូប​មុន​ឆ្លង​ខ្សែបន្ទាត់​ជាថ្មី​​មក​ខាង​កូរ៉េខាងត្បូង​។​

​ពួកគេ​បាន​និយាយ​ជាមួយ​អ្នកយក​ព័ត៌មាន​មួយ​រយៈពេល​ខ្លី មុន​ចូល​ក្នុង​អាគារ​មួយ​សំរាប់​សន្និសីទកាសែត​។​

​ត្រាំ​បាន​និយាយថា «​ការឈាន​ជើង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​នេះ​ជា​កិត្តិយស​ខ្លាំងណាស់ ជា​ការធ្វើអោយ​មាន​ការ​រីកចំរើន​និង​មិត្តភាព​ខ្លាំងណាស់ ហើយ​នេះ​ជា​មហា​មិត្តភាព​មួយ​»​។​

​ចំណែក​លោក​គីម តាមរយៈ​អ្នកបកប្រែ បាន​និយាយថា​« វា​ជា​សេចក្តី​ក្លា​ហា​និង​ការតាំង​ចិត្ត​ណាស់​មួយ​»​។​

​សូមបញ្ជាក់​ថា លោក​គីម ខ្លួនឯង​បាន​ឆ្លង​MDL​កាលពី​ខែ​មេសា​ឆ្នាំ​មុន​ដើម្បី​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ជែ​អ៊ិន និង​បាន​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​លើក​ដំ​​បូ​ង​ដែល​បាន​ឈាន​រំលង​ខ្សែ​បន្ទាត់​នេះ​ចាប់តាំងពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៥៣​។​

​លោក​គីម បាន​និយាយថា វា​ជា​កិត្តិយស​ណាស់ បើ​លោក​ត្រាំ​ទៅ​ទស្សនកិច្ច​ទីក្រុង​ព្យុង​យ៉ាង ។​លោក​ត្រាំ ក៏​ស្វាគមន៍​ទំនាក់ទំនង​ជាមួយ​លោក​គីម និង​បាន​អញ្ជើញ​លោក​អោយ​​ទៅធ្វើ​ទស្សនកិច្ច​សេត​វិមាន​។​

​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្រោយ​ជំនួប លោក​ត្រាំ​បាន​និយាយថា «​យើង​នឹង​មាន​ក្រុមការងារ​ដែល​នឹង​ជួបប្រជុំ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ហើយ​យើង​នឹង​ចាប់ផ្តើម​ដំណើរការ​មួយ យើង​នឹង​ឃើញ​អ្វី​នឹង​កើតឡើង​»​។​

​ដោ​យាន​ពណ៌នា​សំណើ​របស់​ត្រាំ​សំរាប់​ជំនួប​នៅ​ថ្ងៃអាទិត្យ​នេះ ថា​មាន​ប្រកប​ដោយ​ប្រឌិត​ញ្ញាណ​និង​ក្លាហាន ប្រធានា​មូន​របស់​កូរ៉េ​ខាងត្បូ​ង បាន​ប្រាប់​សារព័ត៌មាន​ថា​«​ឆ្លងកាត់​​ជំនួប​នា​ថ្ងៃនេះ យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដើម្បី​សំរេច​បាន​ការរំសាយ​នុយគ្លេអ៊ែរ​និង​សន្តិភាព​ជា​អចិន្ត្រៃយ៍​។​ខ្ញុំ​ជឿថា​យើង​អាច​ជម្នះ​ឧបសគ្គ​ធំ​មួយ​ហើយ​នេះ​តំណាងអោយ​​ក្តីសង្ឃឹម​ធំ​មួយ​សំរាប់​ប្រជាជន​កូរ៉េ​និង​ប្រជាជន​ទូទាំង​ពិភពលោក​។​ខ្ញុំ​ជឿថា​វា​ជា​ការរីកចំរើន​សំខាន់​មួយ ដែល​អាម៉េរិក​និង​កូរ៉េ​ខាងជើង​បាន​ព្រមព្រៀង​បង្កើត​ក្រុមការងារ​​និង​ធ្វើការ​ចរចា​ថ្នាក់​ការងារ​នៅ​អនាគត​ដ៏​ខ្លី​ខាងមុខ​..»​។​

​មុន​ន​នេះ​ក្នុង​ថ្ងៃអាទិត្យ លោក​ត្រាំ​បាន​ទៅ​ទស្សនា​ប៉ុស្តិ៍​សង្កេតការណ៍​មួយ​នៅ​តំបន់​គ្មាន​កងទ័ព ដែល​អាច​មើលឃើញ​កូរ៉េ​ខា​ជើង​ច្បាស់​មុនពេល​លោក​ធ្វើដំណើរ​ទៅកាន់​ភូមិ​​ប៉ាន​មុន​ចម​៕​ដោយ​៖​វាសនា​​