ត្រាំ​ថា​បញ្ឈប់​សមយុទ្ធ តែ​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​ថា​អត់​ទាន់​ទទួលបាន​ការណែនាំ​

213

កងកម្លាំង​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង មិនទាន់​ទទួលបាន​ការណែនាំ​ណាមួយ​អោយ​បញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​នៅឡើយ​ទេ នេះ​បើតាម​អ្នក​​នាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មិថុនា បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ចេញពី​កន្លែង​ជំនួប​កំពូល​នៅ​សិង្ហ​បុរី​ថា សមយុទ្ធ​នឹងត្រូវ​​បញ្ឈប់​ចំពេល​មានការ​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​។​

​វរសេនីយ៍ទោ ជេន​នី​ហ្វឺ ឡូ​វិត បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” កងកម្លាំង​អាមេរិក​នៅ​កូរ៉េខាងត្បូង​មិនទាន់​ទទួលបាន​ការណែនាំ​ថ្មី​ចុងក្រោយ​ជុំវិញ​ការផ្អាក​​ឬ​បញ្ឈប់​សមយុទ្ធ​យោធា​ទេ ដោយ​រួមទាំង​ការហ្វឹកហាត់​ឈ្មោះថា​Ulchi Freedom Guardian​នៅ​សរទរដូវ​ខាងមុខនេះ​ផង​។​ក្នុងការ​សម្របសម្រួល​ជាមួយ​ដៃគូ​សា​ធារ​​ណ​រដ្ឋ​កូរ៉េ​របស់​យើង យើង​នឹង​បន្ត​រក្សា​ស្ថានភាព​យោធា​បច្ចុប្បន្ន​របស់​យើង​រហូតដល់​ទទួលបាន​ការណែនាំ​ថ្មី​មកពី​ក្រសួងការពារជាតិ ឬ​បញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​”​។​

​អំពី​ការប្រកាស​របស់​ត្រាំ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វត្តមាន​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង​និង​សមយុទ្ធ​យោធា​រួមគ្នា​មាន​”​សារសំខាន់​​ណាស់​”​សំរាប់​សន្តិសុខ​អាស៊ី​ខាងកើត​។​

​រដ្ឋមន្ត្រី អ៊ិត​ស៊ូ​ណូ​រិ អូ​ណូ​ដេ​រ៉ា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​” យើង​ចង់អោយមាន​ការយោគយល់​គ្នា​មួយ​អំពី​រឿងនេះ រវាង​អាមេរិក ជប៉ុន​និង​កូរ៉េខាងត្បូង​”​។​

​លោក អូ​ណូ​ដេ​រ៉ា បាន​និយាយថា ជប៉ុន​នឹង​បន្តធ្វើ​សមយុទ្ធ​យោធា​រួមជាមួយ​អាមេរិក​ហើយនឹង​អនុវត្តតាម​ផែនការ​ដើម្បី​បង្កើន​សមត្ថភាព​យោធា​ទល់នឹង​ការវាយប្រហារ​​ដោយ​កាំជ្រួច​ផ្លោង​ដែល​អាច​កើតមាន​មកពី​កូរ៉េខាងជើង​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារ លោក​ត្រាំ​បាន​និយាយថា អាមេរិក​នឹង​បញ្ឈប់​សមយុទ្ធ​យោធា​ដ៏​បង្ករឿង​និង​ចំណាយ​ខ្ពស់ ជាមួយ​កូរ៉េខាងត្បូង ដើម្បី​បង្កលក្ខណៈ​ងាយ​​ស្រួល​ដល់​ការចរចា​អំពី​ការលុបបំបាត់​សព្វាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​។​

​អាមេរិក​និង​សម្ពន្ធមិត្ត​កូរ៉េខាងត្បូង​តែង​ធ្វើ​លំ​ហាត់​យោធា​ជាប្រចាំ​ដោយ​បង្ក​អោយ​កូរ៉េខាងជើង​ខឹង​រាល់​ឆ្នាំ​ដោយបាន​ចាត់ទុក​វា​ជាការ​ហាត់​ត្រៀម​សំរាប់​ចូល​ឈ្លា​ន​​ពាន​ខ្លួន​។​

​ក្នុង​សន្និសីទកាសែត​ក្រោយ​ជំនួប​កំពូល​ជាមួយ​គីម ជុង​អ៊ុន​នៅ​សិង្ហ​បុរី ត្រាំ​បាន​និយាយថា​”​សមយុទ្ធ​យោធា​អស់​លុយ​ច្រើនណាស់ យើង​ចំណាយ​ចំណែក​ភាគច្រើន​នៃ​លំ​ហាត់​យោធា​ប្រចាំ​ឆ្នាំនេះ ។​ក្នុង​កាលៈទេសៈ​ដែល​យើង​កំពុង​ចរចា​គ្នា​…​ខ្ញុំ​គិតថា​វា​មិន​សមស្រប​ទេ​ដែលមាន​សមយុទ្ធ​យោធា​”​។​

​ជា​ប្រតិកម្ម​នឹង​ការលើកឡើង​របស់​ត្រាំ ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​ត្រូវការ​ការបញ្ជាក់​អំពី​ចេតនា​របស់​ត្រាំ​។​អ្នកនាំពាក្យ​របស់​វិមាន​ខៀវ​​បាន​និយាយថា​”​នៅ​ចំណុច​នេះ យើង​ត្រូវការ​ការបញ្ជាក់​ច្បាស់​ពី​អត្ថន័យ​និង​ចេតនា​នៃ​សម្តី​របស់លោក​ដូ​ណា​ល់ ត្រាំ​”៕​ដោយ​៖​វាសនា​

​យន្តហោះ F-22 Raptor​របស់​អាមេរិក​ចុះ​នៅ​មូលដ្ឋានទ័ព​មួយ​នៅ​កូរ៉េខាងត្បូង​