ត្រាំ​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​អាច​នឹង​ចុះហត្ថលេខា​នៅ​ខែវិច្ឆិកា​

147
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា​បាន​និយាយថា​វឌ្ឍនភាព​ក្នុងការ​សរសេរ​អត្ថបទ​នៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​មួយផ្នែក​ជាមួយ​ចិន​មានន័យថា​គាត់​ទំនងជា​នឹង​អាច​ចុះហត្ថលេខា​លើ​វា​នៅ​ខែក្រោយ​។​

​លោក​ត្រាំ​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ឱកាស​ដែល​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ខ្នាតតូច​មួយ ដែល​លោក​បានប្រកាស​នៅ​ដើមខែ​នេះ ដែលជា​សញ្ញា​នៃ​ការ​ថមថយ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​បំផ្លិចបំផ្លាញ​របស់​ប្រទេស​ទាំងពីរ​។​

​លោក​ត្រាំ​បាន​និយាយ​នៅឯ​សេត​វិមាន​ថា “​យើង​គិតថា​យើង​នឹង​អាច​ចុះហត្ថលេខា​លើ​ឯកសារ​ពេញលេញ​មួយ​ជាមួយ​ចិន​នៅ​ដំណាក់កាល​ទី ១”​។​

​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ​បាន​និយាយថា កិច្ចប្រឹងប្រែង​ក្នុងការ​ប្តេជ្ញាចិត្ត​លើ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ចុះហត្ថលេខា​នៅមុន​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​ស៊ី​លី​នៅ​ខែក្រោយ​គឺ​កំពុង “​ដំណើរការ​រលូន​” ទោះបី​មានការ​ងារ​មួយចំនួនទៀត​ត្រូវធ្វើ​ក៏ដោយ​។​

​លោក​ឡៃ​ធី​ស​ហ្ស័​រ​បាន​ប្រា​ប់លោក​ត្រាំ​ថា “​គោលដៅ​របស់​យើង​គឺ​ត្រូវ​សម្រេច​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ ឱ្យទាន់ពេល​លោក​ទៅ​ប្រទេស​ស៊ី​លី​”​។​

​លោក​ត្រាំ​និយាយថា​លោក​រំពឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយផ្នែក​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៅពេល​លោក​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជិន​ពីង​។​

​ខណៈ​ព័ត៌មាន​លម្អិត​មិនទាន់មាន​នៅឡើយ កិច្ចព្រមព្រៀង​ថ្មី​ខ្នាតតូច​នេះ​រួមបញ្ចូល​ការកើនឡើង​នៃ​ការទិញ​កសិផល​អាម៉េរិក​ពី​សំណាក់​ចិន​ហើយក៏​គ្របដណ្តប់​លើ​កម្មសិទ្ធិបញ្ញា សេវាកម្ម​ហិរញ្ញវត្ថុ និង ការផ្លាស់ប្តូរ​រូបិយប័ណ្ណ​ផងដែរ​។​

​លោក​ត្រាំ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចិន “​បានចាប់ផ្តើម​ទិញ​ហើយ​”​។​

​ចិន​បានកត់សម្គាល់​នូវ​ចំណុច​វិជ្ជមាន​មួយ​នៅក្នុង​វេទិកា​ការពារជាតិ​ដែល​រៀបចំឡើង​នៅ​ទីក្រុង​ប៉េកាំង ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​និយាយថា ពួកគេ​ចង់បាន “​ទំនាក់ទំនង​ចិន​-​អាម៉េរិក ផ្អែកលើ​ការសម្របសម្រួល​កិច្ចសហប្រតិបត្តិការ​និង​ស្ថិរភាព​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ