ត្រាំ​ថា ការវាយប្រហារ​អ៊ីរ៉ង់​មិនចាំបាច់​ឆ្លងកាត់​សភា នៅពេល​កងកម្លាំង​ប្រតិកម្ម​រហ័ស​អាម៉េរិក​ទៅដល់​ឯនាយ​ឆ្នេរ​អ៊ីរ៉ង់​

362
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ក្នុងអំឡុងពេល​សម្ភាស​ន៍​មួយ​កាលពីម្សិ​មិញ បាន​និយាយថា​លោក​មិន​ចាំបាច់​ការយល់ព្រម​ពី​សភា​ទេ​ចំពោះ​ការចាប់ផ្តើម​វាយប្រហារ​​ណា​មួយ​លើ​អ៊ីរ៉ង់​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា​នៅពេល​ត្រូវបាន​អ្នកកាសែត​The Hill​សួរ ថា​តើ​លោក​ជឿថា​លោក​មាន​អំណាច​បញ្ជា​វាយប្រហារ​អ៊ីរ៉ង់​ដោយ​មិន​ចាំបាច់​ការអនុម័ត​ពី​សភា​ដែរ​ឬទេ​ លោក​ត្រាំ​បាន​តប​ថា​«​ខ្ញុំ​មាន​។​យើង​តែងតែ​អោយ​សភា​ដឹង​អ្វី​ដែល​យើង​ធ្វើ​…​តែ​ខ្ញុំ​មិន​ត្រូវ​តែ​ធ្វើ​វា​ដោយ​ស្របច្បាប់​»​។​

​សូមបញ្ជាក់​ថា ពួក​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​អាម៉េរិក​បានទាមទារ​អោយ​ត្រាំ​សុំ​ការអនុញ្ញាត​ពី​សភា មុន​ធ្វើការ​វាយប្រហារ​លើ​អ៊ីរ៉ង់ ឬ​ប្រទេស​ណា​ផ្សេង​។​

​ត្រាំ កាលពី​សប្តាហ៍​មុន​បាន​និយាយថា​លោក​បាន​បញ្ជា​អោយ​ផ្អាក​ការវាយប្រហារ​អ៊ីរ៉ង់​នៅ​១០​នាទី​មុន​ការវាយប្រហារ​ចាប់ផ្តើម ដោយសារតែ​មនុស្ស​១៥០​នាក់​អាច​ស្លាប់​ពី​ការ​វាយ​​ប្រហារ​នោះ​ដែល​វា​មិន​សម​ស្រប​ចំពោះ​ការធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក​មួយ​។​

​ទោះ​ជា​ប្រធានាធិបតី​អាម៉េរិក​បាន​បញ្ជា​កុំអោយ​វាយប្រហារ​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន និង​អះអាងថា​អាម៉េរិក​មិន​ស្វះស្វែង​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ក្តី តែ​អាម៉េរិក​បន្ត​ដាក់​សម្ពាធ​​និង​មន្ត្រី​ការទូត​រួម​ទាំង​យោធា​អាម៉េរិក​កំពុង​ទស្សនកិច្ច​តំបន់​ដើម្បី​ពង្រឹង​ការគាំទ្រ​និង​ត្រៀមកម្លាំង​ក្នុងចំណោម​សម្ពន្ធមិត្ត​ក្នុង​តំបន់​។​

​ក្នុងពេល​ជាមួយគ្នា កងឯកភាព​ទ័ព​ប្រតិកម្ម​រហ័ស​នៃ​កងទ័ព​ម៉ា​រី​នទី​១១ ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ Boxer​បាន​ទៅ​ដល់​ឯនាយ​ឆ្នេរ​អ៊ីរ៉ង់​។​ក្រុម​នាវា​នេះ​រួម​មាន​នាវា​ដឹក​​ជញ្ជូន​USS John P. Murtha​និង​នាវា​បុក​ឡើងគោក​USS Harpers Ferry​។​

​នៅពេល​នាវា​ទាំងបី ផ្ទុក​ទៅដោយ​យានយន្ត​យោធា​និង​ទាហាន​ម៉ា​រី​ន នាវា​Boxer​ក៏​ជា​នាវា​ផ្ទុក​យន្តហោះ​ប្រភេទ​ផ្សេងៗ​បាន​២០​គ្រឿង​រួមទាំង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​និង​យន្ត​​ហោះ​AV-8B Harrier II​ដែល​អាច​បាញ់​កាំជ្រួច​ប្រឆាំង​នាវា​ធុន​Sea Sparrow ។​

​អនុ​សេនីយ៍ ប្រ៊ែត អា​ធឺ ដែល​បញ្ជា​ក្រុម​ទ័ពអាកាស​នៃ​នាវា​Boxer​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទាហាន​របស់​លោក​បាន​ត្រៀម​ខ្លួន​ឆ្លើយតប​ចំពោះ​វិបត្តិ​ណា​​មួយ​នៅ​ទូ​ទាំង​រង្វង់​ប្រតិបត្តិការ ដែល​រួមមាន​ទាំង​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​។​

​ក្រុម​ប្រយុទ្ធ​របស់​នាវា Boxer ឥឡូវ​ចូលរួម​ជាមួយ​ក្រុម​នាវា​USS Abraham Lincoln ជា​នាវា​ផ្ទុក​យន្តហោះ​ធំ​ជាង​ដែល​បាន​ទៅ​ដល់​តំបន់​នេះ​កាលពី​ខែ​មុន ជាមួយ​នាវា​បុក​​ច្រាំង​ឡើងគោក​USS San Antonio និង​នាវាចម្បាំង​ជាច្រើន​ទៀត​ដែល​អាច​មាន​សមត្ថភាព​វាយប្រហារ​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​អ៊ីរ៉ង់​៕ដោយ៖វាសនា

​ក្រុម​នាវា​Boxer ជា​កម្លាំង​បន្ថែម​លើ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​USS Abraham Lincoln ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ឈូង​សមុទ្រ​កាលពី​ខែ​មុន​ដើម្បី​រារាំង​ការ​វាយ​​ប្រហារ​ណាមួយ​ពី​អ៊ីរ៉ង់​លើ​កងកម្លាំអា​ម៉េ​រិកនៅក្នុង​តំបន់​