ត្រាំ​ថា អន្តរាគមន៍​យោធា​នៅវេ​ណេ​ស៊ុយអេ​ឡា​ជា​«​ជំរើស​មួយ​» តែ​រុស្ស៊ី​ព្រមាន​

580
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា​អន្តរាគមន៍​យោធា​នៅវេ​ណេ​ស៊ុយអេ​ឡា​គឺជា​«​ជំរើស​មួយ​» ចំ​ពេល​ប្រជាជាតិ​លោកខាងលិច​បង្កើន​សម្ពាធ​លើ​មេដឹកនាំ​​សង្គមនិយម​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ អោយ​ចុះចេញ​ពី​អំណាច ហើយ​សម្ពន្ធមិត្ត​របស់វេ​ណេ​ស៊ុយអេ​ឡា គឺ​រុស្ស៊ី ព្រមាន​អំពី​«​ការ​លូកដៃ​ដ៏​អន្តរាយ​»​។​

ត្រាំថា ជំរើសយោធានៅវេណេស៊ុយអេឡាស្ថិតនៅលើតុ

អាមេរិក កាណាដា និង​ប្រទេស​នៅ​អាមេរិក​ឡាទីន​ជាច្រើន មិន​ទទួលស្គាល់​លោក​ម៉ា​ឌូ​រ៉ូ ដោយសារ​តែ​ការជាប់ឆ្នោត​ជាថ្មី​ដែល​មាន​បញ្ហា​របស់​លោក កាលពី​ឆ្នាំមុន និង​បាន​​ទទួលស្គាល់​ប្រធានាធិបតី​ប្រកាស​ដោយ​ខ្លួនឯង លោក​ហ្ស័ន ក្វាយ​ដូ ថា​ជា​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​ជា​សមាជិក​អង្គការ​នាំចេញ​ប្រេង​មួយ​នេះ​។​

​ក្នុង​កិច្ចសម្ភាសន៍​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​សារព័ត៌មាន​CBS លោក​ត្រាំ​បាន​និយាយថា អន្តរាគមន៍​យោធា​អាមេរិក​ស្ថិតក្រោម​ការពិចារណា​។​

​ដោយ​បាន​បញ្ចេញ​អោយដឹងថា ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ បាន​សុំ​ជួបប្រជុំ​កាល​ពី​មួយ​ខែ​មុន លោក​ត្រាំ​បាន​និយាយ​ដូច្នេះ​ថា​«​ពិតណាស់ វា​ជា​អ្វីមួយ​ដែល​ស្ថិតនៅ​លើ​តុ វា​ជា​ជំរើស​​មួយ​។​ខ្ញុំ​បាន​បដិសេធ​វា ដោយសារ​តែ​យើង​ស្ថិត​ក្នុង​ដំណើរការ​នេះ​យូរ​មក​ហើយ ដូច្នេះ​ខ្ញុំ​គិតថា​ដំណើរការ​នេះ​កំពុង​លេចចេញ​ជា​រូបរាង​»​។​

​រដ្ឋការ​ត្រាំ​កាលពី​សប្តាហ៍​មុន​បានប្រកាស​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​វេ​ណេ​ស៊ុយអេ​ឡា​PDVSA​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​របស់​ប្រទេស ដែល​កំពុង​ខ្វះ​ស្បៀង​និង​ថ្នាំ​​ពេទ្យ​មួយ​នេះ​។​

​លោក​ម៉ា​ឌូ​រ៉ូ នៅ​មាន​ការគាំទ្រ​ដ៏​សំខាន់​ពី​រុស្ស៊ី​និង​ចិន ព្រមទាំង​តួ​គគី ហើយ​សំខាន់​បំផុត​គឺ​ក្រុម​យោធា​របស់​ប្រទេស​។​

​រុស្ស៊ី ដែល​ជា​ម្ចាស់បំណុល​ដ៏​ធំ​របស់វេ​ណេ​ស៊ុយអេ​ឡា បាន​ប្រញាប់ប្រញាល់​អំពាវនាវ​អោយ​អត់ធ្មត់​។​អា​ឡិច​សង់ឌ័​រ សេ​ទី​នី​ន ប្រធាន​នាយកដ្ឋាន​អាមេរិក​ឡាទីន​នៅ​ក្រសួង​ការ​​បរទេស​រុស្ស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​Interfax​ថា​«​គោលដៅ​របស់​សហគម​ន៍​អន្តរជាតិ​គួរ​ជួយ​វេ​ណេ​ស៊ុយអេ​ឡា ដោយ​គ្មាន​ការជ្រៀតជ្រែក​ដ៏​អន្តរាយ​មក​ពី​ហួស​ព្រំ​​ដែន​ខ្លួន​»​។​

​បារាំង​និង​អូស្ត្រាលី​បាន​និយាយ​ហើយ​ថា​ពួកគេ​នឹង​ទទួល​ស្គាល់​លោក​ក្វាយ​ដូ បើ​លោក​ម៉ា​ឌូ​រ៉ូ​មិន​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ស​ហ​ភាព​អឺរ៉ុប​អោយ​វេ​ណេ​ស៊ុយអេ​ឡា រៀបចំ​​ធ្វើ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ត្រឹម​ថ្ងៃអាទិត្យ​៕​ដោយ​៖​វាសនា​