ត្រាំ​ថា​ទីភ្នាក់ងារ​របស់​អាម៉េរិក​នឹង​ចាប់ផ្តើម​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់លាន​នាក់​នៅ​សប្តាហ៍​ក្រោយ​

362
ចែករម្លែក

ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី ១៧ មិថុនា​ថា សប្តាហ៍​ក្រោយ​អាជ្ញាធរ​អាម៉េរិក​នឹង​ចាប់ផ្តើម​បណ្តេញ​ជនអន្តោប្រវេសន៍​រាប់លាន​នាក់ ដែល​កំពុង​រស់នៅក្នុង​សហរដ្ឋ​អាម៉េរិក​ដោយ​ខុសច្បាប់​។​

​លោក​ត្រាំ​បាន​និយាយ​លើ Twitter ថា “​សប្តាហ៍​ក្រោយ ICE (​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​គយ​) នឹង​ចាប់ផ្តើម​ដំណើរការ​បណ្តេញ​ជនបរទេស​រាប់លាន​នាក់ ដែល​ចូលមក​សហរដ្ឋ​អាម៉េរិក​ដោយ​ខុសច្បាប់​។ ពួកគេ​នឹងត្រូវ​បណ្តេញចេញ​ឱ្យបាន​ឆាប់​ដូចដែល​ពួកគេ​ចូលមក​ដែរ​”​។ លោក​ត្រាំ​មិនបាន​ផ្តល់ព័ត៌មាន​ឱ្យ​ច្បាស់លាស់​លើសពីនេះ​ទេ​។​

​មាន​ជនអន្តោប្រវេសន៍​ប្រមាណ ១២ លាន​នាក់​កំពុង​រស់នៅក្នុង​សហរដ្ឋ​អាម៉េរិក​ដោយ​ខុសច្បាប់ ភាគច្រើន​គឺ​មកពី​ម៉ិ​ក​ស៊ិ​ក​និង​អាម៉េរិក​កណ្តាល​។​

​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​បានសម្រេច​នៅ​ដើមខែ​នេះ​ម៉ិ​ក​ស៊ិ​កបាន​យល់ព្រម​ទទួលយក​ជនអន្តោប្រវេសន៍​អាម៉េរិក​កណ្តាល​ដែល​កំពុង​ស្វែងរក​ការ​ជ្រកកោន​នៅ​សហរដ្ឋ​អាម៉េរិក​រហូត​ដល់ករ​ណី​របស់​ពួកគេ​ត្រូវ​បានចេញ​សាលក្រម​នៅក្នុង​តុលាការ​អាម៉េរិក​។​

​កិច្ចព្រមព្រៀង​ដែល​រួមបញ្ចូល​ទាំង​ការឱ្យ​ម៉ិ​ក​ស៊ិ​ក​សន្យា​ដាក់ពង្រាយ​កង​ឆ្មាំ​ជាតិ​ដើម្បី​បញ្ឈប់​ជនអន្តោប្រវេសន៍​អាម៉េរិក​កណ្តាល​កុំឱ្យ​ឆ្លង​ចូល​ព្រំដែន​អាម៉េរិក បាន​ជួយ​បញ្ចៀស​ការគំរាមកំហែង​របស់លោក​ត្រាំ​ដើម្បី​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ម៉ិ​ក​ស៊ិ​ក​។​

​លោក​ត្រាំ​ក៏បាន​និយាយ​នៅក្នុង Twitter ផងដែរ​ថា ប្រទេស​ក្វា​តេ​ម៉ា​ឡា “​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សុ​វ​តិ្ថ​ភាព​ទី​៣”​។ អនុ​ប្រធានាធិបតី​អាម៉េរិក​លោក​ម៉ៃ ផេ​ន​បានស្នើ​កាលពី​សប្ដាហ៍​មុន​ឱ្យ​ក្វា​តេ​ម៉ា​ឡា​ទទួលយក​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ពី​បណ្តា​ប្រទេសជិតខាង​របស់ខ្លួន​ក្នុងនាម​ជា​ប្រទេស​ទី​៣​ដែលមាន​សុវត្ថិភាព​។​

​សេចក្តីលម្អិត​នៃ​ផែនការ​នេះ​មិនទាន់​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​ហើយ​ក្វា​តេ​ម៉ា​ឡា​មិនបាន​បញ្ជាក់​ពី​ការចរចា​ជា​សាធារណៈ​ដែល​ក្រសួងការបរទេស​អាម៉េរិក​និយាយថា​បាន​ប្រព្រឹត្តទៅ​នៅ​ក្វា​តេ​ម៉ា​ឡា​កាលពី​ថ្ងៃ​សុក្រ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ថា​អាម៉េរិក​នឹង​ចាប់ផ្តើម​បណ្តេញ​ជនអន្តោប្រវេសន៍​២​លាន​នាក់​នៅ​សប្តាហ៍​ក្រោយ