ត្រាំ​ថា លោក​នៅតែ​មាន​ជំនឿ​ចិត្ត​លើ​គីម​កូរ៉េខាងជើង​

539
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​ទី​២៦​ឧសភា​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា លោក​បាន​ជំនឿ​លើ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​​ទោះជា​កាលពី​ពេល​ថ្មីៗ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​សាកល្បង​សព្វាវុធ ហើយ​កិច្ចពិភាក្សា​រំសាយ​ចោល​នុយក្លេអ៊ែរ​កំពុង​ជាប់​គាំង​ក្តី​។​

​ត្រាំ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ជប៉ុន​ដើម្បី​ធ្វើអោយ​ប្រសើរឡើង​ទំនាក់ទំនង​ជាមួយ​សម្ពន្ធមិត្ត​អាស៊ីដ៏​ជិតដិ​តរបស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏បាន​លើកឡើង​ថា លោក​គីម​បាន​​បញ្ជូន​«​សញ្ញា​»​មួយ​មក​អោយ​លោក​តាមរយៈ​បទ​អត្ថាធិប្បាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ស្តីពី​លោកចូ បាយ​ដិន ដែល​បទ​អត្ថាធិប្បាយ​បាន​ហៅ​អតីត​អនុ​ប្រធានាធិបតី​​អាមេរិក​រូប​នេះ​ថា​«​មនុស្ស​ល្ងីល្ងើ​»​និង​«​មនុស្ស​បញ្ញា​អន់​»​ដែល​បាន​រិះគន់​លោក​គីម​។​

​ត្រាំ​បាន​សរសេរ​បង្ហោះ​ថា​« កូរ៉េ​ខាងជើង​បាន​បាញ់​ចេញ​សព្វាវុធ​តូចៗ​ខ្លះ ដែល​រំខាន​មនុស្ស​ខ្លះ តែ​មិនមែន​រូបខ្ញុំ​ទេ​»​។​

​តែ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ត្រាំ​ជាន់​ទឹកដី​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍ ទីប្រឹក្សា​សន្តិសុខ​ដែល​និយម​សង្គ្រាម​របស់លោក គឺ​លោក​ច​ន បុល​ថុន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​«​វា​គ្មានអ្វី​​ត្រូវ​សង្ស័យ​»​ទៀត​ទេ ការសាកល្បង​កាំជ្រួច​កាលពី​ពេល​ថ្មីៗ​របស់​កូរ៉េ​ខាងជើង បាន​រំលោភ​លើ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ តែ​លោក​បន្ត​​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​ខ្លួន​បន្ត​ការពិភាក្សា​។​

​កូរ៉េខាងជើង​ជា​របៀបវារៈ​កំពូល​មួយ​ក្នុងចំណោម​បញ្ហា​ដែល​ត្រាំ​នឹង​លើក​មក​និយាយ​ក្នុងជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ​៕​ដោយ​៖​វាសនា​

​ត្រាំបាន​និយាយថា​លោក​មាន​ជំនឿ​លើ​លោក​ប្រធាន​គីម ថា​នឹង​«​រក្សា​ការសន្យា​ចំពោះ​ខ្ញុំ​»

#