ត្រាំ​ ថា​តែងតែ​មានឱកាស​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់ តែ​គាត់​សុខចិត្ត​ឈ្លោះ​គ្នា​ដោយ​ពាក្យសម្តី​ល្អ​ជាង​

533
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​តែងតែ​មានឱកាស​ជានិច្ច​” ដែល​អាម៉េរិក​ចាត់វិធានការ​យោធា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​គាត់​សុខចិត្ត​ប៉ះគ្នា​ដោយ​សម្តី​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​ លោកហាស​សាន់ រូ​សានី ល្អ​ជាង​។​

​នៅពេល​សួរ​អំពី​ការរំពឹងទុក​នៃ​ការប៉ះទង្គិច​នៅក្នុង​បទសម្ភាសន៍​មួយ​នៅក្នុង​កម្មវិធី Good Morning Britain របស់​ទូរទស្សន៍ ITV លោក​ត្រាំ​ បាន​និយាយថា “​ខ្ញុំ​មិន​ចង់ (​សង្គ្រាម​) បានទេ ប៉ុន្តែ​តែងតែ​មានឱកាស​ជានិច្ច​។ ខ្ញុំ​សុខចិត្ត​ចរចា​ល្អ​ជាង​”​។​

​ការលើកឡើង​របស់​ត្រាំ ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​លោក​ត្រាំ​បាន​បន្ទោស​សាធារណរដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់​ចំពោះ​អំពើហិង្សា​នាពេល​ថ្មីៗ​នេះ​នៅ​មជ្ឈិមបូព៌ា​និង​បាន​បញ្ជា​ឱ្យ​ទាហាន​អាម៉េរិក​ចំនួន ១.៥០០ នាក់​ចូលមកក្នុង​តំបន់​មជ្ឈិមបូព៌ា​កាលពី​ខែ​មុន​។​

​ការដាក់​ពង្រាយ​ទាហាន​ទ្រង់ទ្រាយ​តូច​នេះ​បាន​បង្ហាញថា រដ្ឋបាល​ត្រាំ​ចង់​បញ្ចៀស​ការព្រួយបារម្ភ​អំពី​សង្គ្រាម​មួយទៀត ទោះបីជា​លោក​ប្រធានាធិបតី​បានបញ្ជាក់​យ៉ាងច្បាស់​ថា​សង្គ្រាម​នៅ​មិនទាន់​ដកចេញ​ពី​តុ​ទាំងស្រុង​ក៏ដោយ​។​

​លោក​ត្រាំ​បាន​និយាយថា “​ពិតណាស់​” លោក​មាន​ឆន្ទៈ​ចរចា​ជាមួយ​លោក​រូ​ហា​នី ដោយ​ចង្អុល​បង្ហាញថា ប្រធានាធិបតី​អ៊ីរ៉ង់​បាន​និយាយ​ដោយ​ខ្លួនឯង​ថា គាត់​មិន​ចង់​ស្វែងរក​ជម្លោះ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ទេ​។​

​លោក​ត្រាំ​បាន​មានប្រសាសន៍ថា “​រឿង​តែមួយគត់​នោះ​គឺ យើង​មិន​អាចឱ្យ​ពួកគេ​មាន​អាវុធ​នុយក្លេអ៊ែរ​បានឡើយ​”​។​

​មន្ត្រី​មន្ទីរ​បញ្ច​កោណ​ជឿថា​ អ៊ីរ៉ង់​គឺជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ទៅលើ​នាវា​ដឹក​ប្រេង បំពង់​បង្ហូរ​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​បរិវេណ​ការទូត​នៃ​តំបន់​បៃតង​នៅ​ទីក្រុង​បា​ដា​ដ ទោះបីជា​សហរដ្ឋ​អាម៉េរិក​មិនបាន​បោះពុម្ពផ្សាយ​ភស្តុតាង​សម្រាប់​ការអះអាង​នេះ​ក៏ដោយ​។​

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ លោក​អា​ឌែ​ល អាល់​ជូ​បៀ បាន​និយាយ​កាលពី​ខែ​មុន​ថា អារ៉ាប់​រួម​អេ​មី​រ៉ា​ត​និង​បណ្តា​ប្រទេស​ដទៃទៀត​កំពុង​ស៊ើបអង្កេត​ការវាយប្រហារ​លើ​នាវា​ទាំងនោះ​៕ ដោយ៖ កញ្ញាដាលីស/Ha

បាតុករ​ដុត​ទង់ជាតិ​អាម៉េរិក​នៅ​ទីក្រុង​តេ​ហេ​រ៉ង់ កាលពី​ថ្ងៃទី​១០ ឧសភា​កន្លងទៅ